សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, December 27, 2012

វិស័យ​ច្បាប់ និង​សណ្តាប់​ធ្នាប់​ឆ្នាំ​២០១២​ ខ្សោយ​ អ្នក​ក្រីក្រ​រង​ទុក្ខ​ធំ អ្នក​មាន​អំណាច តួនាទី​ឈ្នះ​រហូត

121227_04a
សព​លោក​ឈុត វុទ្ធី ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ក្នុង​ឡាន នៅ​ក្នុង​ខេត្ត​កោះ​កុង 
កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា
ភ្នំពេញៈក្នុង​វិស័យ​ច្បាប់ និង​សណ្តាប់​ធ្នាប់ ឆ្នាំ​២០១២ នេះ ហាក់​បី​ដូច​ជា​ឆ្នាំ​គ្រោះថ្នាក់ គួរ​ឲ្យ​ខ្មាសអៀន នៅ​ពេល​តំណែង​តួនាទី និង​អំណាច​ទឹក​ប្រាក់​បាន​យក​ឈ្នះ​លើ​ភាព​យុតិ្តធម៌ ​ពិសេស​អ្នក​មាន​អំណាច មាន​ជោគជ័យ​យ៉ាង​ធំធេង​លើ​អ្នក​ទន់ខ្សោយ។
ទន្ទឹម​នឹង​ការ​ បង្ក្រាប​គ្រឿង​ញៀន​គួរ​ឲ្យ​កត់​សម្គាល់ ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត ការ​ចាប់​ជំរិត ​អំពើ​ឃាតកម្ម​ឃោរឃៅ ​ការ​រំលោភ​អំណាច បាន​កើត​ឡើង​ជា​ប្រចាំ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ពាសពេញ​លើ​ទំព័រ​សារ​ព័ត៌មាន ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​។ នៅ​ក្នុង​ខែ​មករា ​សន្តិសុខ​ក្រុមហ៊ុន​មួយ ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​បាញ់​ប្រហារ​លើ​ក្រុម​អ្នក​ភូមិ ក្នុង​អំឡុង​ពេល​អ្នក​ភូមិ​តវ៉ា​ ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ចម្ការ​ស្វាយ​ចន្ទី។ ​មួយ​ខែ​ក្រោយ​មក លោក ឈូក បណ្ឌិត អភិបាល​ក្រុង​បាវិត​ នៅ​ពេល​នោះ ​បាន​បាញ់​ប្រហារ​លើ​ក្រុម​បាតុកម្ម ធ្វើ​ឲ្យ​រង​របួស ដល់​កម្មករ​កាត់​ដេរ​បី​នាក់។ លោក ប៊ុន សុខា ​អតីត​នាយ​រង​សេនាធិការ នៃ​​អង្គ​ភាព​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​​គេ​ថត​ជាប់​វីដេអូ​វាយ​ដំ​បុរស​បួន​នាក់ នៅ​សណ្ឋាគារ​កោះកុង កាល​ពី​ខែ​មេសា។

មាន​តែ​សន្តិសុខ​ពីរ​នាក់ ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ ក្នុង​ការ​បាញ់​អ្នក​តវ៉ា នៅ​ស្រុក​ស្នួល ចំណែក​ឯ​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក ឈូក បណ្ឌិត និង​លោក ប៊ុន សុខា ត្រូវ​បាន​លើក​ចោល​ក្នុង​ភាព​អាថ៌កំបាំង។
