សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 15, 2012

គណបក្សសិទ្ធិមនុស្ស អំពាវនាវឲ្យមានការផ្លាស់ប្ដូរមេដឹកនាំប្រទេស តាមរយៈការបោះឆ្នោត


ភ្នំពេញ: គណបក្ស​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១២ បានធ្វើ​សេចក្ដីអំពាវនាវ ដោយ​ទទូច ចំពោះ​អង្គការសហប្រជាជាតិ និង​ប្រទេស​ម្ចាស់ជំនួយ ដែលមាន​បំណង​ចង់​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចង់​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ពិត និង​ចង់​ឲ្យ​កម្ពុជាមាន​សន្តិភាព និង​ស្ថេរភាព សូមមេត្តា​ជួយ​ផ្តោត​ការយកចិត្តទុកដាក់​ជា​អាទិភាព ទៅលើ​ដំណើរការ​បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ឆ្នាំ​២០១២ និង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ដ្រ​ឆ្នាំ​២០១៣ នៅ​កម្ពុជា នាពេល​ខាងមុខនេះ​។​


​សេចក្ដីអំពាវនាវបាន​លើកឡើងថា គណបក្ស​សិទ្ធិមនុស្សយល់ឃើញថា ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ខាង មុខនេះ អាច​ប្រព្រឹត្តទៅបាន​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​បាន ជាការ​ចាំបាច់ ត្រូវ​ទាមទារ​ឲ្យ​៖

១. គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ឯករាជ្យ ដោយ​ត្រូវតែ​ផ្លាស់ប្ដូរ​សមាសភាព គ​.​ជ​.​ប​. បច្ចុប្បន្ន​ ដែល​មតិ​ជាតិ និង​អន្តរជាតិ​ដឹង​ច្បាស់​ថា សមាសភាព គ​.​ជ​.​ប​. បច្ចុប្បន្ន ​ភាគច្រើន ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា (បក្ស​កាន់អំណាច) ដែល​មិនអាច​ជឿទុកចិត្ត​បាន​ថា សមាសភាព​ទាំងនោះអាចបំពេញ​ការងារ​បោះ​ឆ្នោត ដោយ​ឯករាជ្យ អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌​បាន ឡើយ​។​

២. អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលជា​សមត្ថកិច្ច ចូលរួម​ក្នុង​ការរៀបចំ​ការបោះឆ្នោត​យ៉ាងសំខាន់ ដូចជា ការធ្វើ​អត្តសញ្ញាណប័ណ្ណ ការចុះឈ្មោះ​បោះឆ្នោត ការធានា​នូវ​បរិយាកាស​នយោបាយ​អ​ព្យា​ក្រឹត្យ ​ជាដើម មិនត្រូវ​រើសអើង ​ប្រកាន់​គណបក្ស មិនត្រូវ​គំរាមកំហែង​ទៅលើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឡើយ​។ សមត្ថកិច្ច​ទាំងនោះ ត្រូវបំពេញ​ការងារ​ម​ន្ត្រី​សាធារណៈ មិន​ត្រូវយក​តួនាទី​ជា​មន្ត្រី​សាធារណៈ ទៅ​បម្រើ​គណបក្សកាន់អំណាច​នោះឡើយ​។​

៣. គណបក្សកាន់អំណាច មិនត្រូវ​ប្រើប្រាស់​ស្ថាប័នរដ្ឋ មធ្យោបាយ​រដ្ឋ បុគ្គលិក​រដ្ឋ បណ្ដាញ​ផ្សព្វ ផ្សាយ​ រដ្ឋ ថវិកាជាតិ មុខតំណែង ឬ ​វេទិកា​របស់​រដ្ឋាភិបាល ដើម្បី​បម្រើ​ផលប្រយោជន៍​គណបក្ស​ខ្លួន ដោយ​វាយប្រហារ ​បំបែកបំបាក់ បំភិតបំភ័យ អូសទាញ ទិញដូរ​ប្រជាពលរដ្ឋ ឬ ​សកម្មជន​របស់​គណបក្ស​ផ្សេង ឲ្យ​គាំទ្រ​គណបក្ស​រប​ស់​ខ្លួន​។ ជាពិសេស​មិនត្រូវ​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន ទៅលើ​ប្រព័ន្ធតុលាការ ដើម្បី​គំរាមកំហែង ចោទប្រកាន់ ចាប់ខ្លួន ឬ​ ផ្ដន្ទាទោស​អ្នក​មិន​គាំទ្រ​គណបក្ស​ខ្លួន​ឡើយ​។​

