សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 21, 2012

ភ្នំពេញៈ លោក​ស្រី Julia Gillard នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​ពី​អំពើ​ពុករលួយ ធ្វើ​ឡើង​ដោយ​អង្គការ Global Fund ទៅ​ក្នុង​កម្មវិធី​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា ខណៈ​ពេល​ដែល​វា​លេច​ចេញ​ថា ទីភ្នាក់ងារ AusAid ម្ចាស់​ជំនួយ​ធំ​នៃ​អង្គការ​នេះ បាន​ស្នើសុំ​ចម្លើយ អំពី​ការ​ស៊ើប​អង្កេត បន្ទាប់ពី​ដឹង​អំពី​អំពើ​ពុករលួយ កាលពី​ជាង ៥ ខែ​មុន។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អម​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លោក​ស្រី Gillard ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សួរ​សំណួរ​ថា តើ​ហេតុ​អ្វី បាន​ជា​អូស្ត្រាលី មិន​បាន​ជំរុញ​ឲ្យ​ខ្លាំង​ថែម​ទៀត ក្នុង​ការ​ដោះស្រាយ​ការ​ចោទ​ប្រកាន់​ដែល​បាន​ដឹង​ជា​យូរ​មក​ហើយ​នេះ ដោយ​បញ្ហា​នេះ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​មនុស្ស? លោក​ស្រី​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​ជឿថា យើង​អាច​មាន​មោទនភាព​ណាស់ ចំពោះ​ការងារ​របស់​ទីភ្នាក់ងារ​AusAid និង​ចំពោះ​ការ​ប្រុងប្រយ័ត្ន ដែល​ពួក​គេ បាន​បង្ហាញ​ក្នុង​ការ​ចែកចាយ​ប្រាក់​ដុល្លារ​អូស្ត្រាលី។ ខ្ញុំ​ដឹង​អំពី​ការ​ចោទ​ប្រកាន់ ដែល​អ្នក​បាន​លើក​ឡើង ហើយ​ការ​ចោទ​ប្រកាន់​នេះ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត»។ លោក​ស្រី Gillard បាន​បន្ត​ថា អូស្ត្រាលី​មាន​«វិធី​តឹងរ៉ឹង​ចំពោះ​ការ​ចាយ​វាយ​ប្រាក់​ដុល្លារ​អូស្ត្រាលី» ហើយ​មាន​ប្រព័ន្ធ​ឃ្លាំ​មើល​ប្រាក់​ជំនួយ។ សារព័ត៌មាន​ពីរ​គឺ The Age និង The Sydney Morning Herald នឹង​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ទីភ្នាក់ងារ AusAid បាន​បញ្ជាក់​ថា ខ្លួន​បាន​ដឹង​អំពី​ការ​ស៊ើប​អង្កេត កាលពី​ខែ​ឧសភា ហើយ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង លើ​ការ​ចោទ​ប្រកាន់​នេះ បើ​ទោះ​បី​ទីភ្នាក់ងារ​នេះ​នៅ​ស្ងាត់ស្ងៀម​អំពី​សេចក្តី​លម្អិត​ក្តី។ សារព័ត៌មាន​ទាំង​ពីរ​នឹង​រាយការណ៍​ថា ចាប់​តាំង​ពី​ពេល​នោះ ទីភ្នាក់ងារ AusAid បាន​ស្នើ​សុំ​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត។ មន្ត្រី​នៅ​អង្គការ Global Fund ក៏​មិន​បាន​បញ្ចេញ​ព័ត៌មាន​អំពី​ការ​ស៊ើប​អង្កេត​ដែរ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ពួក​គេ​បាន​រក​ឃើញ​ពី«កំហុស​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ» ដែល​បាន​ប្រព្រឹត្ត​ដោយ​អ្នក​ផ្តល់​សេវា​សុខភាព​កម្ពុជា ដែល​អង្គការ​បាន​ផ្តល់​ជំនួយ​ឲ្យ។ បើទោះបីជា​ម្ចាស់​ជំនួយ ទីភ្នាក់ងារ​ជំនួយ​និង​ក្រសួង​សុខាភិបាល នៅ​តែ​ស្ងាត់ស្ងៀម​អំពី​វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត​ក៏ដោយ ក៏​សេចក្តី​លម្អិត​បាន​លេច​ចេញ​បន្តិច​ម្តងៗ អំពី​របៀប​ដែល​មន្ត្រី​កម្ពុជា បាន​យក​ប្រាក់​ចេញពី​លទ្ធកម្ម​ដែល​ឯកភាព​ដោយ​អង្គការ Global Fund។ កាលពី​ថ្ងៃ​ចន្ទ ភ្នំពេញ ប៉ុស្តិ៍​បាន​បង្ហាញ​ថា Sumitomo Chemical Singapore ដែល​ផ្គត់ផ្គង់​មុង​ដល់​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើបអង្កេត​ពី​អំពើ​ពុករលួយ​ផ្ទៃ​ក្នុង​ផ្ទាល់​របស់​ខ្លួន ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ការ​ស៊ើប​អង្កេត របស់​អង្គការ Global Fund។ ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោយ​មក​បាន​បង្ហាញ​ថា ប្រាក់​កេង​បន្លំ​ពី​កម្មវិធី​ជំងឺ​គ្រុន​ចាញ់ គឺមាន​កម្រិត​ក្រោម​១លាន​ដុល្លារ ដោយ​យោង​តាម​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ។ ប្រភព​មួយ​ចំនួន ពី​ក្រុម​អ្នក​គាំពារ​សុខាភិបាល និង​មន្ត្រី​ការ​ទូត​នៅ​ភ្នំពេញ ក៏​បាន​ប្រាប់ AFP ផង​ដែរ​ថា អង្គការ Global Fund បាន​បើក​ការ​ស៊ើប​អង្កេត​លើក​ទី​ពីរ ទៅ​លើ​ការ​ប្រើប្រាស់​ថ្នាំ​ក្លែងក្លាយ​នៅ​ក្នុង​កម្មវិធី​ដែល​ខ្លួន​ឧបត្ថម្ភ​ថវិកា ខណៈ​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ប្រាប់ AFP ថា លោក​មិន​បាន​ទទួល​ព័ត៌មាន អំពី​ការ​អះអាង ពី​អំពើ​ពុករលួយ​ដូច​បាន​លើក​ឡើង​នោះ​ទេ។ លោក​ស្រី Gillard បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​ស្រី​មាន​មោទនភាព ចំពោះ​ការងារ​ដែល AusAid បាន​ធ្វើ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​គ្រុន​ចាញ់ ជាពិសេស​កម្មវិធី​ចាក់​ថ្នាំ​បង្ការ និង​សន្និសីទ​មួយ ស្តីពី​ជំងឺ​គ្រុនចាញ់ ដែល​អូស្ត្រាលី បាន​រៀបចំ​ឡើង កាលពី​ដើម​ខែ​នេះ ហើយ​ដែល​មន្ត្រី​ពី​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ របស់​កម្ពុជា បាន​ចូល​រួម​ដែរ។ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អូស្ត្រាលី បាន​ប្តេជ្ញា​ផ្តល់​នូវ​ទឹក​ប្រាក់​ចំនួន​១០០​លាន​ដុល្លារ​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ លោក​ស្រី Gillard បាន​ថ្លែង​បន្ត​ទៀត​ថា៖«យើង​នឹង​ធ្វើ​ឡើង​ទៅ​តាម​បទពិសោធ ដែល​យើង​ធ្លាប់​មាន​រួច​មក​ហើយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​តំបន់​របស់​យើង និង​ជុំវិញ​ពិភពលោក»៕

121121_07a
លោក​ ម៉ម ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ ចែក​មុង​ជ្រលក់​ថ្នាំដល់​អ្នក​
ភូមិ​នៅ​ខេត្ត​សៀម​រាប​កាល​ពី​ខែ​កុម្ភៈ

ភ្នំពេញៈ ជំនួយ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​ចំនួន​៤៦,៩​ លាន​ដុល្លារ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ​ដោយ​អង្គការ​មូលនិធិ​សកល (The Global Fund)​ អាច​បន្ត​ទៅ​មុខ​បាន​លុះ​ត្រាណា​តែ​ហិរញ្ញវត្ថុ​របស់​ខ្លួន​​ មិន​​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ ចាញ់។
សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង​នៅ​ចំ​ពេល​ការ​ស៊ើប​អង្កេត​​ មួយ​កំពុង​ដំណើរការ និង​រក្សា​ការ​សម្ងាត់​បំផុត ទៅ​លើ​ភ្នាក់ងារ​សុខាភិបាល​កម្ពុជា ដែល​ទទួល​ហិរញ្ញវត្ថុ ពី​អង្គការ​មូលនិធិ​នេះ ហើយ​អ្នក​នាំ​ពាក្យ​របស់​ម្ចាស់​ជំនួយ​ផ្នែក​សុខាភិបាល​ដ៏​ធំ​បំផុត​មួយ​នេះ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ បាន​ថ្លែង​ថា​៖«ភស្តុតាង​ជា​ច្រើន និង​ដែល​អាច​ជឿ​ជាក់​បាន អំពី​កំហុស​ខុស​ឆ្គង​ធ្ងន់ធ្ងរ ផ្នែក​ហិរញ្ញ​វត្ថុ​ ផ្នែក​លទ្ធកម្ម និង​ផ្នែក​បញ្ហា​ដទៃ​ៗ​ទៀត»។
ប្រធាន​ផ្នែក​ទំនាក់​ទំនង​លោក Seth Faison បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​ថា​៖ «​ចំណាត់​ការ​ភ្លាមៗ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការពារ​សុខភាព​របស់​ប្រជាជន ដែល​គាំទ្រ​ដោយ​ជំនួយ​របស់​អង្គការ​មូលនិធិ​សកល​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើ​ការ​ការពារ​ក្នុង​ផ្នែក​លទ្ធកម្ម ​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​។ ​អង្គការ​មូលនិធិ​សកល​និង​ភាគី​ពាក់ព័ន្ធ​ក៏​កំពុង​ពិចារណា​ផង​ដែរ អំពី​ការ​ផ្លាស់​ប្តូរ​នេះ​»។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ទៀត ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​កាសែត​ភាសា​អង់គ្លេស​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ ពុធ​សប្តាហ៍​មុន ដៃ​គូ​ក្នុង​ស្រុក​របស់​អង្គការ​មូលនិធិ​នេះ បាន​សរសេរ​ថា ការ​អនុម័ត​លើ​ជំនួយ​លើក​ក្រោយ ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​អាស្រ័យ​លើ​គណៈកម្មាធិការ​សម្រប​សម្រួល ប្រចាំ​ប្រទេស​ ដែល​កំណត់​ថា តើ​អ្នក​ណា​ត្រូវ​ទទួល​ជំនួយ​»។  ​ជំនួយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ​ ២០១៣​។ បច្ចុប្បន្ន​នេះ ទីភ្នាក់ងារ​រដ្ឋាភិបាល ​គឺ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណក​សាស្រ្ត ដែល​ជា​អ្នក​សំខាន់​ នឹង​ត្រូវ​ទទួល​ជំនួយ​មាន​ស្វយ័ត​ភាព​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ដែល​ផ្តល់​ដោយ​អង្គការ​មូលនិធិ​នេះ។
លោក តៃ ផល្លា ប្រធាន​ផ្នែក​យន្តការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​របស់​អង្គការ​មូលនិធិ ​សកល​និង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ បាន​ថ្លែង​ថា សំណើ​នេះ ​បាន​ធ្វើ​ឡើង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អង្គការ​មូលនិធិ​សកល​ ប៉ុន្តែ​បាន​បដិសេធ​មិន​និយាយ​បន្ថែម​ទៀត អំពី​បញ្ហា​នេះ​ទេ។
សមាជិក ម្នាក់​នៃ​យន្ត​ការ​សម្រប​សម្រួល​ប្រចាំ​ប្រទេស​របស់​អង្គការ​មូលនិធិ​សកល​បាន​ថ្លែង​ថា អង្គការ​មូលនិធិ​សកល​បាន​ជឿថា ស្ថាប័ន​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ របស់​រដ្ឋាភិបាល មិន​មាន​សមត្ថភាព ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ទេ​។
សមាជិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នេះ បាន​ថ្លែង​បន្ត​ថា៖ «ប្រហែល​ជា​មាន​បញ្ហា​សមត្ថភាព និង​បញ្ហា​គ្រប់គ្រង​មួយ​ចំនួន​។ អង្គការ​មូលនិធិ​សកល បាន​ស្នើ​យើង​ឲ្យ​ផ្លាស់​ប្តូរ​អ្នក​ដែល​ត្រូវ​ទទួល​ជំនួយ ទើប​តែ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​»។ ប្រភព​នេះ​បន្ត​ទៀត​ថា​៖ «ប្រសិន​បើ​មិន​អាច​រក​បាន​ស្ថាប័ន​ណា​មួយ​ ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់ អង្គការ UNDP អាច​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​ងារ​គ្រប់​គ្រង​ជំនួយ​ទ្រង់ទ្រាយ ​ធំ​នេះ​។ ​នៅ​ក្នុង​អ៊ី​មែល​មួយ​ ​ការិយាល័យ​អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស​របស់​អង្គការ​សហប្រជាជាតិ ​បាន​ថ្លែង​ថា ​ខ្ញុំ​មិន​អាច​​អះ​អាង​បាន​ទេ ​ពីព្រោះ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ លើ​សេចក្តី​លម្អិត​អំពី​បញ្ហា​នេះ​ទេ​ រហូត​ទាល់​តែ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​បង្ហាញ​ឡើង​។

ការ​ចោទ​ប្រកាន់​ដែល​កំពុង​មាន​អំពី​អំពើ​ពុករលួយ
ក្នុង ​រយៈ​កាល​ជាង​ ១៨ ​ខែ អង្គការ​នេះ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ មក​លើ​កម្មវិធី​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​ស៊ើប​អង្កេត​នេះ​ ដឹក​នាំ​ដោយ​ការិយាល័យ​អធិការ​កិច្ច​របស់​ខ្លួន។
ចាប់​តាំង​ពី​ ឆ្នាំ​ ២០០៣ មូលនិធិ​សកល ប្រឆាំង​នឹង​ជំងឺ​អេដស៍​ ជំងឺ​របេង និង​គ្រុន​ចាញ់ ​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្តល់​ជំនួយ​ចំនួន​១១៦,៨ លាន​ដុល្លារ សម្រាប់​តែ​កម្មវិធី​ជំងឺ​គ្រុន​ចាញ់​តែ​មួយ​ប៉ុណ្ណោះ ​និង ​៣៥៣,៣ លាន​ដុល្លារ សម្រាប់​កម្មវិធី​ជំងឺ​ទាំង​អស់​ខាង​លើ​។ ប៉ុន្តែ​ក្នុង​ចំណោម​កម្មវិធី​ជំងឺ​ទាំង​នេះ​ មាន​តែ​កម្មវិធី​ជំងឺ​គ្រុន​ចាញ់​មួយ​ប៉ុណ្ណោះ​ដែល​ទទួល​រង​ការ​ចោទ ប្រកាន់​ជាច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​មិន​ត្រឹមត្រូវ។
នៅ​ក្នុង​សវនកម្ម​ ចុងក្រោយ ដែល​ចេញ​ផ្សាយ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១០ មន្រ្តី​អធិការ​កិច្ច​បាន​រៀប​រាប់​លម្អិត​ អំពី​សកម្មភាព​មិន​ត្រឹម​ត្រូវ​និង​មិន​ស្មោះត្រង់ លើ​ផ្នែក​ហិរញ្ញវត្ថុ នៅ​ក្នុង​មជ្ឈ​មណ្ឌល​ជាតិ​ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ដូចជា​ការ​ក្លែង​បន្លំ​ ដើម្បី​បើក​ប្រាក់ ​និង​ការ​គ្រប់គ្រង​ថវិកា​ខុស​។ របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០០៨ មាន​ការ​ចំណាយ​មិន​ត្រឹម​ត្រូវ​ ចំនួន​ជិត​១៨ ០០០ ដុល្លារ។ នៅ​ក្នុង​ករណី​កត់​សម្គាល់​ពិសេស​មួយ ការ​ចំណាយ​ទៅ​លើ​អ្នក​ឆុង​កាហ្វេ​គឺ​មាន​ចំនួន​១៥៩០ ដុល្លារ​ និង​ករណី​មួយ​ទៀត​ គឺ​ការ​ចំណាយ​លើ​ទូរស័ព្ទ​ចំនួន ​៤​គ្រឿង ដែល​ទិញ​ឲ្យ​អ្នក​គ្រប់គ្រង​គឺ​មាន​ចំនួន​ ៣៤៤០ ដុល្លារ។
