មន្ត្រីក្រសួងមហាផ្ទៃបញ្ជាក់ថា នៅក្នុងឆ្នាំ២០១១ មានជនបរទេសចំនួន ២០នាក់ត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពីបទទិញពេស្យាចារកុមារ និងផលិតរូបភាពអាសអាភាសកុមារ ក្រោមរូបភាពជាអ្នកទេសចរមកកាន់កម្ពុជា។
ឧត្តមសេនីយ៍ត្រី ម៉ុក ប៊ុនឈាង នាយករងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ។ លោកមានប្រសាសន៍នៅថ្ងៃទី២៤ ខែកុម្ភៈ ថា ក្នុងចំណោមជនល្មើសទាំង ២០នាក់នោះ មាន ៩នាក់ មានទោសពីបទទិញពេស្យាចារកុមារ និង ១១នាក់ពីបទផលិតរូបភាពអាសអាភាសកុមារ។
លោកបន្តថា ជនល្មើសជាជនបរទេសដែលទិញសេវាផ្លូវភេទកុមារកម្ពុជា ភាគច្រើនជាអ្នកស្នាក់នៅរយៈពេលយូរក្នុងតំបន់ទេសចរណ៍គោលដៅមួយចំនួន។
លោក ម៉ុក ប៊ុនឈាង បានបង្ហាញរបាយការណ៍នេះនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងទេសចរណ៍ផ្លូវភេទលើកុមារនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលរៀបចំដោយការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNOD) តាមរយៈគម្រោងស្ដីពីកុមារភាពនៃមូនិធិអូសអេដ (AusAID)៕
អាស៊ីសេរី
No comments:
Post a Comment
yes