សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 8, 2012

គណបក្ស​សង្គ្រោះជាតិ​កំពុង​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ ៤០០០ នាក់​ដើម្បី​ចុះបញ្ជី

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស

គណបក្ស​សង្គ្រោះ​ជាតិ​របស់​ចលនា​បក្សប្រឆាំង​កំពុង​តែ​មមាញឹក​ក្នុងការ​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ​ចំនួន ៤០០០ នាក់​ដាក់ជូនទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ឈានទៅ​ចុះបញ្ជី​ជា​ផ្លូវការ។ សំណុំ​ឯកសារ​ដែល​អមដោយ​ស្នាម​មេដៃ​អ្នកគាំទ្រ​ទាំងនោះ​នឹងត្រូវ​បញ្ជូន​ដល់​ក្រសួងមហាផ្ទៃ​នៅ​សប្តាហ៍​ក្រោយ។ទោះ​បី​ជា​មិនទាន់​ចុះបញ្ជី​ជា​ផ្លូវការ​ក៏​ដោយ ក៏​គណបក្ស​នេះ​គ្រោង​លើក​ស្លាក​និង​សម្ពោធ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​សប្តាហ៍​ក្រោយ​នេះហើយ។

គណបក្ស​សង្គ្រោះជាតិ​ដែល​កើត​ចេញ​ពី​ការ​រួម​គ្នា​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស កំពុង​តែ​ប្រមូល​ស្នាម​មេដៃ​អ្នកគាំទ្រ ៤០០០ នាក់​ពី​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ឈាន​ទៅ​ចុះបញ្ជី​ផ្លូវការ​នៅ​ឯ​ក្រសួង​មហាផ្ទៃ។ លោក ប៉ុល ហំម អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អនុប្រធាន​បណ្តោះអាសន្ន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា ស្នាម​មេដៃ​អ្នកគាំទ្រ​គ្រប់​ចំនួន​នឹងត្រូវ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ​នៅ​សប្តាហ៍​ក្រោយ​នេះហើយ។


គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​សំណុំ​ឯកសារ​សុំ​ចុះបញ្ជី​នៅ​ឯ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ចន្ទ ទី២០ ខែសីហា កន្លងទៅ។ មួយ​សប្តាហ៍​ក្រោយ​មក ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​ទទួល​ស្គាល់​ពាក្យសុំ​បង្កើត​គណបក្ស​នេះ ប៉ុន្តែ បាន​សុំ​ឲ្យ​មន្ត្រី​គណបក្សប្រឆាំង​បំពេញ​បែបបទ​ស្រប​តាម​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដើម្បី​ឈាន​ទៅ​ចុះបញ្ជី។ មាត្រា ២០ បាន​តម្រូវ​ឲ្យ​គណបក្ស​នោះ​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ ៤០០០ នាក់ មាន​ជីវប្រវត្តិ​សង្ខេប​របស់​ប្រធាន ឬ​ស្ថាបនិក​យ៉ាងតិច​៣នាក់ ព្រម​ទាំង​លក្ខន្តិកៈ និង​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​ទៀត។

នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​បានដាក់​ទៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី២០សីហា គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​លោក​សម រង្ស៊ី ជា​ប្រធាន និង​លោក​ប៉ុល ហំម ជា​អនុប្រធាន​បណ្តោះអាសន្ន។ លោក​កឹម សុខា​ដែល​នៅ​ចង់​រក្សា​តួនាទី​ជា​តំណាងរាស្ត្រ រហូត​ដល់​ពេល​ជិត​បោះឆ្នោត​នោះ​ នៅ​មិនទាន់​មានឈ្មោះ​ក្នុង​រចនា​សម្ព​ន្ធ័​ដឹកនាំ​របស់​គណបក្ស​ង្គ្រោះជាតិ​នៅ​ឡើយ​ទេ។ លោក ប៉ុល ហំម​អះអាង​ថា បេក្ខភាព​របស់​លោក​ស​ម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នឹង​គ្មាន​អ្វី​ប្រែប្រួល​ទេ។ គេ​នៅ​រង់​ចាំ​មើល​នីតិវិធី​ជា​បន្ត​ថា តើ​លោក​សម រង្ស៊ី ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចាត់​ទុក​ជា​ទណ្ឌិត​ម្នាក់​នោះ នឹង​ត្រូវ​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​យល់​ព្រម​ចុះ​បញ្ជី​គណបក្ស​នេះ​ដែរ​ឬ​យ៉ាង​ណា?

ម្យ៉ាងទៀត លោក​សម រង្ស៊ី ក៏​គ្មាន​សិទ្ធិ​បោះឆ្នោត និង​គ្មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​បានដែរ​ប្រសិនបើ​បញ្ហា​នៅ​តុលាការ​មិនអាច​ដោះស្រាយ​បាន​នៅ​មុន​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ទេនោះ។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះជាតិ​គ្រោង​បើកសម្ពោធ​ទីស្នាក់ការ​របស់ខ្លួន​នៅ​ថ្ងៃទី១១ កញ្ញា​ដើម​សប្តាហ៍​ក្រោយ​នេះ​ហើយ នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ មន្ត្រី​គណបក្ស​នេះ​សង្ឃឹម​ថា ការ​ចុះបញ្ជី​គណបក្ស​សង្គ្រោះជាតិ​នឹង​គ្មាន​ជួប​ឧបសគ្គ​អ្វី​ទេ៕

No comments:

Post a Comment

yes