Wednesday, October 31, 2012

កម្មករ​តេយ៉ុង​១៦​នាក់​ព្រម​ឈប់​ពី​ការងារ​ជា​ថ្នូរ​ក្រុមហ៊ុន​ដក​ពាក្យ​ប្តឹង

121031_9
កម្ម​ករ​រោង​ចក្រ ​តេ យុង លើក​គ្នា​ធ្វើ​កូដ​កម្ម​តវ៉ា​កាល​ពី​ដើម​ខែ​តុលា​​​

ភ្នំពេញៈ កម្មករ​១៦​នាក់​នៅ​រោងចក្រ​តេយ៉ុង ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ដែល​បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ដើម​ខែ​នេះ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​ពួកគេ​ឲ្យ​ចូល​ធ្វើ​ការ​វិញ បាន​សម្រេច​លា​ឈប់​ពី​ការងារ​កាល​ពី​សប្ដាហ៍​មុន ​បន្ទាប់​ពី​មាន​ការ​ចរចា​សម្រប​សម្រួល​គ្នា។
កម្មករ​ប្រហែល​៦០០ នាក់​បាន​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ​នេះ​កាល​ពី​ដើម​ខែ​តុលា​ដើម្បី ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​កម្មករ​ទាំង​១៦​នាក់​វិញ ហើយ​និង​ដក​ពាក្យ​បណ្ដឹង​ពី​ពួកគេ​ផង។
លោក អ៊ុន ប៊ុនគា តំណាង​កម្មករ​បាន​ប្រាប់​ថា កម្មករ​ទាំង​១៦​នាក់​បាន​សម្រេច​លាឈប់​ពី​ការងារ​ហើយ និង​បាន​ទទួល​ប្រាក់​អត្ថ​ប្រយោជន៍​ខ្លះៗ​ពី​ក្រុមហ៊ុន​ផង។ លោក​ថា៖«យើង​ព្រម​លាឈប់​ពី​ក្រុមហ៊ុន​នេះ ព្រោះ​ក្រុមហ៊ុន​បាន​យល់​ព្រម​ដក​ពាក្យ​បណ្ដឹង​ដែល​ប្តឹង​ពួក​យើង។ បើ​ក្រុមហ៊ុន​មិន​ដក​ពាក្យ​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​ទេ យើង​នឹង​មិន​លាឈប់​ដែរ ព្រោះ​យើង​បារម្ភ​ថា មិន​អាច​រក​ការងារ​កន្លែង​ផ្សេង​បាន ពេល​យើង​ជាប់​ឈ្មោះ​នៅ​តុលាការ»។

លោក អ៊ុន ប៊ុនគា និង​កម្មករ​បួន​នាក់​ទៀត​នឹង​ចាប់​ផ្ដើម​ធ្វើ​ការងារ​ថ្មី​ក្នុង​នាម​ជា មន្ត្រី​សហជីព​សេរីកម្មករ​(FTU)​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុង​តួនាទី​ជា​អ្នក​សម្រប​សម្រួល​កម្មករ​នៅ​តាម​រោងចក្រ​ឲ្យ​ចូល​ជា​សមាជិក សហជីព​នេះ។​
លោក ប៊ុនគា ប្រាប់​ថា៖«ខ្ញុំ​មាន​ការងារ​ថ្មី​នៅ FTU នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​នេះ»។
លោក ម៉ាន់ សេង​ហាក់ ​អគ្គលេខាធិការ​សហជីព​សេរី​កម្មករ​ក៏​បាន​ឲ្យ​ដឹងដែរ​ថា លោក​បាន​ចុះ​ទៅ​ធ្វើ​អន្តរាគមន៍​សម្រប​សម្រួល​ជាមួយ​ក្រុមហ៊ុន និង​កម្មករ​ដើម្បី​បញ្ចប់​ជម្លោះ ហើយ​អ្វីៗ​ត្រូវ​បាន​បញ្ចប់​រួច​រាល់​ហើយ។
លោកបន្ត​ថា៖ ​«កម្មករ​យល់​ព្រម​លាឈប់​ពី​ការងារ និង​ទទួល​យក​ប្រាក់​ខ្លះៗ ហើយ​ក្រុម​ហ៊ុន​បាន​ប្រាប់​យើង​ថា ពួកគេ​នឹង​ដក​ពាក្យ​បណ្ដឹង​និង​មិន​ឲ្យ​យើង​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ ទេ»។
លោកបញ្ជាក់​ថា កម្មករ​មាន​គម្រោង​បន្ត​ធ្វើ​កូដកម្ម ប៉ុន្តែ​បន្ទាប់​ពី​បាន​ពិភាក្សា​គ្នា ពួកគេ​បាន​ស្នើ​ឲ្យ​មន្ត្រី​សហជីព FTU ជួយ​ធ្វើ​អន្តរាគមន៍​ជាមួយ​ក្រុមហ៊ុន​បញ្ចប់​បញ្ហា​នេះ ព្រោះ​ថា ពួក​គេ​ក៏​មិន​ចង់​ធ្វើ​ឲ្យ​រឿងរ៉ាវ​កាន់​តែធំ​ឡើងៗ​ដែរ ម្យ៉ាង​ការ​តវ៉ា​កន្លង​មក​ក៏​មិន​ទាន់​ទទួល​បាន​ការ​យល់​ព្រម​ណា​មួយ​ពី ភាគី​ក្រុមហ៊ុន​ផង។
ប្រធាន​រដ្ឋបាល​នៃ​រោង​ចក្រ​តេយ៉ុង លោក ព្រាប ឡេន ថ្លែង​ពី​ម្សិល​មិញ​ថា ជម្លោះ​រវាង​កម្មករ​និង​រោងចក្រ​បាន​បញ្ចប់​ហើយ។
លោក ថា៖ «​យើង​បាន​បញ្ចប់​ការ​តវ៉ា​នៅ​ក្រុមហ៊ុន​យើង​ហើយ ហើយ​កម្មករ​ទាំង​១៦​នាក់​នោះ​ ក៏​បាន​លា​ឈប់​ហើយ​ដែរ។ ក្រុមហ៊ុន​មិន​ទាន់​បាន​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​ទេ ប៉ុន្តែ យើង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ដើម្បី​បញ្ចប់​បញ្ហា​នេះ​រួច​ហើយ»៕ 

No comments:

Post a Comment

yes