
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ពេលយាងនិវត្តន៍មកពីទីក្រុងប៉េកាំង
កាលពីឆ្នាំ២០១១។ ព្រះអង្គសោយទិវង្គតថ្ងៃទី១៥ តុលា២០១២
ព្រះបាទ នរោត្តម សីហនុ បានសោយទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា នៅទីក្រុងប៉េកាំង។ ជាញឹកញាប់ មានការយល់ខុស អំពីព្រះអង្គ ជាពិសេសនៅលោកខាងលិច នៅពេលដែលពួកគេ ធ្វើការវិភាគខុស អំពីឥរិយាបថរបស់ព្រះអង្គ ក្នុងការទប់ទល់នឹងបញ្ហាអស្ថិរភាពនិងនាំមកនូវសន្តិភាព។
ប្រវត្តិសាស្រ្តនឹង ប្រាប់ថា ព្រះអង្គគឺជាក្សត្រមួយព្រះអង្គ ក្នុងចំណោមក្សត្រដ៏អស្ចារ្យ។ លោកខាងលិច មិនពេញចិត្ត ដោយដឹងយ៉ាងច្បាស់ថា ព្រះអង្គជាព្រះមហាក្សត្រមួយអង្គ ដែលចាំបាច់ខ្វះមិនបាន សម្រាប់ប្រជាជនរបស់ព្រះអង្គ។ នៅពេលបារាំង ជ្រើសព្រះអង្គធ្វើជាព្រះមហាក្សត្រ សម្រាប់ប្រទេសកម្ពុជា ការរំពឹងទុករបស់ពួកគេ ដែលថាព្រះអង្គ នឹងងាយបោកប្រើ ដោយនៅពេលនោះ ព្រះជន្មវ័យក្មេងនោះ គឺជាការយល់ច្រឡំ។ បន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជ្យ ព្រះអង្គ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះការទាមទារឯករាជ្យ សម្រាប់ប្រទេសរបស់ព្រះអង្គ ហើយបានចាប់ផ្តើមយុទ្ធនាការ ទាមទារឯករាជ្យអហិង្សា។
ព្រះអង្គ បានទទួលជោគជ័យ ក្នុងការទាមទារឯករាជ្យ ដោយមិនមានការប្រយុទ្ធបង្ហូរឈាម ក្នុងឆ្នាំ ១៩៥៣ មុនពេលវៀតណាម និងឡាវ ទទួលបានឯករាជ្យរបស់ខ្លួន។ ព្រះបាទ នរោត្តម សីហនុ មិនចាប់អារម្មណ៍ ក្នុងការធ្វើជាក្សត្រនោះទេ ព្រះអង្គចង់ចូលនយោបាយ ហើយព្រះអង្គ បានដាក់រាជសម្បត្តិ ថ្វាយព្រះបិតាព្រះអង្គ។ ព្រះអង្គ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ព្រះអង្គ ជាអ្នកនយោបាយប៉ិនប្រសប់ មិនគួរឲ្យជឿ ខណៈពេលដែលនយោបាយនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្រោយសម័យទទួលបានឯករាជ្យ ពីពួកអាណានិគម កំពុងមានភាពលំបាក។
វីរបុរសរបស់ព្រះអង្គ គឺឧត្តមសេនីយ៍ Charles de Gaulle ដែលជាវីរបុរសបារាំងទីមួយ តស៊ូប្រឆាំងនឹងការកាន់កាប់របស់ពួក Nazi ក្នុងប្រទេសនៅឆ្នាំ១៩៤០។ ព្រះបាទនរោត្តម សីហនុ បានធ្វើតាមដំបូន្មានរបស់ de Gaulle នៅក្នុងសុន្ទរកថា ជាប្រវត្តិសាស្រ្តរបស់គាត់ នៅពហុកីឡដ្ឋានអូឡាំពិកនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ១៩៦៦ ដែលថា៖ ត្រូវអព្យាក្រឹត និងមិនត្រូវពាក់ព័ន្ធក្នុងសង្គ្រាមឥណ្ឌូចិន។ ខ្ញុំបានជួបជាមួយព្រះបាទនរោត្តម សីហនុ ជាលើកទីមួយ នៅថ្ងៃទី ៤ មេសា ១៩៦៣ បន្ទាប់ពីព្រះអង្គ បានចាកចេញពីទីក្រុងព្យុងយ៉ាង ទៅប្រទេសបារាំង ដែលជាកន្លែងព្រះបិតាព្រះអង្គ មានភូមិគ្រឹះតូចមួយ ដែលមានពីរបន្ទប់នៅភូមិគ្រឹះ Grasse នៃតំបន់កូតដាហ្សៀរ (Cote d'Azur)។ «វាំង»របស់ព្រះបាទនរោត្តម សីហនុ គឺមានលក្ខណៈមិនឆើតឆាយ ហើយមានទីតាំង នៅតាមបណ្តោយផ្លូវធំ ទល់មុខនឹងយានដ្ឋានជួសជុលកង់ឡានមួយ ដែលមានសំឡេងអ៊ូអរខ្លាំង ហើយក្លិនពីយានដ្ឋាននោះ មានលក្ខណៈមិនល្អ។ ព្រះអង្គ បានប្រទានទឹកក្រូចដល់ខ្ញុំមួយកែវ ហើយព្រះមហាក្សត្រិយ៍ មុនីនាថ កំពុងនៅផ្ទះបាយ ចម្អិនម្ហូបអាហារ និងស៊ុបចិន ហើយមានអ្នកបម្រើតែម្នាក់គត់ ដែលជាបុរសវ័យចំណាស់ម្នាក់ កំពុងដេកនៅក្នុងកន្លែងដាក់ឡាន។ ពេលនោះ ព្រះអង្គមិនមានរថយន្ត និងមិនមានប្រាក់នោះទេ។
នៅពេល ខ្ញុំថតរូបជាមួយព្រះអង្គ នៅសួនច្បារតូចមួយ ព្រះអង្គ បានបង្ហាញខ្ញុំ អំពីហោប៉ៅទទេ គ្មានប្រាក់ ហើយបានមានបន្ទូលថា៖ «នេះជាមោទនភាពរបស់ខ្ញុំ អ្នកអាចចោទប្រកាន់ខ្ញុំថា យ៉ាងម៉េចក៏បាន ប៉ុន្តែខ្ញុំមិនដែលលួចប្រាក់មួយកាក់មួយសេន ពីប្រជារាស្ត្ររបស់ខ្ញុំទេ»។ ព្រះអង្គមានប្រាក់សោធនបន្តិចបន្តួច ដែលផ្តល់ឲ្យដោយប្រធានាធិបតីថ្មី របស់បារាំង លោក Francois Mitterrand និងអំណោយបន្តិចបន្តួច ដែលផ្ញើមកដោយប្រជាជនកម្ពុជា ដែលបានគេចចេញពីរបបខ្មែរក្រហម។ ថ្ងៃមួយ ព្រះអង្គបានលៃលកលក់«វាំង»របស់ព្រះអង្គនៅទីនោះ ហើយផ្លាស់ទៅនៅភូមិគ្រឹះតូចមួយ ដែលមានទីតាំងនៅជិតនោះដែរ គឺភូមិគ្រឹះមានឈ្មោះ គន្ធបុប្ផា បន្ទាប់ពីបុត្រីជាទីស្រឡាញ់របស់ព្រះអង្គ បានទទួលមរណកាល ដោយសារជំងឺទាំងនៅព្រះជន្មវ័យក្មេង។
នៅពេលសៀវភៅរបស់ ព្រះអង្គ ដែលមានឈ្មោះថា Souvenir Doux et Amer ចេញជារូបរាង ខ្ញុំបានសរសេរអត្ថបទវែងមួយ អំពីសៀវភៅនោះ តាមសំណើរបស់លោក Suthichai Yoon ដែលជាការីនិពន្ធរបស់កាសែតឌឹណេសិន (The Nation)។ មានគេផ្ញើច្បាប់ចម្លងនៃអត្ថបទនោះ ទៅព្រះបាទនរោត្តម សីហនុ នៅកូរ៉េខាងជើង ហើយព្រះអង្គ បានផ្ញើការឆ្លើយតបយ៉ាងកក់ក្តៅមួយមកខ្ញុំ។ នោះហើយគឺជាអ្វី ដែលខ្ញុំ បានជួបព្រះអង្គ ជាលើកដំបូង។ ក្រោយមកខ្ញុំបានជួបព្រះអង្គជាច្រើនលើកទៀត។ ព្រះអង្គបានផ្ញើលិខិតវែងមួយ អញ្ជើញភរិយារបស់ខ្ញុំ Shirley និងរូបខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ជាមួយព្រះអង្គនិងព្រះ មហាក្សត្រិយ៍។ ព្រះអង្គបានសរសេរថា៖ «ឥឡូវនេះ ខ្ញុំនៅទីបំផុត អាចប៉ាវ[អាហារថ្ងៃត្រង់]ចំពោះអ្វី ដែលអ្នកស័ក្តិសមនឹងទទួលហើយ»។ ខ្ញុំបានទៅចូលរួមទទួលទានអាហារថ្ងៃត្រង់នោះ ហើយព្រះភក្រ្តព្រះអង្គ ប្រកបដោយស្នាមញញឹម។
