លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ភ្នំពេញៈ ក្រសួងមហាផ្ទៃបានច្រានចោលសំណើរបស់តំណាងគណបក្សប្រឆាំងដែលសុំ ឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប)។
យោងលិខិតរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដែលឆ្លើយតបនឹងសំណើពីខែមុនរបស់តំណាងពីគណបក្សសង្គ្រោះ ជាតិកម្ពុជាទើបបង្កើតថ្មី ដែលសុំឲ្យមានការផ្លាស់ប្តូរសមាសភាពគ.ជ.ប និងគណៈកមា្មធិការរៀបចំការបោះឆ្នោតថ្នាក់ក្រោម និងឲ្យមានការរួមបញ្ជូលគណបក្សនយោបាយទាំងអស់ផង។
លិខិតដែលលោក ស ខេង ចុះហត្ថលេខាពីថ្ងៃសុក្រសប្តាហ៍មុន ហើយភ្នំពេញ ប៉ុស្តិ៍ បានទទួលពីម្សិលមិញ បានគូសបញ្ជាក់ថា ការធ្វើតាមសំណើនេះនឹងអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព និងរាំងស្ទះដល់ដំណើរការនៃការបោះឆ្នោតជាតិខាងមុខ។
លិខិតនោះលើកឡើងថា វាមិនមានពេលគ្រប់គ្រាន់ និងទាន់ពេលដើម្បីឲ្យសភាអនុម័តឲ្យមានការផ្លាស់ប្តូរសមាសភាព នៃ គ.ជ.ប នោះទេ។
លិខិតបន្តថា៖ «នីតិវិធីដែលស្នើឡើងនឹងធ្វើឲ្យការបង្កើត គ.ជ.ប មិនទាន់ពេល ហើយអាចរារាំងដល់ដំណើរការនៃការបោះឆ្នោត»។ «នេះនឹងធ្វើឲ្យស្ថិរភាពនយោបាយ សង្គម និងការអភិវឌ្ឍន៍ជាតិស្ថិតក្នុងគ្រោះថ្នាក់»។
លោក ស ខេង ឲ្យដឹងទៀតថា បើទោះជានៅពេលដែល គ.ជ.ប បានចាប់កំណើតក្នុងឆ្នាំ១៩៩៨ ត្រូវបានបង្កើតចេញពីសមាជិកនៃគណបក្សនយោបាយមានអាសនៈក្នុងសភាក្តី ក៏សមាសភាពតំណាងគ.ជ.បនេះត្រូវធ្វើវិសោធនកម្មក្នុងឆ្នាំ២០០៣មិនបញ្ចូលតំណាងគណបក្សនយោបាយដើម្បីធានាអព្យាក្រឹតភាព។
ប៉ុន្តែ ប្រធានស្តីទីគណបក្ស សមរង្ស៊ី លោក គង់ គាំ និងអ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស លោក ប៉ុល ហំម យល់ថាសមាសភាពបច្ចុប្បន្នរបស់ គ.ជ.ប មិនអព្យាក្រឹតទេ ផ្ទុយទៅវិញស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាច ដើម្បីជួយឲ្យគណបក្សនេះឈ្នះឆ្នោត។
លោក គង់ គាំ ថ្លែងថា៖ «យើងសូមបញ្ជាក់ថា គណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនបាននិយាយថា គ.ជ.ប មិនឯករាជ្យទេ តែ អ្នកបោះឆ្នោត សង្គមស៊ីវិល អ្នកសង្កេតការណ៍ សហគមន៍អន្តរជាតិ បាននិយាយថា គ.ជ.ប មិនមានស្តង់ដារប្រជាធិបតេយ្យ»។
លោក ប៉ុល ហំម បានថ្លែងថា៖«ពួកគេពិតជាមិនមានទំនុកចិត្តលើគ.ជ.បទេ។ ដូច្នេះ យើងមិនគួរទុកអ្វីដដែលៗទេ ព្រោះវាបង្ហាញថា យើងរឹងទន្ទឹងមិនចង់ដោះស្រាយបញ្ហា»។ «ខ្ញុំយល់ថា បើគណបក្សនយោបាយមានឆន្ទៈ យើងពិតជាអាចទទួលបាននរណាម្នាក់ ដែលមានលក្ខណៈល្អប្រសើរជាងនេះ»។
លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ និកហ្វិច បានថ្លែងថា អត្ថន័យនៃការច្រានចោលពីក្រសួងមហាផ្ទៃ ចំពោះសំណើរបស់គណបក្សប្រឆាំងនេះ មិនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ហើយថាក្រសួងនេះក៏តំណាងឲ្យគណបក្សកាន់អំណាចដែរ ហើយគណបក្សកាន់អំណាចក៏ឈ្នះការបោះឆ្នោតតាមរយៈគ.ជ.បដែរ។
លោក ហង្ស ពុទ្ធា បន្តថា៖ «ខ្ញុំយល់ថាវាត្រូវតែមានគណៈកម្មការគ្រប់គ្រងមួយ[ដើម្បីវាយតម្លៃ]ថាតើវាត្រូវផ្លាស់ប្តូរ គ.ជ.ប ឬមិនផ្លាស់ប្តូរ ហើយគណៈកម្មការគ្រប់គ្រងមួយនោះ ត្រូវតែអព្យាក្រឹត»៕
No comments:
Post a Comment
yes