លោក Phil Robertson ​អនុប្រធាន​ប្រចាំ​អាស៊ី​ នៅ​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស បាន​ថ្លែង​ថា៖ «បរិបទ​ប្រទេស​កម្ពុជា ដែល​អ្នក​មាន​សិទ្ធិ​អំណាច និង​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​មាន​អំណាច​ទទួល​បាន​និទណ្ឌភាព បន្ទាប់​ពី​រំលោភ​សិទិ្ធ​អ្នក​ដទៃ នៅ​តែ​កើត​មាន​ជា​ញឹកញាប់​ ប៉ុន្តែ​កម្រិត​នៃ​ការ​រំលោភ​នេះ​ ពិត​ជា​កើន​ឡើង ពាក់ព័ន្ធ​នឹង​ករណី​ចាប់​យក​ដី​ធ្លី។ ដូច​គ្នា​ផងដែរ ការ​បាញ់​បោះ​ និង​ការ​វាយ​ដំ លើ​ជន​សាមញ្ញ​ ដោយ​មន្រ្តី​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​អ្នក​មាន​អំណាច និង​ទឹក​ប្រាក់​ បាន​កើន​ឡើង​គួរ​ឲ្យ​បារម្ភ»។ មាន​ករណី ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ទូទៅ​ ក្នុង​ប្រទេស​ ភ្ញាក់​ផ្អើល​ ដូច​ករណី​មនុស្ស​ឃាត ដែល​កើត​ឡើង​នៅ​តំបន់​ព្រៃ និង​កើត​ឡើង​នៅ​ក្រៅ​ព្រំ​ដែន​កម្ពុជា។
នៅ​ចុង​ខែ​មេសា ​ខណៈ​ពេល​អម​ដំណើរ​​អ្នក​សារ​ព័ត៌​មាន ទៅ​ខេត្ត​កោះកុង ដើម្បី​ពិនិត្យ​ការ​កាប់​ឈើ​ខុស​ច្បាប់ ​លោក ឈុត វុទ្ធី​ អ្នក​ការពារ​បរិស្ថាន​កម្ពុជា ត្រូវ​បាន​គេ​បាញ់​សម្លាប់ ក្នុង​កាលៈ ​ទេសៈ ដែល​ពុំ​មាន​ការ​ពន្យល់​បំភ្លឺ​ឲ្យ​បាន​ពេញ​លេញ​ និង​មិន​បាន​បង្ហាញ​ហេតុ​ផល​សម​រម្យ​ឡើយ។ ​ឬ​ក៏​ម្យ៉ាង​ទៀត ករណី​បាញ់​នេះ​ត្រូវ​បាន​ពន្យល់​ពេញ​លេញ​ហើយ ប៉ុន្តែ​មនុស្ស​តិច​តួច​​យល់​ ឬ​ជឿ​ជាក់​លើ​ការ​ពន្យល់​នេះ​។ ការ​ពន្យល់​ជា​ផ្លូវ​ការ​គឺ លោក អ៊ិន រតនា ​មន្រ្តី​កង​រាជអាវុធ​ហត្ថ បាន​បាញ់​លោក ឈុត វុទ្ធី បន្ទាប់​ពី​ឈ្លោះ​ប្រកែក​គ្នា។ បន្ទាប់​មក លោក អ៊ិន រតនា ត្រូវ​បាន​បាញ់​សម្លាប់​ ដោយ​លោក​ រ៉ាន់ បូរតន៍ សន្តិសុខ​របស់​ក្រុមហ៊ុន​កាប់​ឈើ Timbergreen។
ខណៈ​ដែល​អ្នក ឃ្លាំ​មើល​ករណី​​នេះ​បាន​បរាជ័យ ​ក្នុង​ការ​​ស្វែងយល់ និង​រក​មិន​ឃើញ​ថា​ អ្វី​ខ្លះ​បាន​កើត​ឡើង មាន​ករណី​ខុស​ធម្មតា​កើត​ឡើង។ ​ក្នុង​រយៈ​ពេល​តិច​ជាង ២ សប្តាហ៍ បន្ទាប់​ពី​លោក​ រ៉ាន់ បូរតន៍ ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ កាល​ពី​ខែ​តុលា​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា តុលាការ​ខេត្ត​បាន​ព្យួរ​ទោស​គាត់។ ជាមួយ​នឹង​រយៈ​ពេល​ដែល​គាត់​បាន​ជាប់​ទោស​រួច​ហើយ​នោះ​ គាត់​បាន​មាន​សេរីភាព​វិញ​ ក្នុង​ខែ​វិច្ឆិកា។
ករណី​បាញ់​បោះ​បាន​កើត​ ឡើង​ ​ក្រៅ​ពី​បញ្ហា​ដី​ធ្លី និង​ការ​កាប់​ឈើ ដែល​បាន​បង្ហាញ​ដោយ​រឿង​រ៉ាវ​ឥត​ដាច់​ អំពី​សកម្មភាព​បែប​អនាធិបតេយ្យ របស់​មន្រ្តី​យោធា ដែល​ចូល​ចិត្ត​បាញ់​បោះ​ទៅ​លើ​មេឃ​ដោយ​សារ​តែ​មូល​ហេតុ​តូចតាច។