​សេចក្ដីអំពាវនាវ​បាន​បន្តថា គណបក្ស​សិទ្ធិមនុស្សសង្កេតឃើញថា មកដល់​ដំណាក់​កាល​បច្ចុប្បន្ន នេះ ដែល​បញ្ហានយោបាយ សេដ្ឋកិច្ច និង​សង្គមកិច្ច​នៅ​កម្ពុជា ស្ថិតនៅ​ស្ថានភាព​មួយ​គួរ​ឲ្យ​ព្រួយ បារម្ភ​យ៉ាងខ្លាំង ​ដូចជា​៖ 

​ទីមួយ ​៖ ការ​កាន់អំណាច​ដ៏​យូរលង់ ​គ្មាន​កាលកំណត់​របស់​បុគ្គល​ម្នាក់ ការប្រមូលផ្ដុំ​អំណាច បក្ស ពួក និយម គ្រួសារនិយម ដែល​នាំ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ រអិល​ទៅរក​ឯក​បក្ស ការរំលោភ​សិទ្ធិមនុស្ស និង​អំណាច​ផ្ដាច់ការ​វិញ​។​

​ទី​ពីរ ៖ ការ​រាលដាល​នៃ​អំពើពុករលួយ ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ធ្វើ​ឲ្យ​មាន​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ នៅក្នុង​ប្រទេស​កម្ពុជា​កា​ន់​តែ​ធំ​ទៅៗ​។ ការ​បំ​ផ្លិចបំផ្លាញ​ធនធានធម្មជាតិ ទ្រព្យសម្បត្តិ​ជាតិ ការ​រឹបអូស​យក​ដីធ្លី ផ្ទះសម្បែង​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ពី​កសិករ​ទន់ខ្សោយ ​យកទៅ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ​ក្រោម​ស្លាក​អភិវឌ្ឍន៍ ដែល​ប្រជាពលរដ្ឋ​ទទួលរង​នូវ​ការឈឺចាប់ ដោយ​ការអភិវឌ្ឍ​ក្រោម​តំណក់ឈាម តំណក់ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់ទិសទី គ្មាន​ដំណោះ ស្រាយ​ដោយ​យុត្តិធម៌​។ ប្រាក់បៀវត្សរ៍​ដ៏​តិចតួច​របស់​មន្ត្រីរាជកា​រ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ បើ​ប្រៀបធៀប​ទៅនឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ ​ចេះតែ​ឡើងជា​បន្តបន្ទាប់ ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​ គ្មាន​សមត្ថភាព​ដោះស្រាយ​នោះឡើយ​។​

​ទី​បី ៖ យុវជន សិស្ស និស្សិត ជាពិសេស​កូនអ្នកក្រីក្រ ​ខ្វះ​ថវិកា​បន្ត​ការសិក្សា ចេញពី​សលា​អត់​ការ ធ្វើ​។ អ្នកក្រីក្រ​ខ្វះ​ថវិកា​ពិនិត្យ និង​ព្យាបាល​ជំងឺ ឈឺ​ដេក​ចាំតែ​ស្លាប់​យ៉ាង​វេទនា​៘​

