គណបក្សសង្គ្រោះជាតិដែលកើតឡើងពីការរួបរួមគ្នារវាងគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ចាប់ផ្ដើមយុទ្ធនាការប្រមូលថវិកាពីសប្បុរសជននៅក្នុងទ្វីបអឺរ៉ុប។
ថវិកាដែលប្រមូលបាន នឹងបញ្ចូលជាមូលនិធិសង្គ្រោះជាតិ ប្រើប្រាស់គាំទ្រដល់គណបក្សដែលទើបបង្កើតថ្មី ជាពិសេសសម្រាប់ការឃោសនារកសំឡេងឆ្នោត។
មូលនិធិសង្គ្រោះជាតិ អំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅអឺរ៉ុប អោយចែករំលែកថវិកាចូលរួមគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលបានបង្កើតថ្មី។
ការកៀងគររកថវិកានេះ បានធ្វើឡើងតាមគោលដៅប្រតិបត្តិការ១.៦៣៣ ឬមួយថ្ងៃមួយអឺរ៉ូ ដែលតាមគម្រោងគេនឹងយកទៅបង្គ្រប់ថវិកា១លានដុល្លារ គិតត្រឹមថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥។
សេចក្ដីអំពាវនាវរបស់មូលនិធិនេះ បានលើកឡើងថា ចំនួន១.៦៣៣ គឺជាចំនួនឃុំ-សង្កាត់ នៅទូទាំងប្រទេសកម្ពុជា។ មូលនិធិនេះ ចង់អោយសប្បុរសជនភ្ជាប់និស្ស័យនឹងឃុំ-សង្កាត់ណាមួយ ដែលពួកគេពេញចិត្ត។ ចំណែកចំនួនប្រាក់១អឺរ៉ូ គឺជាមធ្យមនៃវិភាគទាន ដែលចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣។
អគ្គលេខាធិការចលនាសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា គោលដៅទៅថ្ងៃអនាគត គឺគណបក្សសង្គ្រោះជាតិ គ្រោងនឹងផ្ដល់សេវាសាធារណៈនៅថ្នាក់ឃុំ-សង្កាត់ ដោយពុំបង់ប្រាក់៖«អឺរ៉ុបគេដាក់ថា១អឺរ៉ូ សម្រាប់ប្រទេសកម្ពុជា នៅឯសហរដ្ឋអាមេរិកគឺ១.០០០ដុល្លារ សម្រាប់គ្រឹះនៃប្រជាធិបតេយ្យ នៅឯកាណាដា គេប្រមូលទៅតាមផ្ទះនីមួយៗ។ យើងត្រូវតែលើកទឹកចិត្តឃុំយើងដែលឈ្នះ ហើយយើងចង់អោយឃុំនោះក្លាយជាឃុំដែលគំរូ។ ឃុំគំរូ គឺសេវារបស់ឃុំគឺចេញមកផ្តល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ»។
សេចក្ដីអំពាវនាវដដែលបានលើកឡើងទៀតថា ការបង្កើតគណបក្សសង្គ្រោះជាតិ ជាការវិវត្តនយោបាយដែលជាក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរ ដែលមិនចង់អោយទឹកដីកម្ពុជាធ្លាក់ចូលគន្លងចាស់ដូចដែនដីខ្មែរកម្ពុជាក្រោម។ ប៉ុន្តែសង្ឃឹមនេះ អាចសម្រេចបានគឺអាស្រ័យលើខ្មែរគ្រប់គ្នា ជាខ្មែរសុទ្ធ ខ្មែរកូនចៅចិន ខ្មែរលើ ខ្មែរក្រោម និងខ្មែរឥស្លាមជាដើម។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ជាធម្មតាគ្រប់គណបក្សនយោបាយនៅកម្ពុជា តែងកៀងគររកថវិកាពីអ្នកគាំទ្ររបស់ពួកគេតែរៀងៗខ្លួន។ លោក ហង្ស ពុទ្ធា ស្នើអោយគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវកៀងគរថវិកាប្រកបដោយសុចរិត ចៀសវាងការបង្ខិតបង្ខំ ឬការដាក់គំនាបណាមួយ៖ «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាការចាំបាច់ហើយ។ ប៉ុន្តែ គណបក្សនយោបាយទាំងអស់មានការកៀងគរ និងទទួលយកដោយការស្ម័គ្រចិត្តពីអ្នកចូលរួមផង កុំអោយការកៀងគរហ្នឹង មានលក្ខណៈជាការគាបសង្កត់ ឬបង្កើតបញ្ហាផ្សេងៗដែលធ្វើអោយអ្នកផ្តល់ថវិកាហ្នឹងឯងរង្គាលចិត្ត»។
ការកៀងគររកថវិការបស់មូលនិធិសង្គ្រោះជាតិ បានចាប់ផ្ដើមឡើងជាដំបូង កាលពីខែកក្កដា កន្លងទៅ ដោយចាប់ផ្ដើមពីរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក បន្ទាប់មកនៅប្រទេសកាណាដា នៅមុនពេលចាប់ផ្ដើមនៅក្នុងទ្វីបអឺរ៉ុប នៅពេលនេះ។ តាមរយៈគេហទំព័ររបស់មូលនិធិ អោយដឹងថា មកដល់ពេលនេះ គេប្រមូលថវិកាបាន៥៣.០៦៦ដុល្លារ។ ហើយគម្រោងការជាបន្តទៀត គេនឹងកៀងគររកថវិកាពីពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ប្រទេសកូរ៉េខាងត្បូង និងនូវែលហ្សេឡង់ជាដើម។
នៅស្របពេលនៃការកៀងគររកថវិកានេះ គណបក្សសង្គ្រោះជាតិ បានកំណត់ថា នឹងបើកសម្ពោធទីស្នាក់ការកណ្ដាលគណបក្សនៅថ្ងៃទី១១ ខែកញ្ញា ដោយមានអ្នកគាំទ្រចូលរួមចំនួន៥០០នាក់។ ទីស្នាក់ការកណ្ដាលដែលនឹងសម្ពោធនោះ មានទីតាំងនៅក្នុងសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ សេចក្ដីជូនដំណឹងរបស់គណបក្សនេះបញ្ជាក់ដែរថា លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនឹងថ្លែងតាមរយៈវីដេអូខុនហ្វើរ៉ិន (Video Conference) ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕
No comments:
Post a Comment
yes