សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 15, 2012

នាយក​រដ្ឋមន្ត្រី​ប្រតិកម្ម​ចំពោះ​សំណេរ​អត្ថបទ​របស់​ម្ចាស់ក្សត្រី នរោត្ដម សោម៉ា

២៨-កុម្ភៈ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ឈរ) នៅ​ក្នុង​ពិធី​ចែក​
សញ្ញាបត្រ​ជូន​និស្សិត​នៅ​​វិទ្យាស្ថាន​បច្ចេកវិទ្យា នា​រាជធានី​ភ្នំពេញ

នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ជា​លើក​ដំបូង​ចំពោះ​សំណេរ​អត្ថបទ​របស់​សែ​រាជវង្ស​មួយ​អង្គ គឺ​ម្ចាស់ក្សត្រី នរោត្តម សោម៉ា ដែល​បាន​សរសេរ​រិះគន់​រដ្ឋាភិបាល នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ចុង​ខែ​តុលា កន្លង​ទៅ និង​បាន​ភ្ជាប់​អនាគត​នៃ​រាជា​និយម​ទៅ​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា។
សំណេរ​របស់​ម្ចាស់ក្សត្រី​អង្គ​នេះ ធ្លាប់​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រាន​ចោល​ម្តង​រួច​ហើយ និង​ចាត់​ទុក​ថា​ជា​សំណេរ​មួយ​ដែល​មាន​ចរិត​បញ្ឆេះ​បំបែក​បំបាក់​សែ​រាជវង្សានុវង្ស​ជាមួយ​រដ្ឋាភិបាល ដែល​មាន​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច។
នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​បកស្រាយ​ចំពោះ​សំណេរ​របស់​សែ​រាជវង្ស​មួយ​អង្គ ដែល​បាន​រិះគន់​មន្ត្រី​រដ្ឋាភិបាល ថា​បាន​វ៉ាងទី ហើយ​ទាត់​ចោល​សែ​រាជវង្សានុវង្ស​នៅ​ក្នុង​ពិធី​រៀបចំ​ព្រះបរមសព​របស់​ព្រះបាទ នរោត្តម សីហនុ នៅ​ក្នុង​ព្រះបរមរាជវាំង ក្រោយ​ពី​បញ្ជូន​មក​ពី​ក្រុង​ប៉េកាំង ប្រទេស​ចិន ភ្លាមៗ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា លោក ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ក្នុង​ការ​រៀបចំ​ចាត់​ចែង​ព្រះ​រាជពិធី​ព្រះបរមសព​របស់​ព្រះបាទ នរោត្តម សីហនុ ប្រសិន​បើ​គ្មាន​រដ្ឋាភិបាល ជាពិសេស​រូប​លោក ដែល​ជា​នាយក​រដ្ឋមន្ត្រី ចាត់​ចែង​ទេ​នោះ សែ​រាជវង្សានុវង្ស​មិន​អាច​ចាត់​ចែង​ពិធី​បុណ្យ​នេះ​បាន​ទេ។
នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បន្ត​ថា ក្នុង​សំណេរ​របស់​ម្ចាស់ក្សត្រី នរោត្តម សោម៉ា ដែល​រិះគន់​ថា​មន្ត្រី​រដ្ឋាភិបាល​បាន​វ៉ាងទី​ហើយ​បាន​ទាត់​ចោល​ព្រះរាជវង្សានុវង្ស។ លោក ហ៊ុន សែន ពន្យល់​ថា ពេល​កំពុង​រៀបចំ​ព្រះបរមសព​នោះ មិន​ទាន់​ដល់​ពេល​ដែល​ព្រះរាជវង្សានុវង្ស​ចូល​ទៅ​ពាក់ព័ន្ធ​នោះ​ទេ ហើយ​ថា​បើ​គ្មាន​មន្ត្រី​រដ្ឋាភិបាល​ទេ​នោះ រាជវង្សានុវង្ស​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ៖ «រាជវង្ស​មួយ​ក្រុម​មិន​អាច​ចាត់​ការ​រឿង​នេះ​បាន​ទេ មិន​អាច​ទេ ហើយ​អ្នក​ចាត់​ការ​រឿង​នេះ​អ្នក​ដែល​មាន​អំណាច​ធំ​បំផុត ត្រូវ​សម្រេច​ចិត្ត​ភ្លាមៗ​ក្នុង​ករណី​ដែល​វា​ចាំបាច់​អ៊ីចឹង អ្នក​ដែល​មាន​អំណាច​ក្នុង​ការ​អារកាត់​ភ្លាមៗ គឺ​នាយក​រដ្ឋមន្ត្រី​នេះ​ឯង គឺ​តេជោ​សែន។ ត្រង់​ថា​កែ​តម្រូវ ឬ​មិន​កែ​តម្រូវ គឺ​អាស្រ័យ​លើ​សិទ្ធិ ក៏ប៉ុន្តែ​ខ្ញុំ​ក៏​គួរ​តែ​ត្រូវ​បកស្រាយ​ដែរ ខ្ញុំ​អត់​បាន​ទៅ​វ៉ាងទី​ទេ តែ​នេះ​ជា​ភារកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ ដែល​ត្រូវ​ធ្វើ​កិច្ចការ​នេះ»
ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្វើ​ឡើង​ជា​លើក​ដំបូង បន្ទាប់​ពី​សំណេរ​អត្ថបទ​របស់​ម្ចាស់ក្សត្រី នរោត្តម សោម៉ា បាន​ចុះ​ផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ កាល​ពី​ថ្ងៃ​ទី២៦ ខែ​តុលា កន្លង​ទៅ។
ក្នុង​អត្ថបទ​ក្រោម​ចំណង​ជើង​ថា "អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​គណបក្ស​ប្រជាជន" ម្ចាស់ក្សត្រី នរោត្តម សោម៉ា បាន​ពណ៌នា​ថា អ្នក​រិះគន់​បាន​លើក​ឡើង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​គ្រប់គ្រង​សង្វៀន​នយោបាយ និង​រាជា​និយម ហើយ​នឹង​បន្ត​គ្រប់គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច ហើយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ជា​មហាក្សត្រ​បច្ចុប្បន្ន ហាក់​ដូច​ជា​ទីងមោង​គ្មាន​អំណាច​អ្វី​ទាំង​អស់។
ម្ចាស់ក្សត្រី នរោត្តម សោម៉ា បាន​សរសេរ​រិះគន់​បន្ត​ថា អនាគត​រាជា​និយម​ស្ថិត​ក្នុង​កណ្ដាប់​ដៃ​របស់​គណបក្ស​កាន់​អំណាច ហើយ​អ្នក​ខ្លះ​ជឿ​ជាក់​ថា​រាជា​និយម​នឹង​បាត់​បង់​ទៅ​បន្តិច​ម្តងៗ។
នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ក្នុង​នាម​លោក​ទទួល​គោរមងារ​ជា​សម្ដេច​តេជោ ពី​ព្រះមហាក្សត្រ លោក​នឹង​បំពេញ​តួនាទី​ការពារ​រាជបល្ល័ង្ក និង​រាជា​និយម៖ «ដែល​ហៅ​ថា តេជោ មិន​ដែល​ក្បត់​ស្ដេច​ទេ គឺ​ជា​អ្នក​ការពារ​ស្ដេច ការពារ​រាជបល្ល័ង្ក ការពារ​រាជា​និយម បើ​ព្រះអង្គ​ម្ចាស់ក្សត្រី​មិន​ជួយ​ការពារ​ទេ សូម​កុំ​បំផ្លាញ ព្រោះ​រាជា​និយម​ជា​របស់​អ្នក​ទាំង​អស់​គ្នា។ ខ្ញុំ​គួរ​និយាយ​ភាសា​ហ្នឹង​ខ្លះ ព្រោះ​ជួន​កាល​ឡេឡឺៗ​ទៅ​ធ្វើ​ឲ្យ​គេ​អាក់​សទ្ធា​ដែរ​ណា»
ម្ចាស់ក្សត្រី នរោត្តម សោម៉ា បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ​ចំពោះ​ប្រតិកម្ម​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ ដោយ​ម្ចាស់ក្សត្រី​បញ្ជាក់​ថា​នឹង​ឆ្លង​ឆ្លើយ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា វិញ៖ «ឥឡូវ​ភ្នំពេញ​ប៉ុស្តិ៍​ស្អែក​សរសេរ​រឿង ស្អែក​ទៅ​មើល​ទៅ។ ឥឡូវ​ខ្ញុំ​អត់​និយាយ​ទេ ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍ ខ្ញុំ​សូម​ទោស»
អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មិន​ធ្លាប់​បញ្ជាក់​ពី​នីតិវិធី​ណា​មួយ​តាម​ផ្លូវ​ច្បាប់ សម្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​របស់​ម្ចាស់ក្សត្រី នរោត្តម សោម៉ា នោះ​ទេ តែ​បញ្ជាក់​ថា ម្ចាស់​អត្ថបទ​នេះ​គួរ​កែ​តម្រូវ​លើ​អត្ថបទ​របស់​ខ្លួន ដែល​បាន​ចេញ​ផ្សាយ​រួច៕

No comments:

Post a Comment

yes