បើទោះបីជាស្ថិតនៅក្រោមសម្ពាធទាមទារ របស់ក្រុមអ្នកភូមិបុរីកីឡានិង បឹងកក់ប្រមាណជិត៦០នាក់ឲ្យតុលាការប្រកាន់ជំហរឯករាជ្យ និង រក្សានូវយុត្តិធម៌សម្រាប់គូភាគីយ៉ាងណាក្ដី ក៏តុលាការកំពូលរបស់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃពុធនេះ បានសម្រេចតម្កល់សាលក្រមរបស់តុលាការសាលាឧទ្ធរណ៏ទុកជាបានការ ។ សាលក្រមដែលបានសម្រេចផ្ដន្ទាទោសលោកមឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង ពិន័យជាប្រាក់៤លានរៀល ។
នៅក្នុងសវនាការដ៏ចម្រូងចម្រាស់អស់រយៈពេលជាង៣ម៉ោង លោក មេធាវី សុខ សំអឿន ដែលការពារក្ដីឲ្យលោក មឿង សុន បានច្រានចោលចំណាត់ការ ទាំងអម្បាលមាណរបស់តុលាការសាលាឧទ្ធរណ៏ ដែលបានសម្រេចប្ដូរបទចោទ កូនក្ដីរបស់លោក ពីផ្សាយព័ត៌មានមិនពិត មកបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ថា ជាការរំលោភសិទ្ធិជនជាប់ចោទ ហើយបានទាមទារឲ្យតុលាការ បញ្ជូនសំណុំរឿងនេះទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីឲ្យបកស្រាយពន្យល់ពាក្យ ” ញុះញង់ ” មុនបង្វិលសំណុំរឿងនេះ ទៅឲ្យតុលាការសាលាឧទ្ធរណ៏ចាត់ការឡើងវិញ ។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានរងការចោទប្រកាន់ដោយរដ្ឋាភិបាលក្រុងភ្នំពេញ កាលពីខែ មិថុនា ឆ្នាំ២០០៩ ក្រោមបទផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងសំណើររបស់លោក ទៅនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ឲ្យអន្តរាគមន៏ដកអំពូលភ្លើងហ្វាបំភ្លឺប្រាសាទអង្គរត្ត ដែលរៀបចំដោយក្រុមហ៊ុនចិនមួយ ឈ្មោះ ស៊ូជីង ចេញ ។ ដោយលោកបាន បន្យល់នៅក្នុងលិខិតនោះថា តាមគោលការ គីមី និង រូបវិទ្យា អំពូលភ្លើងដែលមានកម្លាំងចាប់ពី១០០០វ៉ាត់ឡើងទៅ វានឹងធ្វើឲ្យបាត់បង់សំណើមរបស់ថ្មរ ធ្វើឲ្យថ្មស្ងួត ហើយ ងាយពុកផុយ ។ម៉្យាងទៀតវាក៏នឹងធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពរបស់អង្គរ ដែលជានិម្មិតរូបជាតិខ្មែរផងដែរ ។
ការទាមទារបែបនេះបានធ្វើឲ្យមជ្ឈដ្ឋានខ្មែរម្ចាស់ប្រទេស រួមទាំងអន្តរជាតិផង គ្រានោះបានសម្ដែងការគាំទ្រយ៉ាងខ្លាំងក្លា ។ ហើយភ្លាមៗគេកត់សម្គាល់ឃើញថា ក៏មានការដកអំពូលភ្លើងហ្វានោះចេញផងដែរ ។
ប៉ុន្តែយ៉ាងណាក៏ដោយរដ្ឋាភិបាលដែលនាំមុខដោយ សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរអប្សរា មិនដកថយឡើយ ហើយបានជម្រុញឲ្យសាលាដំបូងក្រុងភ្នំពេញបើកសវនាការនៅឆ្នាំដដែលនោះ ដោយបានផ្ដន្ទាទោសលោក មឿង សុន ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង ពិន័យជាប្រាក់៨លានរៀល ហើយក្រោយមកសាលាឧទ្ធរណ៏កាលពីថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០១១ បានសម្រចប្ដូរបទចោទពីផ្សព្វផ្សាយព័ត៌មានមិនពិត មកជាបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានរក្សាសាលក្រមសាលាដំបូងក្រុងភ្នំពេញឲ្យនៅដដែល និងបន្ថយប្រាក់ពិន័យមកនៅត្រឹម២លានរៀលវិញ ។
គួរបញ្ជាក់ថា កាលពីព្រឹកមិញនេះ មានប្រជាពលរដ្ឋពីសហគមន៏បុរីកីឡានិងបឹងកក់ដែលពួកគេមានសមាណចិត្តចំពោះលោក មឿង សុន ប្រមាណជិត៦០ នាក់ រួមទាំងអង្គការសង្គមស៊ីវិល ក្នុងនោះគេក៏សង្កេតឃើញលោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យសម្រាប់ស្ថានការណ៏នយោបាយកម្ពុជា ចូលរួមសង្កេតការណ៏ផងដែរ ។ បន្ទាប់ពីការប្រកាសរបស់លោក ខឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល ក្រុមប្រជាពលរដ្ឋទាំងនោះក៏បានស្រែកអាក្រោសឡើង ដោយខ្លះមានហូរទឹកភ្នែកផងថា ” អយុត្តិធម៌ណាស់តុលាការស្រុកខ្មែ!..” ។ ហើយបានទាមទារត្រូវតែផ្ដល់យុត្តិធម៌ពិតប្រាកដ ជាគំរូសម្រាប់សំណុំរឿងនេះ ៕

No comments:
Post a Comment
yes