នា​ពេល​ថ្មីៗ​នេះ គឺ​កាល​ពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ​ជា​ព្រឹត្តិការណ៍​ដ៏​ចម្លែក​មួយ​ គឺ​កង​យោធពល​ខេមរ​ភូមិន្ទ​ម្នាក់ និង​បួន​នាក់​ផ្សេង​ទៀត ​ដែល​កំពុង​ផឹក​ស៊ី បាន​បាញ់​បី​គ្រាប់​ទៅ​លើ​មេឃ ​នៅ​ក្បែរ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។ ​បើ​ទោះ​បី​ជា​អ្នក​ទាំង​៥ ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​រយៈ​ពេល​តិច​ជាង​១​សប្តាហ៍​ក្រោយ​មក ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់​ក្តី រឿង​ក្តី​នេះ ជា​​រឿង​ក្តី​មិន​សូវ​សំខាន់​ឡើយ។
សមាជិក​កងទ័ព​តិច​តួច​បំផុត​ ត្រូវ​បាន​សម្រេច​ ឲ្យ​ទទួល​ខុស​ត្រូវ​ ក្នុង​ករណី​បាញ់​បោះ​ប្រហាក់​ប្រហែល​គ្នា បើ​ទោះ​បី​ជា​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធាន​ការ​ក្តៅ ប្រឆាំង​នឹង​ការ​បាញ់​បោះ​ដោយ​សេរី​ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​អ្នក​មាន​អំណាច និង​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ ជា​មួយ​អ្នក​មាន​អំណាច​យ៉ាង​ក៏​ដោយ​។
នៅ​ខែ​កញ្ញា ​លោក ហ៊ុន សែន បាន​ថ្លែង​សុន្ទរក​ថា អំពាវនាវ​ឲ្យ​ចាត់​វិធានការ​តឹងរ៉ឹង ប្រឆាំង​នឹង​មន្រ្តី​យោធិន អាក្រក់ ដោយ​ព្រមាន​ថា ​លោក​មិន​ចង់​ឃើញ​អត្ថបទ ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​អំពី​រដ្ឋាភិបាល បរាជ័យ​ក្នុង​ការ​ចាត់​វិធាន​ការណ៍​ នៅ​ពេល​អ្នក​មាន​អំណាច​ល្មើស​ច្បាប់​ឡើយ។ សម្តី​របស់​លោក ហ៊ុន សែន ហាក់​បី​ដូច​ជា​ពុំមាន​ឥទ្ធិពល​ខ្លាំង​ក្លា​លើ​មន្រ្តី​យោធា​​ឡើយ។
លោក Robertson ​បាន​ចង្អុល​បង្ហាញ​ថា ពុំ«មាន​ចំណាត់​ការ​គួរ​ឲ្យ​កោត​សរសើរ ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ ហើយ​ពុំ​មាន​ការ​ប្តេជ្ញា​ផ្នែក​នយោបាយ ដើម្បី​ផ្លាស់​ប្តូរ​វប្បធម៌​ដែល​អនុញ្ញាត​ឲ្យ​មន្រ្តី​រំលោភ​ បំពាន​លើ​អ្នក​ណា​ក៏​បាន និង​នៅ​ពេល​ណា​ក៏​បាន​នោះ​ទេ»។
មួយ​ថ្ងៃ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ នៃ​កង​យោធពល​ខេមរភូមិន្ទ ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​បាញ់​១០​គ្រាប់​ឡើង​លើ​មេឃ ដោយ​សារ​ឈ្មោះ​របស់​គាត់​ពុំ​មាន​ក្នុង​បញ្ជី​ឈ្មោះ ត្រូវ​ចុះ​មូលដ្ឋាន​ដើម្បី​ពង្រឹង​​គណបក្ស​ប្រជាជន​កម្ពុជា។ មេ​របស់​គាត់​ថ្លែង​ថា គាត់​នឹង​ត្រូវ​ធ្វើ​ការ​អប់រំ អំពី​ការ​ប្រើប្រាស់​អាវុធ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ជា​ក្រុម​យោធា ។
