សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 26, 2012

សិស្ស​សាលា​បឋម​សិក្សា​កំពង់អួរ ខេត្ត​កំពង់ឆ្នាំង​ភាគ​ច្រើន​មិន​អាច​អាន​អក្សរ​រួច

សិស្ស​ថ្នាក់​ទី៣ កំពុង​រៀន​នៅ​សាលា​បឋម​សិក្សា​កំពង់អួរ នៅ​ភូមិ​កំពង់អួរ ឃុំ​ខុនរ៉ង
 ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ​២០១២

នៅ​ឯ​ភូមិ​កំពង់អួរ មាតា​បិតា​សិស្ស និង​អាជ្ញាធរ​ដែនដី​ចោទ​គ្រូ​បង្រៀន​នៃ​សាលា​បឋម​សិក្សា​កំពង់អួរ នេះ​ថា​មក​បង្រៀន​មិន​ទៀង​ទាត់​ធ្វើ​ឲ្យ​សិស្ស​រៀន​នៅ​សាលា​នេះ​មិន​មាន​គុណភាព។
នាយក​សាលា​បឋម​សិក្សា​នេះ​ទទួល​ស្គាល់​ពី​បញ្ហា​នេះ តែ​លោក​បន្ទោស​ថា មក​ពី​ជីវភាព​គ្រូ​មាន​ការ​ខ្វះខាត ទើប​មាន​បញ្ហា​បង្រៀន​មិន​ទៀង​ទាត់​កើត​មាន។
មាតា​បិតា​សិស្ស និង​អាជ្ញាធរ​ដែនដី​បាន​ឲ្យ​ដឹង​ដូចៗ​គ្នា​ថា សិស្ស​ដែល​រៀន​ថ្នាក់​ទី៤ ឬ​ទី៥ នៅ​សាលា​បឋម​សិក្សា​កំពង់អួរ ភាគ​ច្រើន​មិន​អាច​អាន​អក្សរ​ដាច់​ទេ។
ស្ត្រី​អ្នក​ភូមិ​ឈ្មោះ លី ឡាង ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់អួរ ឃុំ​ខុនរ៉ង ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ធ្នូ ថា កូន​គាត់​បាន​មក​រៀន​នៅ​សាលា​បឋម​សិក្សា​កំពង់អួរ នេះ​ជិត ៤ឆ្នាំ​ហើយ តែ​កូន​គាត់​មិន​អាច​អាន​អក្សរ​ដាច់​ទេ។ លុះ​គាត់​សួរ​ពី​មូលហេតុ កូន​គាត់​ប្រាប់​ថា​មិន​សូវ​បាន​រៀន​ទេ ព្រោះ​គ្មាន​គ្រូ​មក​បង្រៀន។ គាត់​សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រូ​នៃ​សាលា​នេះ​មក​បង្រៀន​សិស្ស​ឲ្យ​បាន​ទៀង​ទាត់​ពេល​វេលា​ផង៖ «ជួន​កាល​ថ្ងៃ​ខ្លះ​គ្រូ​មក​បង្រៀន ថ្ងៃ​ខ្លះ​អត់​មក​អ៊ីចឹង​ទៅ កូន​សិស្ស​រៀន​អត់​ចេះ​ទេ។ ខ្ញុំ​ចង់​សំណូម​ពរ​ឲ្យ​គ្រូ​មក​បង្រៀន​ឲ្យ​ជាប់​លាប់ និង​បង្រៀន​ឲ្យ​ដិត​ដល់»

