ដោយុៈ បុផ្ចាកោះ ( កោះសន្តិភាព)
រាជធានីភ្នំពេញ ៖ បន្ទាប់ពីលោកអឹុង ប៊ុនលាភ ដាក់ពាក្យបណ្តឹងដើម្បីការពារហាមឃាត់ភរិយាមិនឱ្យមករំខានជីវិតរបស់លោកនោះ អ្នកស្រី ម៉ុក ភក្តី បានអះអាងថា ប្រសិនបើលោកអឹុង ប៊ុនលាភ ពិតជាបានធ្វើដោយចិត្តឯងមែន វាហាក់ដូចជាពុះទ្រូងឱ្យក្អែកចឹក ។
បន្ទាប់ពីបានរួមរស់ជាស្វាមីភរិយាពេញច្បាប់ជាមួយគ្នាជាង៦ឆ្នាំមកនោះអ្នកស្រី ម៉ុក ភក្តី ភរិយាលោកអឹុង ប៊ុនលាភ នៅតែមិនជឿថា ស្វាមីអ្នកស្រីអាចធ្វើរឿងដូច្នេះចំពោះអ្នកស្រីនោះទេ ព្រោះអំឡុងពេលដែលលោកអឹុង ប៊ុនលាភ បាត់ខ្លួននោះ គឺមិនមានទំនាស់អ្វីជាមួយអ្នកស្រីឡើយ ហើយអ្នកស្រីក៏មិនដែលបានទូរស័ព្ទទៅគំរាមលោកអឹុង ប៊ុនលាភ ម្តងណាដែរ មានតែព្រួយបារម្ភពីសុខទុក្ខរបស់ស្វាមី ។ អ្នកស្រី ម៉ុក ភក្តី បានបញ្ជាក់ថា ប្រសិនបើស្វាមីរបស់អ្នកស្រីពិតជាបានដាក់ពាក្យប្តឹងលែងលះដោយចិត្តឯងមែននោះ មានន័យថា គាត់ (អឹុង ប៊ុនលាភ) កំពុងតែពុះទ្រូងឱ្យក្អែកចឹកហើយព្រោះទង្វើនេះកំពុងតែបំបាក់កិត្តិយស និងមុខមាត់ខ្លួនឯងទៅវិញទេ ។ អ្នកស្រីមិនយល់នូវទង្វើដែលស្វាមីកំពុងធ្វើនេះឡើយ ។
អ្នកស្រីបន្ថែមថា បើគាត់ពិតជាចង់លែងលះមែននោះ សូមឱ្យគាត់ចេញមុខមកតទល់ជាមួយគ្នាតាមផ្លូវច្បាប់ ឬក៏ក្រៅច្បាប់ក៏បាន ។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកស្រីជឿថា ស្វាមីរបស់អ្នកស្រី មិនបានធ្វើរឿងនេះដោយចិត្តឯងទេ គឺមានជនទី៣ ជាអ្នកចេញមុខជំនួសពោលគឺគាត់ស្ថិតក្នុងគំនាបរបស់គេ ។ ទាក់ទិននឹងដីកាសម្រេចរបស់តុលាការមិនឱ្យភរិយាលោកអឹុង ប៊ុនលាភ ឱ្យមករំខានជីវិតរបស់ខ្លួននោះអ្នកស្រីម៉ុក ភក្តី បានសម្តែងការហួសចិត្ត និងមិនយល់ថា ហេតុអ្វីបានជាតុលាការបានសម្រេចដូច្នេះទាំងរូបអ្នកស្រីមិនបានដឹងរឿងនេះផងនោះ ។ អ្នកស្រីបញ្ជាក់ថា «គាត់ (អឹុង ប៊ុនលាភ) ប្តឹងពីប្រពន្ធកុំឱ្យមករំខាន តើខ្ញុំរំខានគាត់ត្រង់ណា? គាត់ប្តឹងប្រពន្ធទាំងមិនដឹងពីប្រពន្ធច្បាស់លាស់ផងហ្នឹង! ហេតុអ្វីច្បាប់កាត់ក្តីអ៊ីចឹង? ខ្ញុំមិនយល់! ប្រពន្ធបាត់ប្តីជិតមួយខែដោយគ្មានដំណឹង និងមូលហេតុ ហើយខំប្រកាសស្វែងរកប្តី ស្រាប់តែប្តីចេញមុខមកប្តឹងមិនឱ្យមករំខានទៅវិញ» ។
No comments:
Post a Comment
yes