សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 15, 2012

វិប្បដិសារី​នាង​ខ្ញុំ​លង់​ខ្លួន​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់

ភ្នំពេញៈ ​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់ ដែល​ជា​វប្បធម៌​សាយភាយ​ពី​បស្ចិម​ប្រទេស​នោះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​យុវវ័យ​ជាច្រើន ដោយ​ចាត់​ទុក​ថា ជា​ថ្ងៃ​មួយ​ដ៏​រីករាយ សម្រាប់​ការ​ដើរ​លេង​កម្សាន្ត​ក្រៅ​ជាមួយ​មិត្តភក្ដិ និង​អ្នក​ជា​ទីស្រឡាញ់​របស់​ខ្លួន។
តើ​ពាក្យ​ថា សេចក្ដី​ស្រឡាញ់​មាន​អត្ថន័យ​យ៉ាង​ណា? យុវវ័យ​មួយ​ចំនួន​តែង​យល់​ច្រឡំ​ថា សេចក្ដី​ស្រឡាញ់ គឺជា​ការ​លះបង់​រាងកាយ​រួមរ័ក​ក្នុង​គ្រា​ដំបូង ជា​មួយ​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​របស់​ពួក​គេ នៅ​ចំ​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់ ដើម្បី​បញ្ជាក់​ថា ពួក​គេ​ពិត​ជា​ស្រឡាញ់​គ្នា​មែន។ ប៉ុន្តែ​តើ​នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពិតប្រាកដ​មែន​ទេ?
ស្រី​ល័ក្ស (មិនមែន​ជា​ឈ្មោះ​ពិត​របស់​នាង) គឺជា​យុវនារី​ម្នាក់​ដែល​បាន​ទូរស័ព្ទ​មក​កាន់​ប្រព័ន្ធ​ទូរស័ព្ទ​ផ្តល់ ប្រឹក្សា​អំពី​ជម្រើស​នៅ​ពេល​មាន​ផ្ទៃ​ពោះ និង​ពន្យារ​កំណើត​របស់​អង្គការ​ម៉ារីស្តូប​អន្តរជាតិ​កម្ពុជា(Marie Stopes In-ternational Cambodia) ហើយ​នាង​ចង់​ចែក​រំលែក​រឿងរ៉ាវ​របស់​នាង​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ជាមួយ​លោក​អ្នក​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ជោគ​វាសនា​អកុសល​ដូច​រូប​នាង។
នារី​ស្រស់​សោភា ស្រីល័ក្ស បាន​ទម្លាយ​ពី​រឿងរ៉ាវ​ដែល​ជា​វិប្បដិសារី​មួយ​ជីវិត​របស់​នាង​ថា៖​«នាង​ ខ្ញុំ​ឈ្មោះ ​ស្រី​ល័ក្ស។ នាង​ខ្ញុំ​ចង់​ប្រាប់​ពីបទ​ពិសោធ​អតីតកាល​របស់​នាង​ខ្ញុំ​ទាក់ទិន​នឹង​ថ្ងៃ​ នៃ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ទាំង​អស់​គ្នា។ នាង​ខ្ញុំ​បាន​ផ្លាស់​ពី​ខេត្ត​កំពង់ស្ពឺ​មក​រស់​នៅ​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០០០ ​។ ឪពុកម្ដាយ​របស់​នាង​ខ្ញុំ​បាន​ខិតខំ​ធ្វើ​ការ​យ៉ាង​លំបាក​លំបិន​ ក្នុង​ការ​សន្សំ​ប្រាក់​សម្រាប់​នាង​ខ្ញុំ​ឲ្យ​មក​ភ្នំពេញ​ដើម្បី​សិក្សា ផ្នែក​ហិរញ្ញវត្ថុ​នៅ​មហា​វិទ្យាល័យ​មួយ។ អ្នក​រាល់​គ្នា​ចាត់​ទុក​ខ្ញុំ​ជា​នារី ដែល​មាន​សម្រស់​ស្រស់​ស្អាត​មួយ​រូប​ដែល​មាន​កែវ​ភ្នែក​ធំៗពណ៌​ត្នោត និង​សក់​វែង​រលើបរលោង។ ពួកគេ​ប្រាប់​នាង​ខ្ញុំ​ថា នាង​ខ្ញុំ​មើល​ទៅ​ដូច សុគន្ធ និសា។ នាង​ខ្ញុំ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​និស្សិតៗ ហើយ​នាង​ខ្ញុំ​មាន​មិត្តភក្ដិ​ជាច្រើន។ នាង​ខ្ញុំ​ក៏មាន​មិត្ត​ប្រុស​ម្នាក់​ដែល​ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ ជាមួយ​គ្នា​ផង​ដែរ។ កន្លង​មក​គាត់​បាន​ស្នើ​សុំ​នាង​ខ្ញុំ ដើម្បី​រួមភេទ​ជាមួយ​គាត់ ប៉ុន្តែ​គាត់​ជា​មនុស្ស​សុភាព​រាបសា ហើយ​រាល់​ពេល​ដែល​នាង​ខ្ញុំ​បដិសេធ គាត់​មិន​ដែល​បង្ខំ​នាង​ខ្ញុំ​ទេ។ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់​ប្ដូរ​អស់​​នៅ​ថ្ងៃ​១៤ កុម្ភៈ។

នៅ​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​ឆ្នាំ​២០១១ នាង​ខ្ញុំ រួម​ជាមួយ​មិត្តភក្ដិ និង​មិត្ត​ប្រុស​របស់​ខ្ញុំ បាន​ណាត់​ជួប​គ្នា​នៅ​ផ្សារ​ទំនើប​សូរិយា ហើយ​បន្ទាប់​មក​ពួក​យើង​ជិះ​ម៉ូតូ​ដើរ​លេង និង​ឈប់​នៅ​សួន​ច្បារ​ដើម្បី​អង្គុយ​ជជែក​គ្នា​លេង។ បន្ទាប់មក​ពួក​យើង​នាំគ្នា​ទៅ​ញ៉ាំ​ស៊ូគី​ស៊ុប​សម្រាប់​អាហារ​ពេល​ល្ងាច។ មិត្ត​ប្រុស​របស់​​នាង​ខ្ញុំ​បាន​ឈប់​តាម​ផ្លូវ​ដើម្បី​ទិញ​ផ្កា​កុលាប​មួយទង ​ឲ្យ​នាង​ខ្ញុំ។ ពួក​យើង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង លាយ​ជាមួយ​នឹង​សំណើច​និយាយ​កំប្លែង​។ បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច មិត្តភក្ដិ​របស់​នាង​ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ នៅ​សល់​តែ​នាង​ខ្ញុំ​និង​មិត្ត​ប្រុស​នាង​ខ្ញុំ​តែ​ពីរ​នាក់​ប៉ុណ្ណោះ។ មិត្ត​ប្រុស​របស់​នាង​ខ្ញុំ​បាន​ប្រាប់​នាង​ខ្ញុំ​ថា​គាត់​ស្រឡាញ់​នាង​ ខ្ញុំ និង​បាន​ប្រគល់​អំណោយ​មួយ​ដល់​នាង​ខ្ញុំ។ វា​គឺជា​ខ្សែ-ក​ពេជ្រ​មួយ​ខ្សែ។ វា​គឺជា​របស់​ដ៏​ស្អាត​បំផុត​ដែល​នាង​ខ្ញុំ​មិន​ដែល​ធ្លាប់​បាន​ទទួល​ពី​មុន​មក។ មិន​ដែល​មាន​នរណា​ធ្លាប់​ឲ្យ​អំណោយ​ដ៏​ស្អាត​បែប​នេះ​ដល់​នាង​ខ្ញុំ​ឡើយ។ ខ្ញុំ​បាន​អរគុណ​គាត់​សម្រាប់​អំណោយ​នេះ។ នោះ​គឺជា​ពេល​ដែល​គាត់​បាន​ប្រាប់​នាង​ខ្ញុំ​ថា គាត់​ចង់​ឲ្យ​ពួក​យើង​បញ្ជាក់​នូវ​សេចក្ដី​ស្រឡាញ់​របស់​ពួក​យើង​ចំពោះ​គ្នា​ ដោយ​ចំណាយ​ពេល​មួយ​យប់​នៅ​ឯ​ផ្ទះ​សំណាក់។ នាង​ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច ហើយ​មិន​ចង់​ទៅ​នោះ​ទេ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា នាង​ខ្ញុំ​ចង់​រង់ចាំ​ពេល​ពិសេស​នេះ​រហូត​ដល់​ថ្ងៃ​ដែល​យើង​រៀប​ការ ​ប៉ុន្តែ​គាត់​បាន​ប្រាប់​វិញ​ថា ពួក​យើង​ស្រឡាញ់​គ្នា ហើយ​ថ្ងៃ​នេះ ជា​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​។ នាង​ខ្ញុំ​បាន​ព្យាយាម​ប្រកែក ប៉ុន្តែ​គាត់​ក៏​ខឹង ​និង​មិន​សប្បាយ​ចិត្ត ហើយ​គំរាម​ចែក​ផ្លូវ​គ្នា​ជាមួយ​នាង​ខ្ញុំ។ នាង​ខ្ញុំ​មិន​ចង់​ចែក​ផ្លូវ​គ្នា​ទេ ខ្ញុំ​ស្រឡាញ់​គាត់។ ដូច្នេះ​នាង​ខ្ញុំ​ក៏​បាន​យល់​ព្រម​ទៅ​ផ្ទះ​សំណាក់​ជាមួយ​គាត់ ហើយ​ចំណាយ​ពេល​មួយ​យប់​នៅ​ជាមួយ​គ្នា។
នាង​ខ្ញុំ​មិន​ចូល​ចិត្ត​រឿង ដែល​គាត់​បង្ខំ​ខ្ញុំ​ឲ្យ​ទៅ​ផ្ទះ​សំណាក់​ជាមួយ​គាត់ ប៉ុន្តែ​នោះ​គឺជា​សេចក្ដី​ស្នេហា តើ​​មែន​ទេ? គាត់​មិន​ដែល​បង្ខំ​នាង​ខ្ញុំ​ឲ្យ​ធ្វើ​ដូច្នេះ​ម្ដង​ទៀត​ទេ ​នាង​ខ្ញុំ​ក៏​លែង​គិត​ពី​រឿង​នេះ​តទៅ​ទៀត​ដែរ។ អ្វីៗ​ក៏​បាន​បន្ត​ដូច​ធម្មតា​បន្ទាប់​ពី​យប់​នោះ​មក។ នាង​ខ្ញុំ​បាន​បន្ត​ការ​សិក្សា​របស់​នាង​ខ្ញុំ ហើយ​ពួក​យើង​ជួន​កាល​បាន​ជួប​គ្នា​ញ៉ាំ​អាហារ​ពេល​ល្ងាច ឬ​ពេល​ខ្លះ​ទៅ​មើល​កុន​ឯ​រោង​ភាពយន្ត​លុច្ស។
មួយ​ឬ​ពីរ​ខែ​បន្ទាប់​ពី​ថ្ងៃ​នៃ​សេចក្ដីស្រឡាញ់​មក នាង​ខ្ញុំ​ចាប់​ផ្ដើម​បាត់​រដូវ។ ពេល​ខ្លះ​នាង​ខ្ញុំ​មាន​អារម្មណ៍​អស់​កម្លាំង និង​មិន​ស្រួល​ខ្លួន​។ នាង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​បារម្ភ។ មិត្តភក្ដិ​របស់​ខ្ញុំ​ឲ្យ​យោបល់​ថា គួរ​តែ​ទៅ​ឱសថស្ថាន​ទិញ​ឧបករណ៍​ពិនិត្យ​ទឹក​នោម​មើល ក្រែង​មាន​ផ្ទៃពោះ។ នៅ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​មាន​ផ្ទៃ​ពោះ។
ខ្ញុំ​មិន​បាន​ដឹង​អ្វី​សោះ​ទាក់ទិន​នឹង​ការ​មាន​ផ្ទៃ​ពោះ ឬ​ការ​ពន្យារ​កំណើត។ នាង​ខ្ញុំ​ធ្លាប់​បាន​ឮ​ពី​ស្រោម​អនាម័យ Number ១ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ប្រាប់​មិត្ត​ប្រុស​របស់​ខ្ញុំ​ឲ្យ​ប្រើ​វា កាល​នៅ​ឯ​ផ្ទះ​សំណាក់​នា​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​នោះ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ប្រសិន​បើ​ពួក​យើង​ពិតជា​ស្រឡាញ់​គ្នា​មែន ពួក​យើង​មិន​ចាំបាច់​ប្រើ​ស្រោម​អនាម័យ​ទេ ហើយ​ប្រាប់​នាង​ខ្ញុំ​ឲ្យ​ឈប់​បារម្ភ និង​គួរ​តែ​ជឿ​លើ​គាត់។ នាង​ខ្ញុំ​មាន​អារម្មណ៍​ខ្មាសអៀន​ខ្លាំង​ណាស់​ដែល​នាង​ខ្ញុំ​មិន​ទាន់​រៀបការ តែ​បែរ​ជា​មាន​ផ្ទៃ​ពោះ។ នៅ​ពេល​ដែល​នាង​ខ្ញុំ​ប្រាប់​គាត់​ថា នាង​ខ្ញុំ​មាន​ផ្ទៃ​ពោះ​គាត់​បែរ​ជា​ខឹង។ គាត់​និយាយ​ថា​គាត់​លែង​ស្រឡាញ់​នាង​ខ្ញុំ​ទៀត​ហើយ គាត់​មិន​ចង់​បាន​កូន​ទេ ហើយ​ថា​គាត់​មិន​អាច​ផ្គត់ផ្គង់​នាង​ខ្ញុំ​បាន​ទេ។ នៅ​ពេល​នោះ នាង​ខ្ញុំ​មាន​អារម្មណ៍​ថា ​កណ្តោច​កណ្តែង​ណាស់។ នាង​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ ខ្ញុំ​បាន​ទៅ​ឱសថស្ថាន​ទិញ​ថ្នាំ​ដើម្បី​រំលូត​កូន។ ខ្ញុំ​ទទួល​ព័ត៌មាន​មិន​ច្បាស់​អំពី របៀប​ប្រើប្រាស់​ថ្នាំ និង​ផល​រំខាន។ បន្ទាប់​ពី​ខ្ញុំ​បាន​លេប​ថ្នាំ​រួច វា​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​យ៉ាង​ខ្លាំង មាន​ធ្លាក់​ឈាម​ខ្លាំង​ជាច្រើន​ថ្ងៃ ព្រម​ទាំង​​ក្ដៅ​ខ្លួន និង​ឆ្លង​មេរោគ។ នាង​ខ្ញុំ​បាន​ដឹង​ពី​ប្រព័ន្ធ​ទូរស័ព្ទ​ផ្តល់​ប្រឹក្សា​អំពី​ជម្រើស​នៅ​ពេល​ មាន​ផ្ទៃពោះ និង​ពន្យារ​កំណើត របស់​អង្គការ​ម៉ារី​ស្តូប តាម​រយៈ​មិត្តភក្ដិ​ម្នាក់ ហើយ​ក៏បាន​ទូរស័ព្ទ​ទៅ​កាន់​ប្រព័ន្ធ​នោះ​ដើម្បី​ឲ្យ​ដឹង​ថា នាង​ខ្ញុំ​គួរ​ត្រូវ​ធ្វើ​អ្វី។
អ្នក​ផ្តល់​ប្រឹក្សា​ដែល​ប្រកប​ដោយ​ភាព​រួសរាយ​រាក់ទាក់ បាន​ផ្តល់​ប្រឹក្សា​ឲ្យ​ខ្ញុំ​តាម​ទូរស័ព្ទ​ប្រាប់​ពី​ទីកន្លែង​ដែល​ត្រូវ ទៅ​ដើម្បី​ទទួល​សេវា​សុខភាព​ប្រកប​ដោយ​សុវត្ថិភាព។ ពេល​ដែល​នាង​ខ្ញុំ​បាន​ទៅ​ដល់​មន្ទីរពេទ្យ ការ​ឆ្លង​មេរោគ​មាន​សភាព​ធ្ងន់ធ្ងរ​រហូត​ដល់​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ចំណាយ ប្រាក់​កាស​អស់​ច្រើន ក្នុងការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​១​សប្ដាហ៍។
ចាប់​តាំង​ពី​ពេល​នោះ​មក នាង​ខ្ញុំ​មាន​អារម្មណ៍​ខ្សោយ​យ៉ាង​ខ្លាំង និង​ពិបាក​នឹង​ប្រមូល​ផ្ដុំ​អារម្មណ៍។ ដោយ​សារ​តែ​នាង​ខ្ញុំ​ត្រូវ​ចំណាយ​ប្រាក់​កាស​ច្រើន​សម្រាប់​ការ​ថែទាំ​សុខភាព នាង​ខ្ញុំ​មិន​អាច​បង់​ថ្លៃ​សាលា​បាន​ទៀត​ទេ ដូច្នេះ​ខ្ញុំ​ក៏​ត្រូវ​បោះបង់​ចោល​ការ​សិក្សា។
ឥឡូវ​នេះ​នាង​ខ្ញុំ​មិន​អាច​បំពេញ​នូវ​សុបិន​ធ្វើ​ការ​ជា​មន្ត្រី​ហិរញ្ញវត្ថុ ​នៅ​ធនាគារ​បាន​ទេ​។ បច្ចុប្បន្ន​នាង​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​ធ្វើ​ការ​លក់​គ្រឿង​ទេស​ក្នុង​តូប តូច​មួយ​នៅ​ទល់​មុខ​ផ្ទះ​របស់​ឪពុកម្ដាយ​របស់​ខ្ញុំ ដើម្បី​ជួយ​ទ្រទ្រង់​ពួក​គាត់​ដែល​ពួក​គាត់​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ»។