មេ​ភូមិ​កំពង់អួរ គឺ​លោក ហេង ហម មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អាជ្ញាធរ​ដែនដី លោក​បាន​ខិតខំ​គ្រប់​បែប​យ៉ាង ទម្រាំ​សុំ​បាន​សាលា​រៀន​មួយ​ខ្នង​នេះ។ ប៉ុន្តែ អ្វី​ដែល​លោក​ខក​ចិត្ត​នោះ គឺ​លោកគ្រូ​ដែល​ទទួល​បន្ទុក​ថ្នាក់​និមួយៗ ហាក់​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការងារ​របស់​ខ្លួន។ លោក​ថា បើ​គ្រូ​គ្មាន​វិន័យ​ហើយ​នោះ តើ​សិស្ស​សង្ឃឹម​លើ​អ្នក​ណា?៖ «ខក​ពេល​ច្រើន​ពេក ពេល​កូន​សិស្ស​មក​គ្រូ​អត់​មក។ ដល់​តែ​សិស្ស​មក​ពីរ​បី​ដង​អត់​ឃើញ​គ្រូ វា​លែង​មក​ទៀត។ គ្រូ​នៅ​នេះ​ច្រើន​តែ​ឈប់​អត់​ប្រាប់​កូន​សិស្ស។ ប្រាប់​ទៅ​គ្នា​ដឹង គ្នា​អត់​មក​ព្រោះ​ផ្ទះ​នៅ​ឆ្ងាយ ត្រូវ​ឆ្លង​កាត់​ទឹក​ទម្រាំ​មក​ដល់​សាលា​រៀន វា​លំបាក​ដែរ។ ឯ​គ្រូ​អាច​ជិះ​ម៉ូតូ​មក​ដល់​ស្រួល តែ​គាត់​ឈប់​គាត់​អត់​ដែល​ប្រាប់​សិស្ស»
ឆ្លើយ​តប​ចំពោះ​បញ្ហា​ខាង​លើ នាយក​សាលា​បឋម​សិក្សា​កំពង់អួរ គឺ​លោក ជុំ ហៃ ទទួល​ស្គាល់​ថា​ពិត​ជា​មាន​បញ្ហា​នេះ​កើត​មាន​មែន។ យ៉ាង​នេះ​ក្ដី លោក​ថា​ការ​អាក់​ខាន​ក្នុង​ការ​មក​បង្រៀន​ម្ដង​ម្កាល​នេះ គឺ​មក​ពី​កត្តា​ជីវភាព​របស់​លោកគ្រូ​ទាំង​នោះ​មាន​ការ​ខ្វះ​ខាត ដែល​តម្រូវ​ឲ្យ​ពួក​គាត់​ត្រូវ​ស្វះ​ស្វែង​រក​បន្ថែម​ដើម្បី​បង្គ្រប់៖«អត់​បាន​មក​បង្រៀន​ហ្នឹង គឺ​មក​ពី​ជីវភាព​គាត់ៗ​រវល់​ជួយ​គ្រួសារ គ្រូ​ខ្លះ​ឈប់​ដើម្បី​ជួយ​ច្រូត​ស្រូវ។ ហើយ​បើ​ខែ​វស្សា​វិញ ជួន​កាល​មាន​ការ​យឺតយ៉ាវ ព្រោះ​ទម្រាំ​ចែវ​ទូក​ទៅ​ដល់ ព្រោះ​ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ»
យ៉ាង​ណា​ក៏ដោយ ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បរិបូណ៌ លោកស្រី ម៉ី ហួរ មាន​ប្រសាសន៍​ថា លោកស្រី​បាន​ដឹង​បញ្ហា​នេះ​ហើយ ហើយ​លោកស្រី​បាន​ហៅ​លោកគ្រូ ព្រម​ទាំង​នាយក​សាលា​មក​ពិភាក្សា​រក​ដំណោះស្រាយ​រួច​ហើយ ហើយ​លោកស្រី​សង្ឃឹម​ថា​បញ្ហា​នេះ​នឹង​មិន​កើត​ឡើង​ទៀត​ទេ​នៅ​សាលា​បឋម​សិក្សា​កំពង់អួរ នេះ។
យ៉ាង​នេះ​ក្ដី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង គឺ​លោក កែវ ថៃ មាន​ប្រសាសន៍​ថា បៀវត្សរ៍​គ្រូ​បង្រៀន គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​ពង្រឹង​គុណភាព​វិស័យ​អប់រំ​សិក្សាធិការ។ លោក​ថា​នៅ​ពេល​ដែល​ជីវភាព​មាន​ការ​ខ្វះខាត គ្រូ​បង្រៀន​មិន​អាច​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​បង្រៀន​សិស្ស​នោះ​ឡើយ៕

No comments:

Post a Comment

yes