Friday, July 13, 2012

មន្ត្រី គ.ជ.ប រំលឹក​ពលរដ្ឋ​ឲ្យ​ត្រៀម​ខ្លួន​ទៅ​ពិនិត្យ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២


ប្រតិទិន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ បាន​បង្ហាញ​ថា ការ​ចាប់​ផ្ដើម​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២។
RFA/Tin Zakariya
កិច្ចប្រជុំ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១០ នៅ​ឯ​ស្នាក់​ការ​កណ្ដាល គ.ជ.ប ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១០។
ទាក់​ទិន​បញ្ហា​នេះ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​ការងារ​បោះ​ឆ្នោត ក៏​បាន​រំលឹក​ស្មារតី​ឲ្យ​ពលរដ្ឋ​ត្រូវ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ឲ្យ​បាន​ច្រើន ដើម្បី​មាន​សិទ្ធិ​បោះ​ឆ្នោត​សម្រេច​ពី​ជោគ​វាសនា​ប្រទេស​ជាតិ។
លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា ដើម្បី​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​ទាំង​អស់​គ្នា។
លោក​ថា ការ​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ជា​ការ​បោះ​ឆ្នោត​មាន​សារសំខាន់​ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រទេស ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជា​ដើម។
ដូច្នេះ ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត ត្រូវ​ទៅ​ចុះ ឬ​ទៅ​ពិនិត្យ​ឈ្មោះ​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​ប្រកាស​របស់​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។

លោក កឹម សុខា សង្កត់​ធ្ងន់​ថា ការ​ខកខាន​មិន​បាន​ទៅ​ពិនិត្យ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ដែល​ចាប់​ផ្ដើម​នៅ​ខែ​កញ្ញា អាច​នាំ​ឲ្យ​ពលរដ្ឋ​បាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​មិន​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នោះ​ទេ។
មិន​ខុស​គ្នា​ទេ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បោះ​ឆ្នោត ត្រូវ​ត្រៀម​ខ្លួន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២ កុំ​បី​ខាន។
លោក​បន្ត​ថា បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ជា​បញ្ជី​ឈ្មោះ​សម្រាប់​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។ ដូច្នេះ បើ​ប្រជាពលរដ្ឋ​រូប​ណា មិន​បាន​ទៅ​ចុះ​ឈ្មោះ ឬ​ទៅ​ពិនិត្យ​ឈ្មោះ​ឲ្យ​បាន​ទៀងទាត់​ទេ មិន​អាច​បោះ​ឆ្នោត​បាន​ទេ។
ចំណែក​លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​អង្គការ និចហ្វិក ក៏​បាន​លើក​ឡើង​ពី​សារសំខាន់​ចំពោះ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១២ នេះ​ដែរ។ ព្រោះ​ថា បញ្ជី​បោះ​​ឆ្នោត​នេះ​សម្រាប់​យក​ទៅ​បម្រើ​ឲ្យ​ការងារ​បោះ​ឆ្នោត ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។
លោក​ថា ប្រជាពលរដ្ឋ​មិន​ត្រូវ​ខកខាន​ក្នុង​ការ​ពិនិត្យ​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១២ នោះ​ទេ។
លោក អ៊ឹម សួស្តី ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ ឬ​មាន​សិទ្ធិ​បោះ​ឆ្នោត​ត្រូវ​ត្រៀម​ខ្លួន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា នៅ​ដើម​ខែ​កញ្ញា តាម​ឃុំ សង្កាត់ របស់​ខ្លួន។
លោក អ៊ឹម សួស្តី បាន​បញ្ជាក់​ដែរ​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ត្រូវ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ និង​ទាម​ទារ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត ឬ​គ្រប់​អាយុ​បោះ​ឆ្នោត​ចូល​រួម​ទាំង​អស់​គ្នា។ ទោះ​ប្រជាពលរដ្ឋ​ទាំង​នោះ​ធ្លាប់​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ឬ​ធ្លាប់​បាន​បោះ​ឆ្នោត​កន្លង​មក​ក្តី ក៏​ត្រូវ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​តាម​សេចក្តី​ប្រកាស​របស់ គ.ជ.ប ឲ្យ​បាន​ត្រឹម​ត្រូវ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត។
កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២។
កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

No comments:

Post a Comment

yes