
ឈុត វុទ្ធី កាលនៅរស់
តុលាការខេត្តកោះកុង បានសម្រេចដោះលែងជនជាប់ចោទដែលជាប់ពាក់ព័ន្ធក្នុងរឿងបាញ់សម្លាប់ប្រធានអង្គការអភិរក្សធនធានធម្មជាតិ លោក ឈុត វុទ្ធី ក្រោយពីបានជាប់ពន្ធនាគាររយៈពេល ៦ខែ។ សេចក្ដីសម្រេចនេះ ត្រូវរងការរិះគន់ពីមន្ត្រីសង្គមស៊ីវិល និងសាច់ញាតិជនរងគ្រោះ។
មន្ត្រីសង្គមស៊ីវិល និងសាច់ញាតិរបស់ លោក ឈុត វុទ្ធី អតីតប្រធានអង្គការអភិរក្សធនធានធម្មជាតិ ដែលជាជនរងគ្រោះក្នុងករណីបាញ់សម្លាប់នៅខេត្តកោះកុង បានប្រតិកម្មចំពោះការសម្រេចដោះលែងបុរសឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន ធីមប័រហ្គ្រីន (Timber Green) ជាជនជាប់ចោទពាក់ព័ន្ធក្នុងរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី។
ព្រះរាជអាជ្ញារងតុលាការខេត្តកោះកុង លោក ស្រី ម៉ាកនី នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ បានចេញដីកាបង្គាប់ទៅពន្ធនាគារខេត្តកោះកុង ឲ្យដោះលែងបុរសឈ្មោះ រ៉ាន់ បូរ័ត្ន អាយុ ២៦ឆ្នាំ ជាសន្តិសុខក្រុមហ៊ុន ធីមប័រហ្គ្រីន ដែលជាប់ចោទពីបទមនុស្សឃាតដោយអចេតនា ទៅលើមន្ត្រីកងរាជអាវុធហត្ថឈ្មោះ អ៊ិន រតនា ដែលតុលាការចោទថាបានបាញ់សម្លាប់លោក ឈុត វុទ្ធី កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ កន្លងទៅ។
ទាក់ទងបញ្ហានេះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) លោក អំ សំអាត មានទស្សនៈថា រឿងក្ដីរបស់លោក ឈុត វុទ្ធី ហាក់ដូចជាឆាកល្ខោនមួយដែលគេរៀបចំឡើងដើម្បីសម្ដែងប៉ុណ្ណោះ។ លោកថា ការដោះលែងលោក រ៉ាន់ បូរ័ត្ន នេះ គឺវាគ្មានអ្វីចម្លែកនោះទេ។ ប៉ុន្តែអ្វីដែលជាការសោកស្ដាយជាទីបំផុតនោះ គឺសំណុំរឿងបាញ់សម្លាប់លោក ឈុត វុទ្ធី នោះតុលាការបានបញ្ចប់ការស៊ើបអង្កេត និងរលត់លើបណ្ដឹងអាជ្ញា ដែលធ្វើឲ្យមានភាពអយុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។
លោក អំ សំអាត៖ «ករណីកាត់ទោសលោក រ៉ាន់ បូរ័ត្ន នេះ គឺចង្អុលបង្ហាញឲ្យយើងគិតថា អ្វីជាអាថ៌កំបាំងនៅពីក្រោយឃាតកម្មលោក ឈុត វុទ្ធី ក៏ដូចជាបទល្មើសដែលបណ្ដាលឲ្យមានការបាញ់សម្លាប់លោក ឈុត វុទ្ធី នេះ គឺទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ហ្នឹង ត្រូវបានកប់ចោល ឬក៏នៅក្នុងភាពជាអាថ៌កំបាំងជានិច្ច ដែលទាំងអស់នេះយើងជាសង្គមស៊ីវិលមិនអាចទទួលយកលទ្ធផលនៃការស៊ើបអង្កេតនេះបានទេ»។
