Monday, December 31, 2012

កម្មករ​កាត់ដេរ ហែ​ក្បួន​បាតុកម្ម ពី​បាវិត ទៅ​កាន់​ទី​រួម​ខេត្ត​ស្វាយរៀង តវ៉ា រឿង​រោងចក្រ​កាត់ដេរ បិទទ្វារ​

ខេត្តស្វាយរៀង: ក្រុម​កម្មករ​កាត់ដេរ​ប្រមាណ ៣៥០ នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ បាន​ប្រមូលផ្តុំគ្នាជិះឡាន​កាំ​មី​ញ៉ុង ៥ ឡាន លើក​បដា ហែ​ក្បួន​ពី​ទីក្រុង​បាវិត មក​កាន់​ទី​រួម​ខេត្ត​ស្វាយរៀង ដើម្បី​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត ឲ្យ​អន្តរាគមន៍ក្នុងករណី​រោងចក្រ​កាត់ដេរ ដែល​មាន​កម្មករ​ជាង ១០០០ នាក់ បាន​បិទទ្វារ ហើយ​ទូទាត់​ប្រាក់ខែ​កម្មករ មិន​បាន​សមរម្យ​។​

​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​ចូលរួម​ដឹកនាំ​កម្មករ​ធ្វើការ​តវ៉ា បានឲ្យដឹងថា "​ក្រុមកម្មករ ដែល​បាន​លើកគ្នាមកកាន់​សាលាខេត្ត​ស្វាយរៀង នៅ​ព្រឹក​នេះ គឺ​ទាមទារ​ឲ្យ​លោក​អភិបាលខេត្ត ជួយ​អន្តរាគមន៍ ក្នុង​ករណី​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរស្វាយរៀង កាំបូឌា ហ្គា​មិន ( Svay Rieng Cambodia Garment ) នៅ​ក្រុង​បាវិត បាន​បិទទ្វារ​លែង​ដំណើរការ ហើយ​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ មិន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​"​។​



​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ ស្វាយរៀង កាំបូឌា ហ្គា​មិន បានប្រកាស​បិទទ្វារ ដោយ​ប្រាប់​មូលហេតុ​ថា ក្ស័យធន ហើយ​ផ្តល់​ដំណោះស្រាយ​ដល់​កម្មករ ចំនួន ៣ ចំណុច គឺ​ទី​១-​ការជូនដំណឹង​។ ទី​២-​បើក​ប្រាក់ខែ​ចុងក្រោយ និង​ទី​៣-​ប្រាក់​បំណាច់​ឆ្នាំ​។ តែ​ក្រុម​កម្មករ​ជាង ១.០៥០ នាក់ នៅ​រោងចក្រ​នោះ ទាមទារ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​នោះ ផ្តល់​បន្ថែម ២ ចំណុច​ទៀត គឺ​ទី​១-​ប្រាក់​បំណាច់​បណ្ដេញចេញ និង​ទី​២-​សោហ៊ុយ​ជំងឺ​ចិត្ត​។​

​ក្រុមកម្មករ បាន​ផ្ទុះ​ការតវ៉ា ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១២ នៅពេល​ដែល​រោង​ចក្រ​កាត់ដេរ​នោះ បាន​ប្រកាស​ជូន​ដំណឹង​ពី​ការបិទទ្វារ​រោងចក្រ​។ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​។​

​នៅ​ព្រឹក​នេះ ក្នុង​ពេល​កម្មករ​លើក​គ្នា​មកកាន់​សាលាខេត្ត​ស្វាយរៀង កម្មករ​បាន​ដាក់សំណើ​ទៅកាន់​អាជ្ញាធរខេត្ត ដោយ​មាន​អភិបាលរង​ខេត្ត រួម​ទាំង​គណៈកម្មការ​ដោះស្រាយ​កូដកម្ម បាតុកម្ម និង​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង ចូលរួម​ដោះស្រាយ​ជាមួយនឹង​តំណាង​កម្មករ​កាត់ដេរ​។ ប៉ុន្តែ​មក​ដល់​ម៉ោង ១០ ព្រឹក​នេះ មិនទាន់​មាន​លទ្ធផល​បែបណា​ទេ​៕​ 

No comments:

Post a Comment

yes