បើនិយាយអំពីជំនឿក្នុងសាសនាវិញ ព្រះណាក៏បានធ្វើពលិកម្មដែរ ដើម្បីឱ្យបានគោលដៅរបស់ព្រះ។ ព្រះពុទ្ធលះបង់គ្រួសារ រាជសម្បត្តិដើម្បីសព្វញ្ញុតញ្ញាណ ព្រះយេស៊ូទ្រង់លះបងជីវិតនិងព្រះកាយរបស់ព្រះអង្គដើម្បីរលោះបាបនៃជាតិមនុស្សលោក ព្រះមហាម៉ាត់ ធ្វើពលិកម្មគ្រប់យ៉ាងដើម្បីដើម្បីព្រះអាល់ឡា។ បើគ្មានពលិកម្មក៏គ្មានអំពើធំៗដែរ ហើយការសម្រេចរបស់អំពើធំៗក៏គ្មានដែរ។
ការធ្វើពលិកម្មបានមកអំពីឆន្ទៈ មានឆន្ទៈខ្លាំង ទើបមានពលិកម្មបាន ហេតុដូច្នេះពលិកម្មជាថាមពលរបស់ឆន្ទៈ។ ប៉ុន្តែនៅក្នុងការរកលុយ យើងត្រូវហ៊ានប្រថុយ តែមិនមែនធ្វើទាំងងងឹតងងុលទេ គឺប្រថុយដោយប្ដូរ ដើម្បីបានសម្រេចមានន័យថាយកទ្រព្យសម្បត្តិទាំមូលដើម្បីបានសម្រេចមុខជំនួញអ្វីមួយ ដែលយើងយល់ថាត្រូវតែធ្វើ ដូចនេះត្រូវមានការខំប្រឹង មានការព្យាយាម មានបញ្ញាឡើង នោះមុខជាបានលទ្ធផលល្អៗមកតាមនោះដែរ។
ឧទាហរណ៍មួយ៖ រដ្ឋការម្នាក់នៅខេត្តកំពង់ឆ្នាំ ឈ្មោះលោក រស់ សំអាន គាត់ជាអធិការខេត្ត ខាងសហករណ៍ មានឡានល្អគួរសមល្មមមួយ។ គាត់ធ្វើការនៅក្នុងសហករណ៍ចំនួន១៥ឆ្នាំហើយ តែគាត់ឧស្សាហ៍ត្អូញត្អែណាស់ថា ក្នុងជីវភាពរដ្ឋការបើធ្វើការស្អាតស្អំពុំអាចនឹងមានទ្រព្យសម្បត្តិបានទេ។ ខ្ញុំតែងនាំគ្រួសារទៅ លេងផ្ទះគាត់ជារឿយៗ ខ្ញុំពិតជាសរសើរគាត់យ៉ាងស្ងប់ស្ងែងណាស់ថា គាត់រស់នៅដោយសុខសាន្ត ហើយស្ងប់ស្ងៀមសប្បាយល្មម។ តែវាផ្ទុយស្រលះពីគំនិតខ្ញុំ ព្រោះតណ្ហារបស់មនុស្សមិនចេះឆ្អែតឡើយ។
ស្រាប់តែមានថ្ងៃមួយគាត់បានប្រាប់ខ្ញុំថា ស្រុកខ្មែរឥឡូវកំពុងខ្វះខាត នូវគ្រឿងបរិភោគ ដូចជាពងមាន់ និងសាច់ជ្រូកជាដើម។ គាត់ចង់បង្កើតមុខរបរចិញ្ចឹមមាន់ ហើយបបួលខ្ញុំឱ្យចូលភាគហ៊ុន ជាមួយ គ្រាន់បានចំណេញចែកគ្នា។ តែខ្ញុំបដិសេធ ខ្ញុំពុំហ៊ានរកស៊ីបែបនេះឡើយ ព្រោះមិនយល់បច្ចេកទេស និង គ្មានបទពិសោធន៍សោះ។ គាត់បានប្រាប់ថាស្រេចតែយើងហ៊ានប្រថុយ ឬអត់តែប៉ុណ្ណោះ ដូចសុភាសិតបារាំងនិយាយថា «បើគ្មានអ្នកណាប្រថុយអ្វីសោះ ដែរ»។
