ភ្នំពេញ: មកដល់ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមកម្មករវាយនភណ្ឌខេត្តកំពង់ចាម ប្រមាណ ២.០០០ នាក់ បានបញ្ឈប់ការតវ៉ា ហើយរង់ចាំដល់ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១២ ទើបចូលធ្វើការឡើងវិញ។ ក្រុមកម្មករ បានធ្វើកូដកម្មតវ៉ាលើកបដា ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ និងបន្តរហូតដល់ផ្ទុះហិង្សាគប់ដុំថ្ម វាយបំបែកកញ្ចក់ បង្អួចទ្វាររបស់រោងចក្រកាត់ដេរ ព្រមទាំងបិទផ្លូវជាតិលេខ៧ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២។ ប៉ុន្តែមិនមានការប៉ះទង្គិចដោយហិង្សារវាងកម្មករ និងសមត្ថកិច្ចប៉ូលិសឡើយ។
កាលពីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ សហជីពកម្មកររបស់លោកជាមុនី បានជួបចរចាជាមួយមន្ត្រីក្រសួងការងារ មន្ទីរការងារខេត្តកំពង់ចាម និងអាជ្ញាធរសមត្ថកិច្ចខេត្តកំពង់ចាម។ ប៉ុន្តែកិច្ចប្រជុំចរចានោះមិនមានវត្តមានរបស់ថៅកែរោងចក្រកាត់ដេរ។
លោក ជាមុនី បានអះអាងថា ភាគីថៅកែរោងចក្រ បានព្រមព្រៀង ៨ ចំណុច ក្នុងចំណោម ១២ ចំណុច ដែលក្រុមកម្មករបានទាមទារពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ។ ក្រុមកម្មករប្រមាណ ២.០០០ នាក់ នឹងចូលធ្វើការជាធម្មតាឡើងវិញនៅថ្ងៃចន្ទខាងមុខ បន្ទាប់ពីធ្វើកូដកម្មចាប់តាំងពីថ្ងៃទី២០កុម្ភៈ។
លោក ជា មុនី បានឲ្យដឹងថា ថៅកែរោងចក្រ បានផ្ញើសារ SMS ចូលទូរស័ព្ទដៃរបស់លោក ដោយសម្រេចយល់ព្រមទទួលយក ៨ ចំណុច ក្នុងចំណោមការទាមទាររបស់កម្មករ ១២ ចំណុច។ ចំណែកចំណុចដែលនៅសេសសល់ សហជីពកម្មករ តំណាងក្រសួងការងារ ថៅកែរោងចក្រ ព្រមទាំងអាជ្ញាធរ នឹងជួបចរចាគ្នានៅពេលក្រោយ បន្ទាប់ពីកម្មករលែងមានកំហឹងនឹងថៅកែចិន ក្នុងរោងចក្រវាយនភណ្ឌ មេនហាតធេន នៅខេត្តកំពង់ចាមនោះ ៕
CEN
No comments:
Post a Comment
yes