គណបក្សប្រឆាំងទាំងពីរនៅក្នុងប្រទេសកម្ពុជា គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានត្រៀមខ្លួនរួចហើយ សម្រាប់ចូលតុពិភាក្សាពីការរួបរួមគ្នា ដែលគ្រោងធ្វើនៅថ្ងៃទី១៦-១៧ ខែកក្កដា ឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីននោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបាននិយាយប្រាប់វិទ្យុក្នុងស្រុកថា លោក និងសមាជិកគណបក្សសមរង្ស៊ីបានត្រៀមខ្លួនរួចហើយសម្រាប់ការពិភាក្សាជាមួយគណបក្សសិទ្ធិមនុស្ស ពីការរួបរួមគ្នានៅថ្ងៃទី១៦-១៧ កក្កដា ខាងមុខនេះ។ ហើយសមាជិកគណបក្សសមរង្ស៊ីដែលចូលរួមក្នុងកិច្ចពិភាក្សានោះ នឹងចេញដំណើរនៅថ្ងៃស្អែក។
ចំណែកគណបក្សសិទ្ធិមនុស្សវិញ លោក ប៉ុល ហំ អ្នកនាំពាក្យគណបក្សនេះបាននិយាយថា ក្រុមលោក ក៏បានត្រៀមសំបុត្រយន្តហោះរួចរាល់ដែរ។ ហើយការជួបពិភាក្សានេះនឹងមិនមានការផ្លាស់ប្តូរទេ។
សូមរំលឹកថា គណបក្សប្រឆាំងទាំងពីរនេះធ្លាប់មានគំនិតរួបរួមគ្នាតាំងពីក្រោយការបោះឆ្នោតឆ្នាំ២០០៨មកម្ល៉េះ ប៉ុន្តែត្រូវបរាជ័យ។ ហើយនៅក្រោយការប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣នេះ គណបក្សប្រឆាំងទាំងពីរបានប្រកាសជាថ្មីម្តងទៀតធ្វើការរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ និងដើម្បីដណ្តើមយកជ័យជំនះក្នុងការបោះឆ្នោតសកលឆ្នាំ២០១៣ខាងមុខ៕
No comments:
Post a Comment
yes