រំលងបានយូខែក្រោយមក ខ្ញុំទៅលេងផ្ទះគាត់ ស្រាប់តែឃើញអ្នកដទៃមករស់នៅ ខ្ញុំបានសួររកលោក រស់ សំអាត តែគេប្រាប់ថាគាតបានលក់ផ្ទះនេះទៅឱ្យគេហើយ ឥឡូវនេះគាត់ កំពុងជួលផ្ទះដ៏តូចមួយរស់នៅជាមួយគ្រួសារគាត់នៅក្បែរផ្សារឯណោះ។ ខ្ញុំបានព្យាយាមទៅស្វែងរកគាត់ម្ដងទៀតក៏បានជួបមុខហើយនិយាយលេង គាត់ប្រាប់ថាគាត់បានលក់ផ្ទះលក់សំបែង ដើម្បីយកលុយរកចិញ្ចឹមមាន់ តែមាន់ងាប់ច្រើនក្បាលណាស់ ហើយគាត់ខាតដើមចុង អស់ហើយ ព្រោះគាត់មិនមានបច្ចេកទេសច្បាស់លាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏គាត់ប្រាប់ថាមិនអស់សង្ឃឹមទេ ព្រោះនេះជាឱកាសសម្រាប់គាត់ម្ដងទៀត ដោយសារមានបទពិសោធន៍អំពីភាពអវិជ្ជមានក្នុងការរកស៊ី ដូចនេះគាត់ចង់លក់ឡានកញ្ចាស់របស់គាត់សព្វថ្ងៃនេះទៀត ដើម្បីយកលុយទៅចិញ្ចឹមសារជាថ្មី។ ប្រពន្ធកូន សាច់ញាតិ នាំគ្នាបន្ទោសគាត់គ្រប់ៗគ្នា សូម្បីតែខ្ញុំក៏គិតថា គាត់ល្ងង់ណាស់ អស់ផ្ទះ អស់មាស ពេជ្រ ប៉ុណ្ណឹងហើយនៅ ប្រឹងធ្វើអីទៀត មិនព្រមទៅរកការងារធ្វើទៅ? សុខចិត្តលក់របស់របរដែលនៅសល់នេះ ដើម្បីទៅចិញ្ចឹមមាន់ធ្វើអីទៀត?
លុះបានប្រហែលជាង២ឆ្នាំក្រោយមកទៀត ប្អូនប្រុសរបស់ខ្ញុំដែលរស់នៅភ្នំពេញ គឺជាអ្នកលក់ដូរក្នុងផ្សារអូរឫស្សី បានបបួលខ្ញុំទៅញាំបាយល្ងាចជាមួយមិត្តភក្តិរបស់គេ ហើយប្រាប់ថា នឹងណែនាំអោយស្គាល់ថៅកែធំម្នាក់ ដែលជាអ្នកមានស្ដុកស្ដម្ភ មានឡានទំនើប និងមានអង្គរក្សចាំបើកឡានជូនទៀតផង។
ពួកខ្ញុំក៏បានទៅដល់ សណ្ឋាគារដ៏ទំនើប ស្រាប់តែ ភ្ញាក់ព្រឺតព្រោះ ថៅកែម្នាក់នោះគឺ ជាលោក រស់ សំអាត ដែលជាមិត្តភក្តិរបស់ខ្ញុំ គាត់ក៏ភ្ញាក់ផ្អើលដែរ គាត់ចូលមកឱបខ្ញុំ និយាយទាំងញញឹម សួរសុខទុក្ខខ្ញុំ។ ញាំអាហារជុំគ្នារួចគាត់ក៏និយាយប្រាប់រឿងរកស៊ីថា ក្រោយពីការប្រថុយប្រថានរឿងលក់ ឡានកញ្ចាស់ដើម្បីទិញពងមាន់មក បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃគាត់ ពងមាន់ ដោះដុំអោយគេ ក្នុងមួយថ្ងៃបាន ប្រហែល១ម៉ឺនគ្រាប់។ ហើយកំពុងមានគំរោងធ្វើអោយធំជាងហ្នឹងទៀត ដើម្បីនាំចេញទៅលក់នៅ តាមព្រំដែនទៀតផង។
ខ្ញុំក៏បានប្រាប់គាត់វិញថា «ខ្ញុំពិតជាសោកស្ដាយណាស់ ដែលមិនបានចូលភាគហ៊ុនជាមួយ អាពួកម៉ាកឯង ដោយមិនបានគិតអំពី លទ្ធផលនៃការធ្វើពលិកម្មបែបនេះសោះ នេះជារឿងមិននឹកស្មានដល់ឡើយ»។
No comments:
Post a Comment
yes