សំណុំរឿងឃាតកម្មបាញ់សម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី កាលពីខែមេសា ត្រូវចៅក្រមតុលាការខេត្តកោះកុង កាត់ក្ដីឲ្យបុរសជាប់ចោទឈ្មោះ រ៉ាន់ បូរ័ត្ន ជាសន្តិសុខក្រុមហ៊ុន ធីមប័រហ្គ្រីន ជាប់ក្នុងពន្ធនាគារតែ ៦ខែ នឹងទោសចំនួន ១ឆ្នាំកន្លះទៀតត្រូវព្យួរ។ គិតមកដល់ថ្ងៃទី៤ ខែវិច្ឆិកា ជនជាប់ចោទនឹងត្រូវរួចខ្លួនពីពន្ធនាគារ។
លោកស្រី សំ ចាន់ធី ភរិយាលោក ឈុត វុទ្ធី បានច្រានចោលចំពោះការសម្រេចរបស់តុលាការខេត្តកោះកុង ដែលបានដោះលែងលោក រ៉ាន់ បូរ័ត្ន ថាពុំអាចទទួលយកបានទេ។ លោកស្រីបានហៅការសម្រេចរបស់តុលាការខេត្តកោះកុង ថាជាអំពើអយុត្តិធម៌ដល់ក្រុមគ្រួសារគាត់ ដោយសារតែពួកគាត់ពុំដែលបានទទួលព័ត៌មានពីតុលាការឡើយ។
លោកស្រី សំ ចាន់ធី៖ «ក្រុមគ្រួសារខ្ញុំជាជនរងគ្រោះនេះ ដឹងថាកាត់ក្ដីរបៀបម៉េច ឲ្យខ្ញុំឡើងសវនាការស្ដាប់ពីហេតុផលអ្វីទាំងអស់។ រលត់ដោយសារតែ អ៊ិន រតនា ស្លាប់ហ្នឹង គឺគេបញ្ចប់ហ្មង។ ខ្ញុំសង្ឃឹមថា តុលាការរកយុត្តិធម៌ឲ្យក្រុមគ្រួសារខ្ញុំ និងរកយុត្តិធម៌ឲ្យប្ដីខ្ញុំ ផ្ទុយទៅវិញតុលាការកាត់ក្ដីអ៊ីចឹង ខ្ញុំស្ដាយក្រោយជាទីបំផុត»។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង លោក ស្រី ម៉ាកនី បានបដិសេធមិនអត្ថាធិប្បាយទេ នៅថ្ងៃទី២ វិច្ឆិកា ដោយលោកថាជាប់រវល់ប្រជុំនៅក្នុងសិក្ខាសាលា។
តុលាការបានបើកសវនាការលើសំណុំរឿងឃាតកម្មលោក ឈុត វុទ្ធី កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២។
ចៅក្រមតុលាការបានប្រកាសថា ប៉េអឹម អ៊ិន រតនា ពិតជាបានបាញ់សម្លាប់លោក ឈុត វុទ្ធី បន្ទាប់មក ឈ្មោះ រ៉ាន់ បូរ័ត្ន បានទៅដណ្ដើមកាំភ្លើងពី អ៊ិន រតនា ដើម្បីរារាំងកុំឲ្យមានការផ្ទុះអាវុធទៀត ក៏រាលកៃកាំភ្លើងត្រូវចំឈ្មោះ អ៊ិន រតនា ស្លាប់នៅនឹងកន្លែងកើតហេតុជិតក្រុមហ៊ុន ធីមប័រហ្គ្រីន ដែលមានគំនរឈើ និងវល្លិល្មៀត។
ឃាតកម្មលើលោក ឈុត វុទ្ធី បានកើតមានបន្ទាប់ពីរូបលោក និងអ្នកកាសែតចំនួន ២នាក់ទៀត បានព្យាយាមចុះថតយករូបភាព និងយកព័ត៌មានជុំវិញសកម្មភាពកាប់បំផ្លាញព្រៃឈើអនាធិបតេយ្យក្នុងខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
សំណុំរឿងនេះ លោកព្រះរាជអាជ្ញារងខេត្តកោះកុង ស្រី ម៉ាកនី តំណាងអយ្យការនៅរក្សាការចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌលើឈ្មោះ រ៉ាន់ បូរ័ត្ន ជាជនជាប់ចោទតែម្នាក់គត់ ក្នុងសំណុំរឿងឃាតកម្មលើមន្ត្រីប៉េអិម ឈ្មោះ អ៊ិន រតនា ដែលបានបាញ់សម្លាប់លោក ឈុត វុទ្ធី៕
No comments:
Post a Comment
yes