រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ បានបញ្ជូនប្រតិភូជាន់ខ្ពស់មួយក្រុម មានសមាសភាពជាង ២០នាក់ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅទីក្រុងបាងកក ប្រទេសថៃដើម្បីបើកការចរចាទ្វេភាគីជាមួយភាគីថៃ ដើម្បីដោះស្រាយការរុករកបង្គោលព្រំដែនដីគោក។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ និយាយទៅកាន់អ្នកកាសែត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២
ការចរចាទ្វេភាគីនោះ គេនឹងមិនលើកយកបញ្ហាតំបន់ប្រសាទព្រះវិហារ និងបញ្ហាជម្លោះព្រំដែននៅភ្នំទ្រព្យថ្មីៗនេះ មកពិភាក្សាទេ គឺទុករឿងនេះឲ្យតុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា អាយស៊ីជេ (ICJ) ជាអ្នកបកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្ដីពីប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទនោះ នៅឆ្នាំ២០១២ នេះ។
ការចរចាទ្វេភាគីនោះ គឺចំណាយពេល ២ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅទីក្រុងបាងកក ប្រទេសថៃ ផ្ដោតលើការបញ្ជូនក្រុមអ្នកឯកទេសព្រំដែនទៅរុករកបង្គោលព្រំដែននៅច្រកជាំសាង៉ាំ អន្លង់វែង និងតំបន់មួយចំនួនទៀត នៅខេត្តឧត្តរមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។
បង្គោលព្រំដែនដែលត្រូវរុករកនោះ ចាប់ពីបង្គោលព្រំដែនលេខ១ ដល់បង្គោលព្រំដែន លេខ២៣ នៅតំបន់ប្រាសាទតាមាន់។
ការចរចានោះ នឹងធ្វើឡើងរវាងប្រធានគណៈកម្មការចម្រុះខណ្ឌព្រំសីមា ព្រំដែនកម្ពុជា-ថៃ លោក វ៉ា គឹមហុង និងប្រធានគណៈកម្មការចម្រុះខណ្ឌព្រំសីមាព្រំដែនកម្ពុជា-ថៃ លោក បានហ៊ីត សូទីប៉ាឡា លីត (Bandhit Sotipalalit) ជាទីប្រឹក្សាក្រសួងការបរទេសថៃ។
សមាសភាពនៃក្រុមអ្នកចរចា គឺមានចំនួនជាង ២០នាក់ ទាំងសងខាង។ ចំណែកឯសមាសភាពខាងភាគីកម្ពុជា មានដូចជា អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មេបញ្ជាការយោធភូមិភាគ៤ មេបញ្ជាការយោធភូមិភាគ៥ និងយោធភូមិភាគ២ មន្ត្រីក្រសួងការបរទេសកម្ពុជា មន្ត្រីក្រសួងការពារជាតិកម្ពុជា និងមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា។
ប្រធានគណៈកម្មការចម្រុះខណ្ឌព្រំសីមាព្រំដែនកម្ពុជា-ថៃ លោក វ៉ា គឹមហុង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ នៅមុនការបើកការចរចានោះថា ៖ ការចរចាទ្វេភាគីនោះ គឺធ្វើតាមសំណើរបស់ថៃ ៖ "បើសិនជាមានសុឆន្ទៈទាំង២ដូចគ្នា យើងអាចចេញអ្វីជាវិជ្ជមាន ដើម្បីឲ្យបញ្ជូនការបញ្ជូនក្រុមបច្ចេកទេសធ្វើការវាស់វែង... រុករកបង្គោលព្រំដែន និងវាស់វែងនៅស្ទឹងបត់នោះ ដើម្បីបើកច្រកព្រំដែនអន្តរជាតិមួយទៀត នៅជិតប៉ោយប៉ែត។ នៅស្ទឹងបត់ ដើម្បីសម្រាល សម្រាលចរាចរណ៍នៅច្រកប៉ោយប៉ែត។ យើងទុកចក្រប៉ោយប៉ែតសម្រាប់ទេសចរណ៍ ហើយច្រកស្ទឹងបត់ធ្វើឲ្យដឹកទំនិញ"។
អ្នកវិភាគឯករាជ លោក បណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា ភាគីថៃតែងតែបង្ករឿងហេតុនានា ដើម្បីពន្យារពេលដោះស្រាយបញ្ហាព្រំដែនឲ្យជ្រះស្រឡះ ៖ "យើងដឹងហើយថា អារឿងភ្នំទ្រព្យ ទោះបីជាមានកិច្ច គេហៅថា សេចក្ដីសម្រេចរបស់ អាយស៊ីជេ (ICJ) ក៏ដោយ ប៉ុន្តែថៃចង់បន្តសាងសង់ព្រះវិហារនៅលើភ្នំទ្រព្យ នេះជាល្បិចរបស់ថៃ។ អីចឹងភាគីខ្មែរសុំដាក់លក្ខណ មុននិងធ្វើការចរចាថា តើយើងគោរពនូវកិច្ចព្រមព្រៀងនៅឆ្នាំ២០០០ ដែរឬទេ? យើងអាហ្នឹងមកធ្វើអំណះអំណាង ដើម្បីអ្វី... ដើម្បីឲ្យភាគីថៃហ្នឹងគ្មានការដោះសារ"។
ការបើកការចរចានៃគណៈកម្មការចម្រុះខណ្ឌព្រំសីមាព្រំដែនកម្ពុជា-ថៃ នៅពេលនេះ ជាលើកទី១ហើយក្រោយពីការចរចាទ្វេភាគីនេះ បានផ្អាកតាំងពីឆ្នាំ២០០៩ កន្លងមក។
ការចរចាទ្វេភាគីនោះ គឺផ្អែកលើអនុសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។
ប្រទេសកម្ពុជាមានព្រំដែនគោកជាមួយភាគីថៃប្រវែង ៨០៥គីឡូម៉ែត្រ។ បង្គោលព្រំដែនសរុបគឺចំនួន ៧៣បង្គោល។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០០៦ កន្លងមក ភាគីថៃ និងកម្ពុជា បានរកឃើញបង្គោលព្រំដែនចំនួន៤៨។ ភាគីទាំងពីរបានឯកភាពគ្នាលើបង្គោលព្រំដែនចំនួន៣៨ ខ្វែងគំនិតគ្នាលើ ១៩បង្គោល និងនៅសល់ ២៥បង្គោលទៀតមិនទាន់បានរុករកនៅឡើយ៕
អាស៊ីសេរី
No comments:
Post a Comment
yes