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០ បាន​ធ្វើ​ការ​ចាប់​ខ្លួន​ លើក​ទី៣ និង ទី៤ ក្នុង​ឆ្នាំ ២០១២​ នេះ។ ​ការ​ស៊ើ​បអង្កេត​លើ​បទ​ក្លែង​ និង​អំពើ​ពុករលួយ​អស់​មួយ​ឆ្នាំ លើ​មន្រ្តី​ខេត្ត​ព្រះ​វិហារ ​គឺ​លោក ថុល កឹមហុង ព្រះ​រាជ​អាជ្ញា​រង និង​លោក ជា សុផល ​ប្រធាន​ការិយាល័យ​ពន្ធដារ​ខេត្ត​ បាន​ក្លាយ​ជា​ផ្លែ​ផ្កា។ ​រឿង​ក្តី​របស់​ពួក​គេ​កំពុង​​រង់​ចាំ​ការ​ជំនុំ​ជម្រះ។
មន្រ្តី​ពុក រលួយ​ទី១ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ ក្រោម​អំណាច​ថ្មី​របស់​អង្គភាព​នេះ គឺ​លោក ម៉ឹក ដារ៉ា ស្តេច​ប្រឆាំង​ថ្នាំ​ញៀន ដែល​ត្រូវ​បាន​ផ្តន្ទាទោស ​កាល​ពី​ខែ​មករា ចំពោះ​បទ​ចោទ ៣២​ករណី ទាក់​ទង​នឹង​ការ​ស៊ី​សំណូក និង​អំពើ​ពុករលួយ ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ ១ជីវិត​។ លោក​បាន​បឹ្តង​ឧទ្ធរណ៍ ហើយ​សេចក្តី​សម្រេច​ត្រូវ​បាន​រំពឹង​ថា នឹង​ប្រកាស​នៅ​ចុង​ខែ​នេះ​។​ ​ថ្នាំ​ញៀន​ ហាក់​បី​ដូច​ជា​បង្ហាញ​ខ្លួន​គ្រប់​ទី​កន្លែង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​នេះ ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់ អ្នក​លក់ អ្នក​ចែក​ចាយ និង​អ្នក​ជួញ​ដូរ ខណៈ​ដែល​អ្នក​វិភាគ និង​មន្រ្តី​ បាន​ចេញ​សេចក្តី​ព្រមាន​អំពី​បញ្ហា​ប្រទេស​កម្ពុជា​ ក្លាយ​ជា​កន្លែង​ផលិត​ថ្នាំ​ញៀន​ នៅ​អាស៊ី​អាគ្នេយ៍។​ តាម​សេចក្តី​រាយការណ៍​ជា​ច្រើន​ថា បច្ចុប្បន្ន មាន​ក្មេង​ៗសិស្ស​សាលា​ជា​ច្រើន បាន​គេច​សាលា ហើយ​នៅ​ទី​បំផុត បាន​បោះ​បង់​ចោល​ការ​សិក្សា ដោយ​សារ​តែ​ផ្តុំ​គ្នា​ជក់​ថ្នាំ​ញៀន។
នគរបាល​បង្ក្រាប​ថ្នាំ​មេតំហ្វេតាមីន ស្កាត់​ចាប់​ថ្នាំ​កាកូទិក នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ និង​រឹបអូស​ទំនិញ​ដឹក​ជញ្ជូន​អន្តរ​ជាតិ​ នៃ​សារ​ធាតុ​ផលិត​ថ្នាំ​ញៀន នៅ​កំពង់ផែ​ព្រះ​សីហនុ និង​នៅ​រាជធានី​ភ្នំពេញ។