​សេចក្ដីអំពាវនាវ​បន្ថែមថា យោងតាម​កត្តា​ដូច​បាន​រៀបរាប់​ខ្លះៗ​ខាងលើនេះ គណបក្ស​សិទ្ធិមនុស្ស សង្កេតឃើញថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​គិតគូរ​លើ​បញ្ហា​អនាគត​របស់​ប្រទេសជាតិ របស់​សង្គម​ខ្មែរ និង​របស់​ក្រុមគ្រួសារ​ខ្ឡួ​ន កាន់​តែមាន​ចំនួន​ច្រើន​ទៅៗ បាននិងកំពុង​អស់សង្ឃឹម​លើ​ការដឹកនាំ​របស់​មេដឹកនាំ និង​គណបក្សកាន់អំណាច​ដដែលៗ ដែល​កាន់អំណាច​គ្មាន​កំណត់ ​អស់​រយៈពេល ប្រមាណ​ ជា​បី​ទសវត្សរ៍​មកហើយ​នោះ​។ កំណើននៃ​ប្រជាពលរដ្ឋ​ដែល​អស់សង្ឃឹម គឺ​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​មេដឹកនាំ​រដ្ឋាភិបាល ដែល​សូម្បីតែ​ប្រទេស​កុម្មុយនីស្ដ​មួយចំនួន នៅក្នុង​ពិភពលោក ក៏​គេ​បាន​និង​កំ​ពូ​ង​ផ្លាស់ប្ដូរ​មេដឹកនាំ​ប្រទេស​របស់គេ​ដែរ​។ ក៏ប៉ុន្តែ​យើង​សង្កេតឃើញថា ចរន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចំពោះ​ការផ្លាស់ប្ដូរ​នោះ បាននិងកំពុង​លេចចេញ​នូវ​ទស្សនៈ​ផ្សេងៗ​គ្នា​ពីរ​៖

-
ទស្សនៈ​ទី​១ ៖ ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​តាមរយៈ​ការបោះឆ្នោត ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ដែល​អាច​ទទួលយកបាន​។​

-
ទស្សនៈ​ទី​២ ៖ ចង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដោយ​កម្លាំង​មហាជន មិនមែន​តាមរយៈ​ការបោះឆ្នោត​ទេ​។​

​សេចក្ដីអំពាវនាវ​រប​ស់​គណបក្ស​សិទ្ធិមនុស្ស​ដដែល បាន​លើកឡើងថា ប្រទេស​កម្ពុជា ល្មម​ដល់​ពេល​ឲ្យ​មានការ​ផ្លាស់ប្ដូរ​អ្នកដឹកនាំ​រដ្ឋាភិបាល​ហើយ​។ ក៏ប៉ុន្តែ​គណបក្ស​សិទ្ធិមនុស្សយល់ឃើញថា ការផ្លាស់ប្ដូរ​អ្នកដឹកនាំ​រដ្ឋាភិបាល តាមរយៈ​ការបោះឆ្នោត​ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺជា​ជម្រើស​ដ៏​ល្អប្រសើរ ដែល​គណបក្ស​សិទ្ធិមនុស្ស​ចង់បាន ព្រោះ​គណបក្ស​សិទ្ធិមនុស្ស​ប្រកាន់​នូវ​គោលការណ៍​អហិង្សា​។ 

​ទោះជា​យ៉ាងណាក៏ដោយ គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា សូម​ឲ្យមតិសាធារណៈ​ជាតិ និង​អន្តរជាតិ រួមទាំង​អ្នកកាន់អំណាច​បច្ចុប្បន្ន​ផង កុំ​ប្រមាថ​មើលស្រាល​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្លាប់មាន​ប្រវត្តិ​ជា​អ្នកតស៊ូ​រើ​បម្រះ​ពី​ការជិះជាន់​កន្លងទៅ​នោះ​ថា ពួកគាត់​ទាល់ច្រក មិនអាច​ធ្វើ​អ្វី​កើត​នោះឡើយ​៕​ 


CEN

No comments:

Post a Comment

yes