មន្ត្រីសង្គមស៊ីវិល អ្នកនយោបាយ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ បានត្រៀមលក្ខណៈចូលរួមស្តាប់សវនាការជំនុំជម្រះក្ដីលោក ម៉ម សូណង់ដូ នៅថ្ងៃទី១១ កញ្ញា ខាងមុខនេះ ហើយពេលនោះក៏មានអ្នកគាំទ្រសមាគមអ្នកប្រជាធិបតេយ្យតាមបណ្ដាខេត្តមួយចំនួនដែរ។
បន្ថែមលើនេះ សាក្សីចំនួន៥នាក់របស់លោក ម៉ម សូណង់ដូ នឹងចូលខ្លួនដើម្បីផ្ដល់សក្ខីកម្មក្នុងរឿងចោទប្រកាន់លោក ម៉ម សូណង់ដូ នោះ។
អនុប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ជា បំរ៉ុង ឲ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា ថា អ្នកគាំទ្រសមាគមអ្នកប្រជាធិបតេយ្យតាមបណ្ដាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម ក្រចេះ កណ្ដាល ព្រៃវែង កំពត និងរាជធានីភ្នំពេញជាដើម។ ពួកគេនឹងមកចូលរួមស្ដាប់សវនាការនៃការជំនុំជម្រះរឿងក្ដីរបស់លោក ម៉ម សូណង់ដូ នៅសាលាដំបូងរាជធានីភ្នំពេញ។ ទោះយ៉ាងណា លោកបញ្ជាក់ថា ចំនួនអ្នកចូលរួមមានប៉ុន្មាន មិនទាន់អាចជម្រាបបានទេ។
លោក ជា បំរ៉ុង៖ «តាមព័ត៌មានហ្នឹង គាត់មកច្រើន តែខ្ញុំមិនអាចជម្រាបលោកពីតួលេខបានទេ គ្រាន់ថានេះគាត់មកពីរឡាន ឬបីឡាន ហើយគាត់អាចច្រើនដែរ គ្រាន់តែថាកន្លែងមួយដែលខ្ញុំដឹងច្បាស់ នៅខាងខេត្តកំពង់ចាម ខាងស្រុកកងមាស គាត់ថាគាត់មកប្រាំឡាន ហើយកន្លែងខ្លះថាមកបីឡាន ហើយខ្លះវាស៊ីសងលទ្ធភាពរបស់គាត់ផង ហើយជួនកាលវាមានភាពផ្លាស់ប្ដូរ ដោយសារខកខាន ដោយសារយ៉ាងម៉េច ដោយសារខ្វះឡានអ៊ីចឹង យើងអត់អាចនិយាយបាន»។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យខេត្តកណ្ដាល លោក លឹម សារ៉េត មានប្រសាសន៍ថា សមាជិកសមាគមអ្នកប្រជាធិបតេយ្យមានចំនួនប្រមាណជាង៣ម៉ឺននាក់ ហើយ៣០%នៃចំនួននេះ ពួកគេអាចនឹងចូលរួមសវនាការនៃការជំនុំជម្រះនេះ។ លោក លឹម សារ៉េត បន្តថា ការចូលរួមរបស់ពលរដ្ឋនេះ គឺចង់ដឹងថា តើតុលាការមានឯករាជ្យដែរទេ ចំពោះការកាត់ក្ដីលើករណីរបស់លោក ម៉ម សូណង់ដូ នេះ?
លោក លឹម សារ៉េត៖ «ដោយទៅតាមលោកប្រធានមិនបានប្រព្រឹត្តិខុស ដូចការចោទប្រកាន់ទាំងអស់នេះ ប្រជាជនភាគច្រើនមែនទែន មិនសមាគម ឬក្រៅនោះទេ គាត់ផ្ដិតមេដៃគាំទ្របានជាង១០ម៉ឺននាក់ ដោយសារគាត់ឃើញថា លោកប្រធាន ម៉ម សូណង់ដូ មិនបានប្រព្រឹត្តិខុសដូចតាមការចោទប្រកាន់»។
ទន្ទឹមនេះ លោក លឹម សារ៉េត បញ្ជាក់ថា ពលរដ្ឋមួយចំនួនដែលគ្រោងទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះ ពួកគេមានការព្រួយបារម្ភខ្លាចអាជ្ញាធរបង្កការលំបាក ឬរំខានពួកគេមិនឲ្យចូលរួមស្ដាប់សវនាការនេះ។
ទាក់ទងនឹងរឿងក្ដីនេះ លោក សុខ សំអឿន មេធាវីការពារក្ដីលោក ម៉ម សូណង់ដូ ឲ្យដឹងថា សាក្សីរបស់លោក ម៉ម សូណង់ដូ មានចំនួន៥នាក់ នឹងចូលមកដើម្បីផ្ដល់សក្ខីកម្មពាក់ព័ន្ធនឹងរឿងក្ដីនេះ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២។
ទោះយ៉ាងណា លោកមេធាវី សុខ សំអឿន ធ្លាប់អះអាងថា ចំពោះរឿងក្ដីរបស់លោក ម៉ម សូណង់ដូ លោកមានជំនឿចិត្តថា នឹងឈ្នះមួយរយភាគរយ។ ដោយលោកសំអាងថា មានភស្តុតាងជាច្រើនបង្ហាញថា លោកមិនមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវនៅឃុំកំពង់ដំរី នោះឡើយ។
ជាមួយគ្នានេះដែរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅប្រជាពលរដ្ឋប្រមាណ៤០នាក់មកពីឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឲ្យធ្វើជាសាក្សីនៅក្នុងសំណុំរឿងលោក ម៉ម សូណង់ដូ។
រឿងរ៉ាវនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នោះ តុលាការខេត្តក្រចេះ បានចាប់ឃុំខ្លួនជនជាប់ចោទ៣នាក់ និងបានចេញដីកាចាប់ខ្លួនមនុស្ស៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋក្នុងរដ្ឋ។ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះ ចូលសារភាពដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន បានចេញសេចក្ដីថ្លែងការណ៍ជាច្រើន រិះគន់រដ្ឋាភិបាលថា តុលាការចោទប្រកាន់លោក ម៉ម សូណង់ដូ នេះ ជាការទម្លាក់កំហុសលើលោក ដើម្បីរកអ្នកទទួលទោសជំនួសឲ្យសកម្មភាពចុះបង្ក្រាបរបស់រដ្ឋាភិបាលលើពលរដ្ឋ នៅភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានបណ្ដាលឲ្យក្មេងស្រីម្នាក់អាយុ១៤ឆ្នាំស្លាប់៕
No comments:
Post a Comment
yes