លោក មាស វិរិទ្ធ អគ្គ​លេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ ប្រឆាំង​នឹង​គ្រឿង​ញៀន បាន​ថ្លែង​ថា៖ «​ឆ្នាំ​នេះ​អាក្រក់​ជាង​ឆ្នាំ​មុន​បន្តិច។ មិន​មែន​សារ​ធាតុ​ផលិត​គ្រឿង​ញៀន​ទាំង​អស់​ត្រូវ​បាន​នាំ​ចូល​ដោយ​ខុស ច្បាប់​ឡើយ សារ​ធាតុ​ខ្លះ​ផលិត​ទី​នេះ ... វា​ជា​រឿង​ធម្មតា ដែល​ឧក្រិដ្ឋជន​ព្យាយាម​រក​កន្លែង​ផលិត​គ្រឿង​ញៀន នេះ​ជា​កន្លែង​ថ្មី»។
ការ​ចុះ​បង្ក្រាប​ជា​ទូទៅ​ បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ លោក​ឧកញ៉ា​ តាំង សេងហាក់ ​នៅ​ខែ​វិច្ឆិកា ​នៅ​ពេល​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​ បាន​ចុះ​បង្ក្រាប​ផ្ទះ​របស់​គាត់​ នៅ​ភ្នំពេញ​ នៅ​ពេល​ពួក​គេ កំពុង​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ ​មនុស្ស​យ៉ាង​តិច​១២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​លោក​សេង​ហាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​។
តាម ​ពិត បទ​ល្មើស​មិន​កើត​ឡើង​តែ​ចំពោះ​មន្រ្តី​ ឬ​អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អ្នក​មាន​អំណាច​ឡើយ។ ​កាល​ពី​ឆ្នាំ​មុន អាជ្ញាធរ​កម្ពុជា​​ បាន​បង្ក្រាប​សកម្មភាព​បទល្មើស និង​បញ្ហា​ជា​ច្រើន​ មាន​ដូច​ជា បណ្តាញ​ល្បែង​តាម​អ៊ីនធឺណិត ជន​រួម​ភេទ​ជា​មួយ​កុមារ​លេច​ធ្លោ ​ដែល​ទី​បំផុត​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត អំពើ​ឃាតកម្ម​ឃោរឃៅ និង​សោកនាដកម្ម​ដ៏​រន្ធត់​។​ ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ ជា​កន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​ផ្លូវ​ភេទ បាន​កែ​ប្រែ​ល្អ​ប្រសើរ​ឡើង​វិញ​បន្តិច​ នៅ​ពេល​រដ្ឋាភិបាល​ បាន​បណ្តេញ​លោក Alexander Trofimov មហា​សេដ្ឋី​ជន​ជាតិ​រុស្ស៊ី​ដែល​រួម​ភេទ​ជាមួយ​កុមារ ចេញ​ពី​កម្ពុជា​កាល​ពី​ខែ​មិថុនា។
លោក Trofimov ជា​អ្នក​វិនិយោគ​នៅ​រមណីយដ្ឋាន​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​ផ្តន្ទាទោស ពី​បទ​រំលោភ​ក្មេង​ស្រី យ៉ាង​តិច​ណាស់​១៧​នាក់​ពី​ឆ្នាំ ២០០៥ ដល់ ២០០៧។ ​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ត្រូវ​បាន​ចាប់​ខ្លួន​ឡើង​វិញ កាល​ពី​រដូវ​ក្តៅ តាម​បទ​បញ្ជា​និរទេស​របស់​ក្រសួង​មហាផ្ទៃ។ ​ជន​រងគ្រោះ នៃ​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស និង​ហិង្សា មាន​ប្រវតិ្ត និង​វណ្ណៈ​សង្គម​ខុសៗ​គ្នា។