បន្ទាប់ពីការ ចុះហត្ថលេខា លើកិច្ចព្រមព្រៀងត្រីភាគី រវាងខ្មែរក្រហម អ្នកសាធារណរដ្ឋលោក សឺន សាន និងគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច នៅទីក្រុងគូឡាឡាំពួ ក្នុងឆ្នាំ ១៩៨២ ព្រះបាទនរោត្តម សីហនុ នៅទីបំផុត បានសម្រេចព្រះទ័យ យាងទៅទស្សនកិច្ចនៅប្រទេសថៃ។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសថៃ សម័យនោះ គឺលោក Siddhi Savetsila មានការភ័យខ្លាចថា ព្រះបាទនរោត្តម សីហនុ អាចនឹងមិនទទួលបានការស្វាគមន៍ ពីប្រជាជនថៃ នៅទីក្រុងបាងកកទេ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ បានកាត់ក្តីសម្រេចថា ប្រាសាទព្រះវិហារ ជារបស់កម្ពុជា នៅឆ្នាំ ១៩៦២។ ដូច្នេះការយាងទៅរបស់ព្រះបាទនរោត្តម សីហនុ ត្រូវបានពន្យារពេល ហើយព្រះអង្គបានរង់ចាំនៅរដ្ឋ Penang។
តាមសំណើរបស់ព្រះអង្គ ខ្ញុំបានផ្ញើសារទូរលេខមួយទៅមិត្តម្នាក់ នៅស្ថានទូតអាមេរិក នៅទីក្រុងបាងកក គឺលោក Ed MacWilliams។ ឯកអគ្គរដ្ឋទូតអាមេរិកលោក John Gunter Dean បានទៅជួបលោក Siddhi ហើយបានបញ្ចុះបញ្ចូលគាត់ឲ្យជឿថា វាមិនមែនជារឿងល្អនោះទេ សម្រាប់មុខមាត់របស់ថៃ និងអាស៊ាន ប្រសិនបើមានចំណាប់អារម្មណ៍លើកឡើងថា កិច្ចព្រមព្រៀងត្រីភាគី ដែលចុះហត្ថលេខានោះ ជារឿងអាក្រក់។ ដូច្នេះ ព្រះបាទនរោត្តម សីហនុ នៅទីបំផុត អាចទៅដល់ប្រទេសថៃ ហើយត្រូវបានយាងទៅសណ្ឋាគារ Erawan Hotel នៅក្រុងបាងកក។ នៅពេលយាងទៅដល់ ព្រះអង្គ បានសម្តែងពីភាពរួសរាយរាក់ទាក់ដូចសព្វដង ដែលព្រះអង្គធ្លាប់ធ្វើ គឺចាប់ដៃជាមួយមនុស្សគ្រប់គ្នា រួមទាំងអ្នកបើកម៉ូតូអមដំណើរព្រះអង្គពីរនាក់ និងអ្នកយួរវ៉ាលិសនៅសណ្ឋាគារ។ អ្នករាល់គ្នា បានអបអរព្រះអង្គ ហើយព្រះអង្គបានទទួលការស្វាគមន៍ពីមនុស្សជាច្រើនពេល ទ្រង់យាងទៅដល់។
វាត្រូវការរយៈពេលជាច្រើនឆ្នាំ ដើម្បីទទួលបានសន្តិភាព នៅកម្ពុជា និងត្រូវការសន្និសីទ និងកិច្ចប្រជុំជាច្រើនផងដែរ ប៉ុន្តែនៅទីបំផុត ភាពជោគជ័យ គឺនៅទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ហើយព្រះបាទនរោត្តម សីហនុ បានយាងត្រឡប់មកប្រទេសជាទីស្រឡាញ់របស់ព្រះអង្គវិញ។ បន្ទាប់មកព្រះបាទនរោត្តម សីហនុ បានក្លាយជាព្រះមហាក្សត្រជាថ្មី។
ប្រជាជនរបស់ព្រះអង្គ មិនដែលបំភ្លេចព្រះអង្គនោះទេ ហើយខ្ញុំប្រាកដណាស់ថា នឹងមានប្រជាជនជាច្រើន ចូលរួមពិធីបុណ្យព្រះបរមសពរបស់ព្រះអង្គ។ ពីរឆ្នាំក្រោយមក ខ្ញុំបានធ្វើការថតភាពយន្តឲ្យទូរទស្សន៍បារាំងមួយដែលមាន ឈ្មោះថា Nine Lives of Norodom Sihanouk។ មនុស្សម្នាក់ ក្នុងចំណោមមនុស្សដែលខ្ញុំបានសម្ភាស គឺលោក ចក់ សារិ ដែលជាមិត្តចាស់ និងជាអ្នកជាទីស្រឡាញ់របស់ខ្ញុំ ដែលបាននិយាយថា៖ «នៅពេលព្រះបាទនរោត្តម សីហនុ គ្រប់គ្រងប្រទេសកម្ពុជា យើងទាំងអស់គ្នា រស់នៅដោយសន្តិភាព យើងទាំងអស់គ្នា មានប្រាក់កាសគ្រប់គ្រាន់ និងរស់នៅដោយសុភមង្គល»៕
No comments:
Post a Comment
yes