អាណាព្យាបាលរបស់សិស្សសាលាឯកជន សិក្សាភាសាខ្មែរ និងអង់គ្លេស បានរិះគន់ចំពោះសាលាមួយចំនួននៅទីក្រុងភ្នំពេញ ដែលបានយកចិត្តទុកដាក់រៀបចំអបអរពិធីបុណ្យបរទេស មានចាត់តាំងឲ្យសិស្សចូលរួមផង ប៉ុន្តែមិនបានយកចិត្តទុកដាក់រៀបចំចំពោះបុណ្យប្រពៃណីជាតិខ្មែរ។
លោក លី សាវ៉េត ជាប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី២៤ ធ្នូ ថា ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរមួយរូប លោកមិនសប្បាយចិត្តទាល់តែសោះចំពោះសាលាឯកជនមួយចំនួនដែលបានរៀបចំបុណ្យគ្រីស្តម៉ាស់ (Christmas) នៅតាមសាលារៀន ហើយមានការចាត់តាំងឲ្យកូនសិស្សចូលរួម។
លោកមានការព្រួយបារម្ភថា ការរៀបចំបុណ្យគ្រីស្តម៉ាស់ នេះ ជារៀងរាល់ឆ្នាំ អាចធ្វើឲ្យកូនសិស្សដែលមានកូនលោកផងដែរ មានការយល់ច្រឡំថា គ្រីស្តម៉ាស់ ជាបុណ្យប្រពៃណីមួយរបស់ប្រជាពលរដ្ឋខ្មែរដែរ៖ «ខ្ញុំឃើញសាលាឯកជននៅទីក្រុងយើងមួយចំនួន គឺគាត់បានរៀបចំកម្មវិធីចូលឆ្នាំចិន ហើយបុណ្យគ្រីស្តម៉ាស់ របស់គេនោះ តែមិនដែលឃើញសាលានោះធ្វើកម្មវិធីចូលឆ្នាំខ្មែរទេ ហើយបុណ្យគ្រីសស្មាសនេះ វាជាបុណ្យប្រពៃណីរបស់គេទេ។ យើងមិនចង់ឲ្យសាលានោះរៀបចំអ៊ីចឹងយូរទៅ កូនក្មេងទទួលមនោគមន៍ វិជ្ជារបស់គេ ហើយវាបាត់ប្រពៃណីខ្មែរ ពីព្រោះតាមសាលានីមួយៗ ពេលចូលឆ្នាំខ្មែរមិនមានកម្មវិធីអ៊ីចឹងផង។ អាកម្មវិធីលេងមុនពេលវ៉ាកងអីអ៊ីចឹងណា។ វាផ្ទុយពីការកំណត់របស់រដ្ឋាភិបាល ដែលមិនបានឲ្យឈប់ថ្ងៃនោះសោះ»។
លោកមានប្រសាសន៍បន្ថែមដូច្នេះ៖ «ជាក់ស្ដែងកូនខ្ញុំ បីនាក់ សាលាត្រូវរៀននោះ វាមាន ៣ ហើយសាលាទាំង ៣ គេធ្វើកម្មវិធីដូចគ្នា។ អ៊ីចឹងទី១ វាខាតពេលវេលា ទី២ ទទួលវប្បធម៌ អរិយធម៌ពីបរទេសមក។ វាធ្វើឲ្យខូចវប្បធម៌ អរិយធម៌ ប្រពៃណីជាតិយើង»។
លោក លី សាវ៉េត បានអំពាវនាវឲ្យក្រសួងអប់រំយុវជន និងកីឡា យកចិត្តទុកដាក់អប់រំដាស់តឿនអ្នកទទួលខុសត្រូវសាលាឯកជនទាំងនោះ ឲ្យរៀបចំអបអរសាទរបុណ្យជាតិនានាផង កុំយកចិត្តទុកដាក់តែទៅលើបុណ្យបរទេសពេក៖ «ហើយក្រសួងអប់រំគួរតែធ្វើការទប់ស្កាត់ ពីព្រោះក្រសួងអប់រំមិនឲ្យឈប់ ហើយគាត់បែរជាឈប់ ហើយយកថ្ងៃនោះទៅធ្វើកម្មវិធីផ្សេងៗ តាមចិត្តគាត់។ ការធ្វើបែបនេះខ្ញុំគិតថា ២០ឆ្នាំក្រោយ កូនៗខ្ញុំវាគិតថា គ្រីសស្មាសនេះ វាជាប្រពៃណីរបស់ពួកជំនាន់ក្រោយវិញ»។
បុណ្យគ្រីស្តម៉ាស់ គឺនៅថ្ងៃទី២៥ ឆ្នូ។ ការរៀបចំបុណ្យគ្រីសស្មាស នេះ មានតែនៅសាលាឯកជនដែលមានសិក្សាភាសាបរទេសតែប៉ុណ្ណោះ ចំពោះសាលារៀនសាធារណៈរបស់រដ្ឋមិនមានរៀបចំបុណ្យគ្រីស្តម៉ាស់នេះឡើយ៕
No comments:
Post a Comment
yes