ប្រជាសហគមន៍ព្រៃឡង់ចូលព្រៃជាថ្មីតាមដានការកាប់ឈើខុសច្បាប់
ប្រជាពលរដ្ឋសហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ បានជួបជុំគ្នាជាថ្មីទៀតដើម្បីនាំគ្នាចូលក្នុងតំបន់ព្រៃឡង់ដើម្បីប្រឆាំងការកាប់ឈើខុសច្បាប់ និងការបំផ្លាញបរិស្ថាន។ យុទ្ធនាការនេះមានរយៈពេល៤ថ្ងៃដោយចាប់ផ្តើមពីថ្ងៃសុក្រទី១៤កញ្ញានេះទៅដល់ថ្ងៃទី១៧កញ្ញា។ ព្រៃឡង់ត្រូវបានប្រជាសហគមន៍ដែលរស់នៅក្នុងតំបន់នោះប្រកាសថា-កំពុងស្ថិតនៅក្នុងសភាពនៃការបំផ្លាញពីសំណាក់ក្រុមហ៊ុនឯកជន។ ជាព្រៃឈើធំជាងគេបង្អស់ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជានិងក្នុងឧបទ្វីបឥណ្ឌូចិន។
ប្រជាពលរដ្ឋសហគមន៍ព្រៃឡង់ បានជួបប្រជុំគ្នាចេញដំណើរតាមម៉ូតូចូលទៅក្នុងព្រៃឡង់សារជាថ្មីនៅព្រឹកថ្ងៃសុក្រទី១៤កញ្ញានេះ ដើម្បីស្វែងរកការកាប់ព្រៃឈើខុសច្បាប់ពិសេស ការកាប់ដើមចំបក់ដែលជាអនុផលព្រៃឈើដ៏មានសក្តានុពលសម្រាប់ការចិញ្ចឹមជីវិតរបស់អ្នកភូមិ។
ព្រៃឡង់គឺជាគម្របព្រៃដ៏ធំនិងក្រាស់ជាងគេនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ឥណ្ឌូចិននេះ ហើយមានព្រំដែនជាប់នឹងខេត្តចំនួន៤ដូចជា ព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ប្រជាពលរដ្ឋជាច្រើនម៉ឺនគ្រួសារដែលរស់នៅរំពឹងអនុផលព្រៃឈើនៃព្រៃឡង់នេះបានក្រោកតវ៉ា និងប្រឆាំងការឈូសឆាយព្រៃពីសំណាក់ក្រុមហ៊ុនឯកជនជាច្រើនឆ្នាំមកហើយ។
នៅថ្ងៃសុក្រនេះ លើកលែងតែក្រុមអ្នកភូមិប៉ែកខាងខេត្តកំពង់ធំដែលនឹងចេញដំណើរនៅថ្ងៃសៅរ៍ស្អែក ពលរដ្ឋប៉ែកខាងខេត្តព្រះវិហារ ៨០នាក់ ខាងស្ទឹងត្រែង១០០នាក់និងប៉ែកខាងខេត្តក្រចេះ៨០នាក់ ពួកគេបានចេញដំណើរចូលព្រៃ ឆ្ពោះទៅតំបន់សំខាន់ៗដែលមានការកាប់ឈើ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃសុក្រនេះ លោកស៊ឹន សៀនតំណាងអ្នកភូមិពីខាងខេត្តកំពង់ធំបានប្រាប់អោយដឹងថា លោកបានទទួលដំណឹងពីអ្នកភូមិខាងខេត្តព្រះវិហារមកថា អ្នកភូមិទាំងនោះបានរកឃើញការកាប់ឈើខុសច្បាប់យ៉ាងច្រើន ហើយពួកគេបានសម្រេចដុតកម្ទេចឈើទាំងនោះអស់មួយចំនួនហើយ។
លោក ស៊ឹន សៀនបានបន្តថា យុទ្ធនាការទ្រង់ទ្រាយធំលើកនេះដែលមានរយៈពេលពីថ្ងៃទី១៤ដល់ថ្ងៃទី១៧កញ្ញា មានគោលដៅតាមដានថា តើការកាប់បំផ្លាញព្រៃឈើនិងបរិស្ថាន ពិសេសដើមចំបក់ដែលជាអនុផលព្រៃឈើដ៏មានសក្តានុពលរបស់អ្នកភូមិនេះ បានរីកធំប៉ុណ្ណា?
លោកបន្តថាយុទ្ធនាការនេះក៏មានបំណងប្រមូលភស្តុតាងជាក់ស្តែងអំពីការកាប់បំផ្លាញព្រៃឈើដើម្បីបង្ហាញអាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាល ហើយស្នើអោយរដ្ឋាភិបាលកំណត់ព្រំដែនដីសម្បទានអោយបានច្បាស់លាស់ដល់ក្រុមហ៊ុន៕
No comments:
Post a Comment
yes