លោកស្រី ឡា សុម៉ាលី ដែល​ជា​ពេទ្យ​ឆ្មប និង​អ្នក​ផ្ដល់​ប្រឹក្សា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ផ្តល់​ប្រឹក្សា​អំពី​ជម្រើស​ នៅ​ពេល​មាន​ផ្ទៃពោះ និង​ពន្យារ​កំណើត របស់​អង្គការ​ម៉ារីស្តូប បាន​មាន​ប្រសាសន៍​ថា រឿង​របស់​ស្រី​ល័ក្ស គឺជា​រឿង​កើត​ឡើង​ជា​ធម្មតា នៅ​ក្នុង​ចំណោម​យុវវ័យ​នា​ពេល​បច្ចុប្បន្ន​នេះ។
លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​អាណិត​អាសូរ​យ៉ាង​ខ្លាំង​ចំពោះ​ស្រី​ល័ក្ស និង​យុវនារី​ដទៃ​ទៀត ពីព្រោះ​បើ​សិន​ជា​ពួក​គេ​បាន​ដឹង​ថា​ពួក​គេ​មាន​ជម្រើស​នោះ​ ពួក​គេ​ពិត​ជា​អាច​ការពារ​ខ្លួន​ពួក​គេ​ពី​ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន និង​ការ​រំលូត​ដែល​គ្មាន​សុវត្ថិភាព នៅ​ថ្ងៃ​នៃ​សេច​ក្ដី​ស្រឡាញ់។ អង្គការ​ម៉ារីស្តូប មាន​ប្រព័ន្ធ​ទូរស័ព្ទ​ផ្តល់​ប្រឹក្សា​អំពី​ជម្រើស​នៅ​ពេល​មាន​ផ្ទៃពោះ និង​ពន្យារ​កំណើត ដែល​ស្ត្រី​អាច​ទូរស័ព្ទ​ទៅ​ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​និង​ដំបូន្មាន ក្នុង​ករណី​ដែល​ពួក​គេ​មាន​ផ្ទៃ​ពោះ។ អ្នក​អាច​ទូរស័ព្ទ​មក​កាន់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​បាន​គ្រប់​ពេល និង​គ្រប់​ទីកន្លែង ហើយ​អ្នក​ផ្ដល់​ប្រឹក្សា​ដ៏​រាក់ទាក់​របស់​យើង​អាច​ជួយ​ផ្ដល់​ចម្លើយ​ជូន​ អ្នក​សម្រាប់​សំណួរ​ពី​វិធី​ការពារ​ការ​មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន និង​ទីកន្លែង​ដែល​ផ្តល់​សេវា​ប្រកប​ដោយ​សុវត្ថិភាព។ ព័ត៌មាន​អំពី​ស្ថានភាព​របស់​លោក​អ្នក​នឹង​ត្រូវ​បាន​រក្សា​ជាការ​សម្ងាត់​។
ស្រី​ល័ក្ស​មាន​ដំបូន្មាន​បន្តិច​បន្តួច​ជា​ចុង​ក្រោយ​ទៅ​កាន់​អ្នក​អាន​ថា៖«​ នាង​ខ្ញុំ​ចង់​ចែក​រំលែក​រឿង​របស់​ខ្ញុំ​ជាមួយ​ស្ត្រី​កម្ពុជា​ផ្សេង​ទៀត ទុក​ជា​មេរៀន ដើម្បី​កុំ​ឲ្យ​ជីវិត​របស់​អ្នក​មាន​ភាព​លំបាក​លំបិន​ដូចជា​​រូបនាង​ខ្ញុំ និង​ដើម្បី​ឲ្យ​អ្នក​សម្រេច​បាន​នូវ​សុបិន​របស់​ខ្លួន។ នាង​ខ្ញុំ​ចង់​ប្រាប់​ដល់​យុវតី​ទាំង​អស់​ថា ក្នុង​ជីវិត​របស់​យើង អ្វីៗ​ទាំងអស់​មិន​មែន​សុទ្ធតែ​កើត​ឡើង​តាម​ផែនការ​ទេ ហើយ​អ្នក​ត្រូវ​តែ​ត្រៀម​ខ្លួន ប្រសិន​បើ​អ្វីៗ​នឹង​មិន​ដំណើរ​ការ​តាម​ផែនការ​នោះ។ ស្ត្រី​កម្ពុជា គួរ​មាន​ភាព​រឹងមាំ​និង​មិន​ត្រូវ​ឲ្យ​ដៃគូ​របស់​ពួកគេ​បង្ខំ​ឲ្យ​រួមភេទ​ ឡើយ។ បើ​សិន​ជា​ដៃគូ​របស់​អ្នក​ពិត​ជា​ស្រឡាញ់​អ្នក​មែន គេ​នឹង​រង់ចាំ​​ពីព្រោះ​សេចក្ដី​ស្រឡាញ់​ពិតប្រាកដ​គឺអាច​ឲ្យ​គាត់​រង់​ ចាំបាន។ ប៉ុន្តែ​បើ​សិន​អ្នក​និង​ដៃ​គូ​របស់​អ្នក​គិតថា ​វា​ពិត​ជា​ពេលវេលា​សមស្រប​សម្រាប់​ការរួម​ភេទ អ្នក​ត្រូវ​ច្បាស់​ក្នុង​ចិត្ត​ថា​អ្នក​បាន​ត្រៀម​ខ្លួន​ការពារ​ខ្លួន​អ្នក​ កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ​ដែល​មិន​ចង់​បាន និង​ជំងឺ​កាមរោគ​នានា។ ដើម្បី​ធ្វើ​ខ្លួន​ជា​នារី​ឆ្លាត អ្នក​ត្រូវ​ផ្ដល់​អំណាច​ដល់​ខ្លួន​ឯង​ដោយ​ប្រាប់​ខ្លួនឯង​អំពី​ជម្រើស​សុខភាព ​បន្ត​ពូជ​ និង​ផ្លូវ​ភេទ​របស់​អ្នក។ តាមរយៈ​វិធី​​ទាំង​នេះ អ្នក​ពិត​ជា​អាច​ការពារ​ខ្លួន​អ្នក បាន និង​រៀបចំ​ផែនការ​សម្រាប់​អនាគត​ដ៏​ភ្លឺស្វាង​និង​ត្រចះ​ត្រចង់​របស់​ខ្លួន​ ផង​ដែរ។
សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ជម្រើស​នៃ​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ឥត​ព្រាង​ទុក និង​មធ្យោបាយ​ពន្យារ​កំណើត សូម​ទាក់ទង​មក​កាន់​លេខ​ទូរស័ព្ទ ០៩០ ៧០០ ០១២ ឬ ០៦៨ ៧០០ ០១២ និង ០៩៧ ៧៦៧ ០៩ ០៥​(ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​អាទិត្យ ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៨​យប់)។
កាលពី​ម្សិលមិញ លោក នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​យុវវ័យ និង​ស្រ្តី​ទាំង​អស់​កុំ​ឲ្យ​យក​ថ្ងៃ​ទី​១៤ កុម្ភៈ ដែល​គេ​និយម​ហៅថា​ទិវា​នៃ​ក្តី​ស្រឡាញ់​ឡើង​ផ្ទះ​សំណាក់​ដោយ​សារ​វា​ពុំ​មែន​ជា​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​ឡើយ។
លោក បាន​គូស​បញ្ជាក់​ថា​៖ «វា​មិនមែន​វប្បធម៌​យើង​ទេ​។ នៅ​កម្ពុជា យើង​មិនមែន​មាន​តែ​ថ្ងៃ ១៤ កុម្ភៈ ជា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​នោះ​ទេ យើង​មាន​ដល់​ទៅ​៣៦៥​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់»។
លោក​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ «បើ​យុវវ័យ​យើង​បាន​ធ្វើ​រួច​ហើយ សូម​កុំ​ផ្តោត​តែ​លើ​មិត្ត​ប្រុស និង​មិត្ត​ស្រី...ត្រូវ​ធ្វើ​ចំពោះ​ឪពុក​ម្តាយ​ផង»៕


ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes