
លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងពិធីសម្ពោធរោងចក្រស្ករសនៅ
កំពង់ស្ពឺពីសប្តាហ៍មុន
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាដដែលកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជា មិនអាចមានលទ្ធភាព ផ្តល់ប្រាក់សុទ្ធ ទៅប្រជាជន ដូចកម្មវិធីគោលនយោបាយបោះឆ្នោត របស់គណបក្សប្រឆាំង ដែលបានសន្យាថា នឹងផ្តល់ប្រាក់ចំនួន ៤ម៉ឺនរៀល ទៅដល់មនុស្សចាស់ៗ ប្រសិនបើខ្លួនជាប់ឆ្នោតនោះទេ។
ថ្លែងទៅកាន់ប្រជាជន ប្រមាណ ១០០០គ្រួសារ ក្នុងអំឡុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅស្រុកត្រាំកក់ ខេត្តតាកែវ លោក ហ៊ុន សែន បានថ្លែងថា គណបក្សកាន់អំណាច នឹងបន្តមិនយកពន្ធលើដីកសិកម្មរបស់ប្រជាជនទូទាំងប្រទេស។ លោកថ្លែងបន្តថា៖ «គណបក្សប្រជាជន និងមន្រ្តីគណបក្សប្រជាជន មិនមានគោលនយោបាយ ចែកលុយផ្ទាល់ ដល់ហោប៉ៅប្រជាជន[កសិករធម្មតា]ទេ ប៉ុន្តែការមិនយកពន្ធលើដីកសិកម្មគឺមានន័យថា គណបក្សប្រជាជនកម្ពុជា បានផ្តល់ប្រាក់ដល់ប្រជាជនរួចហើយ រយៈពេល ៣៤ឆ្នាំ»។ លោក ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតជាតិ នឹងគ្រោងធ្វើឡើងនៅខែកក្កដា ហើយលទ្ធផលនៃការបោះឆ្នោត គឺអាស្រ័យទៅលើអ្នកបោះឆ្នោត។
លោក ហ៊ុន សែន បានចោទសួរថា៖ «តើប្រជាជន[អ្នកបោះឆ្នោត]នឹងបោះឆ្នោតឲ្យអ្នកដែលធ្វើការ ងារពិតប្រាកដ[សម្រាប់ពួកគាត់]ឬតើប្រជាជន នឹងបោះឆ្នោតឲ្យគណបក្ស ដែលគ្រាន់តែសន្យាសម្រាប់ពួកគាត់?»។
យ៉ាងណាក្តី លោក អ៊ូ ចាន់រិទ្ធ អ្នកនាំពាក្យគណបក្សសិទ្ធិមនុស្ស បានថ្លែងថា ពាក់ព័ន្ធនឹងកម្មវិធីគោលនយោបាយបោះឆ្នោតរបស់គណបក្សសង្គ្រោះ ជាតិកម្ពុជា ប្រសិនបើគណបក្សជាប់ឆ្នោត គណបក្សនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន៤ម៉ឺនរៀល ដល់មនុស្សចាស់អាយុពី៦៥ឆ្នាំឡើងទៅ ហើយដែលថវិកានេះ បានមកពីការលុបបំបាត់អំពើពុករលួយ ដែលកំពុងមាននៅក្នុងគណបក្សប្រជាជន។ លោក អ៊ូ ចាន់រិទ្ធ បានថ្លែងបន្តថា៖«វាជាកម្មវិធីគោលនយោបាយបោះឆ្នោត របស់គណបក្សប្រឆាំង ហើយកម្មវិធីគោលនយោបាយនេះ មិនមែនជាយុទ្ធនាការប្រជាភិថុតិទេ»៕
No comments:
Post a Comment
yes