ការ ​ស៊ើប​អង្កេត ក៏​បាន​បង្ហាញ​ផង​ដែរ​ អំពី​កាល​វិភាគ​នៃ​ការ​ធ្វើ​ដំណើរ​ហួស​ហេតុ​ ដែល​កាត់​ចេញ​ពី​សកម្មភាព ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ស្នូល​របស់​កម្មវិធី​នេះ ហើយ​វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​កម្មវិធី​ ដោយ​សារ​បុគ្គលិក​មិន​អាច​ធ្វើ​ដំណើរ​តាម​កាល​វិភាគ​នោះ​បាន ដើម្បី​បំពេញ​ការ​ងារ​របស់​ខ្លួន​សម្រាប់​កម្មវិធី​នេះ។ ​
លោក​វេជ្ជ បណ្ឌិត ច ម៉េងចួរ នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់  និង​អនុ​ប្រធាន​លោក វេជ្ជ​បណ្ឌិត ខេង ស៊ីម និង​ប្រធាន​ផ្នែក​រដ្ឋបាល​លោក​ វេជ្ជបណ្ឌិត មុត ស៊ីនួន ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ចុង​សប្តាហ៍​មុន​។
របាយការណ៍​បាន​កត់​សម្កាល់​ថា​៖ « បញ្ហា​សំខាន់ៗ... ដែល​នៅ​មាន​រួម​មាន ហានិភ័យ​ផ្នែក​គ្រប់​គ្រង​ ដូចជា ភាព​ខ្សោយ​ខ្លាំង​ក្នុង​ការ​ព្យាករ​ការ​កំណត់​បរិមាណ និង​ការ​បំពេញ​លក្ខខណ្ឌ​កាតព្វកិច្ច និង​បញ្ហា​គ្រប់គ្រង​ហិរញ្ញវត្ថុ»។
របាយការណ៍​បន្ត​៖ «ជា​ការ​ឆ្លើយ​តប នឹង​ការ​រក​ឃើញ​របស់​ការិយាល័យ​អធិការកិច្ច លេខាធិការដ្ឋាន កំពុង​ធ្វើ​ការ​ពិចារណា​លើ​ការ​កាត់​បន្ថយ​សកម្មភាព​ជំនួយ និង​រឹត​បន្តឹង​ការ​ការ​ពារ​ដូច​ជា ផ្នែក​លទ្ធកម្ម និង​ផ្នែក​ហិរញ្ញវត្ថុ»។
ខណៈ​អង្គការ​មូលនិធិ​សកល បាន​អះអាង​អំពី​សកម្មភាព​ការពារ​ថ្មី អ្នក​នាំ​ពាក្យ​ម្នាក់​បាន​បញ្ជាក់​ថា​អង្គការ​មិន​មាន​បំណង​បញ្ឈប់​ ជំនួយ​ទេ ហើយ​ស្វែងរក​ការ​គូស​បញ្ជាក់ អំពី​លទ្ធ​ផល​ជោគ​ជ័យ ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក​ រួម​ទាំង​ការ​ធ្លាក់​ចុះ​ចំនួន​៨០​ភាគ​រយ​នៃ​ករណី​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ចាញ់។
តំណាង​អង្គការ​ UNDP ​ស្ថាន​ទូត​បារាំង ​និង​ស្ថានទូត​អូស្រ្តាលី ​បាន​ថ្លែង​ថា ​ពួក​គេ​បាន​ដឹង​អំពី​ការ​ស៊ើប​អង្កេត​នេះ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ រហូត​ដល់​អង្គការ​មូលនិធិ​សកល ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន ដែល​គ្រោង​នឹង​ចេញ​ពី​ពីរ​បី​សប្តាហ៍​ខាង​មុខ។
អ្នក​នាំ​ពាក្យ​ស្ថាន​ ទូត​អូស្រ្តាលី បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​ថា៖ «ក្នុង​នាម​ជា​ម្ចាស់​ជំនួយ​មួយ​ដល់​មូលនិធិ​សកល មូលនិធិ AusAID ពិត​ជា​មាន​ក្តី​បារម្ភ​ណាស់ ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​កំពុង​តែ​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត មុន​ពេល​ចាត់​វិធានការ​ណា​មួយ​បន្ត​ទៀត»។
អ្នក​នាំ​ពាក្យ​ក្រសួង សុខាភិបាល លោក លី សុវណ្ណ​ បាន​ថ្លែង​ថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ពីព្រោះ​លោក​មិន​បាន​ពាក់​ព័ន្ធ​ជាមួយ​កម្មវិធី​ជំងឺ​គ្រុន​ចាញ់​ឡើយ ​ខណៈ​ដែល​អ្នក​ឆ្លើយ​ទូរស័ព្ធ​របស់​លោក ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​ថា គាត់​គ្រាន់​តែ​ជា​អ្នក​បើក​ឡាន៕ 

No comments:

Post a Comment

yes