លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា អង្គុយជួរមុខ (ទី២ រាប់ពីឆ្វេង)
ស្ងាបក្នុងពេលប្រជុំកំពូលអាស៊ានជាមួយបណ្តាមេដឹកនាំនៃប្រទេសផ្សេងទៀត
នៅក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា
ភ្នំពេញៈ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឋានៈជាប្រមុខរដ្ឋអាមេរិក ទី១ដែលបានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រមកកាន់កម្ពុជា មិនបាននិយាយពាក្យមួយម៉ាត់សោះ ទៅកាន់ប្រជាជនកម្ពុជាឡើយ បើទោះបីជាមនុស្សជាច្រើន បានកត់សម្គាល់ថា លោកមានពេលវេលាប្រថុចញ៉ុចណាស់ក្តី។
ចិន កម្ពុជា និងប្រទេសរបបកុម្មុយនីស្តដទៃទៀត បានចាប់យកឱកាសផ្សព្វផ្សាយ ដោយមិនសូវផ្តល់ព័ត៌មានច្រើនទេ ក្នុងកិច្ចប្រជុំជាលក្ខណៈអន្តរជាតិ។ ប៉ុន្តែ សម្រាប់បណ្តាប្រទេសលទិ្ធប្រជាធិបតេយ្យធំៗ នៅលើពិភពលោកមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅភ្នំពេញ នាសប្តាហ៍នេះ បានសម្រេចចិត្តនៅស្ងាត់ស្ងៀម ឬស្ទាក់ស្ទើរ មិនផ្តល់ព័ត៌មាន ដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។
ប្រជាជនកម្ពុជាជាច្រើន គិតចាប់ពីមនុស្សនៅតាមផ្លូវ រហូតដល់ឥស្សរជន បានសម្តែងការខកចិត្ត ដែលមេដឹកនាំមហាអំណាចពិភពលោក មានកម្មវិធីមមាញឹកខ្លាំង ដែលលោកមិនអាចថ្លែងទៅកាន់ពួកគេបាន។ អ្នកផ្សេងទៀតសោកស្តាយ ដែលលោកប្រធានាធិបតីអាមេរិក មិនអាចទៅទស្សនាកន្លែងប្រវតិ្តសាស្រ្តដ៏អស្ចារ្យ ដែលបង្ហាញពីភាពរុងរឿងនៃអាណាចក្រអង្គរ និងសោកនាដកម្មដែលកើតឡើងនៅកម្ពុជា ជាប្រវតិ្តសាស្រ្ត ដែលសហរដ្ឋអាមេរិក បានដើរតួនាទីលេចធ្លោ។
ក្នុងលិខិតចេញពីចិត្តមួយ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលកាន់សញ្ជាតិអាមេរិក សម្តែងការសោកស្តាយដែលសារៈសំខាន់ នៃភារកិច្ច លោកអូបាម៉ា ត្រូវចូលរួម បានរារាំងលោក មិនបានថ្លែងជាសាធារណៈ ឬទស្សនា «ភាពស្រស់បំព្រងឋិតថេរ នៃវប្បធម៌កម្ពុជា»។ លោក ឆាំង យុ បានសរសេរថា៖ «ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អាមេរិក បានកប់ក្នុងការងារ ...។ ខ្ញុំសោកស្តាយ ដែលលោកប្រធានាធិបតី មិនដែលបានទស្សនាប្រាសាទអង្គរវត្ត ជាអច្ឆរិយៈមួយ ក្នុងចំណោមអច្ឆរិយៈទាំង ៧ នៅលើពិភពលោក»។
លោក យុ បានកត់សម្គាល់ថា នៅប្រទេសមីយ៉ាន់ម៉ា លោក អូបាម៉ា បានជួប «ប្រជាជនភូមារាប់ពាន់នាក់ដើរតាមផ្លូវ» ហើយជួបលោកស្រី Aung San Suu Kyi នៅភូមិគ្រឹះមាត់ទន្លេរបស់លោកស្រី ហើយពេលលោកនៅប្រទេសថៃ លោកបានគាល់ព្រះមហាក្សត្រថៃ និងទទួលការស្វាគមន៍ពីមេដឹកនាំសាសនានៅវត្តភូ»។ លិខិតនោះបានបន្តថា៖ «ប៉ុន្តែ នៅកម្ពុជា ជាមួយនឹងភាពអ៊ឹកអធឹកតិចតួច ក្បួនរថយន្ត របស់លោកប្រធានាធិបតី បានបើកឆ្លងកាត់ផ្លូវស្ងាត់។ ពុំមានឆ្មាំកិត្តិយស ឬស្រ្តីស្រស់ប្រិមប្រិយ ទទួលស្វាគមន៍ការមកដល់របស់លោកឡើយ»។