អ្នក​ភូមិ​ទឹក​ថ្មី នៅ​ខេត្ត​បាត់ដំបង បាន​កាន់​មរណទុក្ខ អាយុ​ជីវិត​កុមារ​៣​នាក់ បន្ទាប់​ពី​បុរស​ម្នាក់​ឈ្មោះ​ ជឹម វាសនា ត្រូវ​បាន​ចោទ​ប្រកាន់​ ពី​បទ​សម្លាប់​ក្មេង​ទាំង​នោះ ​នៅ​ខែ​កញ្ញា។ ​សាកសព​ក្មេង​ទាំង​៣​នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​វាល​ស្រែ បន្ទាប់​ពី​រយៈ​ពេល​៤​ថ្ងៃ​។ នគរបាល​បាន​ថ្លែង​ថា​ លោក​ វាសនា បាន​សារ​ភាព​ថា បាន​រំលោភ​ និង​អារក​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ​បន្ទាប់​ពី​ល្បួង​នាង​ទៅ​វាល​ស្រែ​ដើម្បី​ជួយ​បេះ​ផ្សិត។ ក្រោយ​មក ​យោង​តាម​ការ​ស៊ើប​អង្កេត បុរស​ម្នាក់​នោះ បាន​សម្លាប់​មិត្ត​ភក្តិ​របស់​នាង​អាយុ​១១​ឆ្នាំ​ម្នាក់ និង​៩​ឆ្នាំ​ម្នាក់​ដែល​បាន​រត់​គេច​ខ្លួន។
ក្នុង​ករណី​ឃាតកម្ម​ ដែល​បាន​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត​១ខែ​ក្រោយ​មក ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​រក​ឃើញ​សព លឹម ស្រីពេជ្រ អាយុ ១៩​ឆ្នាំ ដែល​ទើប​តែ​ឈ្នះ​តំណែង​ស្រី​ស្អាត​ស្រា Spy Wine Cooler ។ នាង​ ស្រី​ពេជ្រ ​ត្រូវ​បាន​រក​ឃើញ​ថា ត្រូវ​បាន​ច្របាច់​ក​ស្លាប់ ហើយ​អាជ្ញាធរ​ក្រោយ​មក ​បាន​ចាប់​ខ្លួន​ស្រ្តី​ម្នាក់ ដែល​នគរបាល​ថា បាន​សារ​ភាព​ថា បាន​អញ្ជើញ​នាង ស្រីពេជ្រ មក​ផ្ទះ តាម​រយៈ Facebook។
គ្មាន អ្វី​អាច​ប្រៀបធៀប ទៅ​នឹង​ការ​បាត់​បង់​ជីវិត​ឡើយ ប៉ុន្តែ​ការ​ខូច​រូប​រាង ដោយ​សារ​ទឹក​អាស៊ីត គឺ​ស្មើ​នឹង​ការ​ស្លាប់​បាត់​បង់​ជីវិត​ដែរ។ រៀប​រាប់​ដោយ​អង្គការ​សិទិ្ធ​មនុស្ស​ថា ជា​«អំពើ​ឧក្រិដ្ឋ​កម្ម​អាក្រក់​បំផុត» ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត បាន​កើត​មាន​ជា​ទូទៅ​នៅ​ឆ្នាំ​២០១១ ដែល​រដ្ឋ​សភា​បាន​អនុម័ត​ច្បាប់ បង្កើន​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​វាយ​ប្រហារ និង​កម្រិត​លទ្ធភាព​ប្រើប្រាស់​ទឹក​អាស៊ីត។
លោក Ziad Samman អ្នក​គ្រប់​គ្រង​គម្រោង នៅ​អង្គការ​ជួយ​ជន​រង​គ្រោះ​កម្ពុជា​ ដោយ​សារ​អាស៊ីត បាន​ថ្លែង​ថា ការ​អនុម័ត​ច្បាប់​នេះ ​អាច​ជា​មូលហេតុ ធ្វើ​ឲ្យ​ធ្លាក់​ចុះ ​នៃ​ករណី​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​ក្នុង​ឆ្នាំ​២០១២ បើ​ធៀប​នឹង​ឆ្នាំ​មុន។ យោង​តាម​អង្គការ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​វាយ​ប្រហារ​៧​ករណី បាន​កើត​ឡើង​ឆ្នាំ​នេះ បើ​ធៀប​នឹង​១៧​ករណី​កាល​ពី​ឆ្នាំ​២០១១។