លោក អូបាម៉ា ចំណាយពេលតែ ១៤ ម៉ោងប៉ុណ្ណោះ នៅមីយ៉ាន់ម៉ា ប៉ុន្តែយ៉ាងហោចណាស់ ២៤ ម៉ោង នៅភ្នំពេញ។
កាល ពីម្សិលមិញ អ្នកផ្សេងទៀតសោកស្តាយ ចំពោះការបាត់បង់ឱកាសមាស សម្រាប់លោក អូបាម៉ា ថ្លែងទៅកាន់ប្រជាជនកម្ពុជាឡើងវិញ អំពីអ្វី ដែលលោកបានពិភាក្សា ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីការអនុវត្តរបស់រដ្ឋាភិបាលទាក់ទងនឹងសិទិ្ធមនុស្ស។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ដែលបានពិភាក្សាជាលក្ខណៈឯកជនស្តីពីបញ្ហាយុតិ្តធម៌សង្គម និងនយោបាយ ជាមួយនឹងសហរដ្ឋអាមេរិក អមនឹងកិច្ចប្រជុំកំពូលនោះ បានថ្លែងថា ដោយគ្មានការអត្ថាធិប្បាយជាសាធារណៈពីលោក អូបាម៉ា កិច្ចពិភាក្សារបស់លោក ជាមួយនឹងលោក ហ៊ុន សែន ងាយនឹងស្ថិតក្រោមការគ្រប់គ្រង ក្នុងសារព័ត៌មានក្នុងស្រុក។ លោកលើកឡើងថា៖ «ខ្ញុំអាចប្រាប់អ្នកថា ខ្ញុំកោតសរសើរការដែលលោក អូបាម៉ា ពិតជាបានលើកឡើងពីបញ្ហាសិទិ្ធមនុស្សជាច្រើន ដែលលោកបានលើកឡើង ប៉ុន្តែ ខ្ញុំរំពឹងស្តាប់ការអត្ថាធិប្បាយជាសាធារណៈពីលោកប្រធានាធិបតី ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ វានឹងបន្ថែមទម្ងន់លើបញ្ហាដែលយើងកំពុងជំរុញ»។ លោកបន្តថា៖ «ខ្ញុំគិតថា មនុស្សម្នាក់គត់ ដែលអាចធ្វើសេចក្តីថ្លែងការណ៍ពិតនោះ គឺលោក អូបាម៉ា ផ្ទាល់»។ លោកបានពន្យល់ថា វានឹងពិបាកសម្រាប់អ្នកនាំពាក្យរដ្ឋាភិបាល ក្នុងការបកស្រាយ បន្ធូរ សម្រាលសម្តីរបស់លោកប្រធានាធិបតីអាមេរិក។
មានអារម្មណ៍រកាំ ចិត្តដែលលោក អូបាម៉ា មិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីសិទិ្ធមនុស្ស នៅតាមដងផ្លូវ ដែលប្រជាជនកម្ពុជាធម្មតា បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងគួរឲ្យភ្ញាក់ផ្អើលលើបញ្ហា នៅក្នុងកិច្ចប្រជុំកំពូល។
លោក ថុល សីហា អ្នករត់ម៉ូតូឌុបអាយុ ២៦ ឆ្នាំ ដែលបានចូលរួមការតវ៉ា ដែលបាញ់អក្សរ SOS នៅលើដំបូលផ្ទះនៅអាកាសយានដ្ឋាននោះ បានថ្លែងថា លោកខកចិត្តយ៉ាងខ្លាំង ដែលលោកប្រធានាធិបតីអាមេរិក មិនបានលើកឡើងបញ្ហាដូចជា សិទិ្ធមនុស្ស ការបណ្តេញចេញដោយបង្ខំ សេរីភាពបញ្ចេញមតិ និងភាពអយុតិ្តធម៌នៅកម្ពុជា។ លោកថ្លែងថា៖« ខ្ញុំគិតថា គាត់ដឹងយ៉ាងជាក់ច្បាស់ថា សហគមន៍ងាយទទួលរងគ្រោះ និងអង្គការក្នុងស្រុក និងអន្តរជាតិព្រមទាំងអ្នកកាសែត ចង់ឲ្យគាត់និយាយអំពីបញ្ហាទាំងនេះជាសាធារណៈដើម្បីជំរុញរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រសើរឡើងចំពោះបញ្ហាទាំងអស់ ខណៈដែលប្រជាជនកំពុងទាមទារវា»។ លោកសីហាបន្តថា៖«ខ្ញុំមានការចង់ដឹងណាស់ នៅពេលខ្ញុំឃើញថា លោកហ៊ុន សែន មិនបានអនុញ្ញាតឲ្យអ្នកកាសែតក្នុងស្រុក និងអន្តរជាតិសួរលោក អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន ខណៈដែលលោកកំពុងថ្លែងនៅក្នុងសន្និសីទកាសែតបិទកិច្ចប្រជុំ»។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានថ្លែងថា៖ «លោក អូបាម៉ា បានមកទីនេះ ផ្តោតសំខាន់ លើបញ្ហាពាណិជ្ជកម្ម ហើយមិនចង់ធ្វើឲ្យកម្ពុជា ក្លាយជាឆាកលើសពីបញ្ហាសន្តិសុខទ្វេភាគី និងបញ្ហាពាណិជ្ជកម្ម ដែលគាត់ត្រូវចរចានៅកិច្ចពិភាក្សាជាមួយប្រទេសមហាអំណាចដូចជា ចិន»។ លោកបន្តថា៖ «ពិតណាស់ នៅកិច្ចជំនួបទ្រង់ទ្រាយនេះ ដែលជាទ្រង់ទ្រាយពិភពលោក ប្រសិនបើប្រធានាធិបតី អូបាម៉ា ធ្វើសន្និសីទកាសែត បើទោះបីជាសន្និសីទខ្លីមួយក៏ដោយ ក៏អាចនឹងហាក់បីដូចជាគាត់ដណ្តើមការនិយាយរបស់អ្នកដទៃ»។ លោកបន្តទៀតថា៖ «រឿងមួយទៀតគាត់នឹងមិនចង់ឲ្យគេឃើញ ខណៈដែលគាត់កំពុងគាំទ្រការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន»។ លោកបន្ថែមថា លោក អូបាម៉ា អាចនឹងប្រហែលជាមានការប្រុងប្រយ័ត្ន ខ្លាចធ្វើឲ្យលោក ហ៊ុន សែន បាក់មុខជាសាធារណៈខ្លាំងពេក។ លោក ឡៅ ម៉ុងហៃ បានថ្លែងទៀតថា ទោះបីយ៉ាងណាក៏ដោយសន្និសីទកាសែតខ្លីមួយ ពីសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចជំនួបទ្វេភាគី ជាមួយលោក ហ៊ុន សែន គួរឲ្យមានការសរសើរ ដែលបានធ្វើការពន្យល់យ៉ាងច្បាស់ភ្លាមៗ អំពីអ្វីដែលបានកើតឡើង។
ប្រព័ន្ធផ្សព្វផ្សាយពិភពលោក បានធ្វើការរិះគន់ទៅលើក្រសួងការបរទេសកម្ពុជា ដែលមិនបានរៀបចំឲ្យមានការបកប្រែទៅជាភាសាផ្សេងទៀត ក្រៅពីភាសាខ្មែរ ក្នុងអំឡុងពេលប្រជុំ ដែលធ្វើឲ្យអ្នកសែតបរទេសជាច្រើនខកចិត្ត។
លោក អូបាម៉ា ក៏បានថ្លែងផងដែរ ទៅសារព័ត៌មានអាមេរិក ដោយចោទប្រកាន់ថា មានការអនុញ្ញាតឲ្យចិនជាថ្មីម្តងទៀតរុញរបៀបវារៈរបស់ ពួកគេ ចេញតាមរយៈកម្ពុជា។
ពិតណាស់ សញ្ញានៃការលម្អៀងរបស់កម្ពុជា ទៅរកចិន មិនបានធ្វើឲ្យកិច្ចប្រជុំមានភាពច្បាស់ជាងមុន ហើយដែលក្នុងនោះផងដែរ មានបដាចំនួនបី ដែលសរសេរជាភាសាអង់គ្លេស អបអរអំណាចរបស់ចិន ហើយមានតែបដារបស់ចិនទេ ដែលត្រូវបានដាក់បង្ហាញពាសពេញនៅខាងក្រៅទីស្តីការគណៈរដ្ឋ មន្រ្តី និងវិមានសន្តិភាព។ បដាមួយ ក្នុងចំណោមបដា ដែលសរសេរជាភាសាអង់គ្លេសនោះគឺថា «ជយោ!សាធារណរដ្ឋប្រជាមានិតចិន!»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងកាលពីម្សិលមិញថា លោកសរសើរលោក អូបាម៉ាថាជាមេដឹកនាំឆ្នើម ដែលបានយល់ អំពីសាធារណជន ប៉ុន្តែបញ្ហាគឺដោយសារពេលវេលាតិចពេក សម្រាប់កិច្ចជំនួប។ លោកថា កម្ពុជាស្វែងរកការធ្វើឲ្យមានតុល្យភាព នៃទំនាក់ទំនងរបស់ខ្លួន ជាមួយអាមេរិកនិងចិន។ លោកបានថ្លែងថា៖ «គាត់មានឈាមចម្រុះ ហើយគាត់ជួបជាមួយមនុស្សទូទៅសាមញ្ញ»។ «ខ្ញុំអាចយល់អំពីអារម្មណ៍ ដែលគាត់មិនបានទៅលេងអង្គរវត្ត ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា គាត់មិនបានភ្លក្សហាំបឺហ្គ័រកម្ពុជា‑អាមេរិកនៅភ្នំពេញ»៕
No comments:
Post a Comment
yes