លោក​បាន​ថ្លែង​តាម​អ៊ីមែល​ថា៖ «គេ​អាច​គិត​ថា ការ​រៀបចំ​ច្បាប់​អាស៊ីត​បាន​ក្លាយ​ជា​កត្តា​រា​រាំង ចំពោះ​ជន​ដែល​នឹង​ប្រព្រឹត្ត​ល្មើស​។ ប៉ុន្តែ រហូត​ទាល់​តែ​រឿង​ក្តី​ទី១ ត្រូវ​បាន​ជំនុំ​ជម្រះ​ ក្រោម​ច្បាប់​អាស៊ីត យើង​មិន​អាច​មើល​ឃើញ​ថា​ តើ​រដ្ឋាភិបាល​ ច្បាស់​លាស់​ប៉ុន​ណា ក្នុង​ការ​អនុវត្ត​ច្បាប់​សំខាន់​នេះ​ឡើយ​»។ ​ទោះ​ជា​យ៉ាង​ណា ចំនួន​ធ្លាក់​ចុះ​នេះ គឺជា​ចំណុច​ល្អ​មួយ​ ក្នុង​ឆ្នាំ​នេះ ដែល​ជា​ឆ្នាំ​ពោរ​ពេញ​ទៅ​ដោយ​អំពើ​ហិង្សា។
គ្មាន​ការ​ពិនិត្យ​ឡើង​វិញ ទេ នូវ​បទ​ល្មើស​ក្នុង​ឆ្នាំ ២០១២ មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ឡើយ បើ​គ្មាន​ការ​ពិចារណា​ជន​ល្មើស​អាក្រក់​បំផុត​ ក្នុង​ឆ្នាំ​នេះ​នោះ។ មាន​ជន​ល្មើស​អាក្រក់​ជា​ច្រើន​ ដែល​អាច​សើរើ​មក​ពិនិត្យ​ឡើង​វិញ ប៉ុន្តែ​ជន​ល្មើស​ថ្នាក់​កំពូល ​គឺ​បុរស​ម្នាក់​អាយុ ៤០ ផ្លាយ ​មក​ពី​ខេត្ត​កំពង់ធំ។ លោក តុង ហួន មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​ ជា​អ្វី​ដែល​អ្នក​ស្រុក និង​នគរបាល​ថា គឺ​ដោយ​សារ​ការ​ចាប់​ជំរិត​ អំពើ​ប្លន់ និង​សម្លាប់​មនុស្ស​អស់​រយៈ​ពេល​១០​ឆ្នាំ ក្នុង​ខេត្ត​ចំនួន​៦​នៅ​កម្ពុជា។
គេ​និយាយ​ថា គាត់​មាន​កម្លាំង​យក្ស ហើយ​មិន​ខ្លាច​ស្លាប់ រស់​នៅ​ជា​អាថ៌កំបាំង នៅ​ពេល​គាត់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន ក្នុង​ឆាក​បាញ់​ត​គ្នា​ដ៏​ខ្លី នៅ​ចុង​ខែ​តុលា។
បន្ទាប់​ពី​ការ​ចាប់​ខ្លួន លោក​ឧត្តម​សេនីយ៍ ផាន់ សុផេង ស្នងការ​ខេត្ត​កំពង់ធំ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «​គាត់​បាន​គំរាម​នគរបាល ថា​ ឥឡូវ​នេះ​ អ្នក​ចាប់​ខ្ញុំ ហេតុ​អ្វី​មិន​សម្លាប់​ខ្ញុំ​?​» លោក​បាន​បន្ថែម​ថា ​ត្រូវ​ការ​នគរបាល​ពី ៥​ទៅ​ ៦ នាក់ ដើម្បី​ចាប់​គាត់​។ អាជ្ញាធរ​បាន​បញ្ជូន​គាត់​ ទៅ​ពន្ធនាគារ​ខេត្ត​កំពង់​ធំ ប៉ុន្តែ នគរ​បាល​ ព្រួយបារម្ភ​ថា បើ​គិត​ពី​សមត្ថភាព​របស់​គាត់​ ក្នុង​ការ​គេច​ពី​នគរបាល​ជា​យូរ​មក​ហើយ គាត់​អាច​រក​ផ្លូវ​រត់​ចេញ​ពី​ពន្ធនាគារ ​ដែល​មាន​កម្រិត​សន្តិ​សុខ​ទាប​នេះ។
យ៉ាង​ណា​ក្តី ​នៅ​ក្នុង​ឆ្នាំ​២០១២នេះ ករណី​ជា​ច្រើន ​ហាក់​បី​ដូច​ជា​បាន​បង្ហា​ញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា អ្នក​មាន​អំណាច​មាន​ប្រាក់​ តែង​តែ​នៅ​ក្រៅ​សំណាញ់​ច្បាប់​៕ 

No comments:

Post a Comment

yes