លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធអង្គប្រជុំប្រចាំឆ្នាំ និងរៀបចំផែនការជាយុទ្ធសម្រាប់ឆ្នាំ ២០១៣ របស់ខ្លួន ប្រកបដោយលទ្ធផលគួជាទីមោទនភាព នោះគឺជាផែនការតស៊ូដោយសន្តិវិធី និងអហិង្សា ដើម្បីលើកស្ទួយស្ថានភាពរស់នៅរបស់ជនរួមជាតិខ្មែរក្រោម ។ អង្គប្រជុំបានប្រព្រឹត្តទៅអស់រយៈមួយថ្ងៃគឺថ្ងៃទី ២៥ ធ្នូ នេះ នៅសហគមន៍បុរីព្រៃនគរ ក្នុងសង្កាត់ ភ្នំពេញថ្មី ខ័ណ្ឌ សែន សុខ រាជធានីភ្នំពេញ ។ អង្គប្រជុំដែលស្ថិតក្រោមអធិបតីភាពឯកឧត្តមយន្ត ថារ៉ូ ជាសមាជិកសភាកម្ពុជា ជាប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងមានដំណាងអង្គការ សមាគមខ្មែរក្រោម ទាំងព្រះសង្ឃនិង គ្រហស្តចូលរួមចំនួន ៥០រូបនោះ ក៏ត្រូវបានការ អប់អរសាទ័រពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមផងដែរ ។
អង្គប្រជុំប្រចាំឆ្នាំរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជានេះ ត្រូវបានចែកចេញជាពីរដំណាក់កាល គឺនៅពេលព្រឹក និងពេលល្ងាច ។ ចំពោះកម្មវិធីពេលព្រឹក គឺប្រារព្ធបើកកម្មវិធីដោយ ឯកឧត្តមយន្ត ថា រ៉ូ ដែលកម្មវិធីដូចតទៅ គឺការជម្រាប់ជូននូវរបាយការណ៍សង្ខេប ប្រចាំឆ្នាំរបស់លេធិការដ្ឋានដោយលោក គឹម ស៊ីសំណា ដោយបានសង្ខេបនូវរបាយការណ៍សំខាន់ៗចំនួនបី គឺៈ ទី១. បានធ្វើរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា និងផ្ញើផ្ទាល់តំណាងពិសេសគឺអ្នកស្រីណាវី ភីឡាយ ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ២. បានធ្វើទៅកាន់លោកអគ្គលេខាបក្សកុម្មុនីស្តវៀតណាម និងផ្ញើទៅកាន់លោក ង្វៀង តឹងយុង នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីស្នើអន្តរាគមន៍ពីបញ្ហាខ្មែរក្រោមនៅវៀតណាម និង៣. រៀបចំបុណ្យខួបនានាទាក់ទងនិងទិវាប្រវត្តិសាស្ត្ររបស់ខ្មែរក្រោម និង៤. បញ្ហារបស់ ខ្មែរក្រោមត្រូវបានផ្សព្វផ្សាយដល់បណ្តាញពត៌មានជាតិ និងអន្តរជាតិនានា ។
សកម្មភាពសំខាន់ៗ នាពេលព្រឹកនោះដែរ ក៏មានការប្រកាសផ្ទេរតំណែងប្រធានលេខាធិការដ្ឋាន និងសមាសភាពគណកម្មការរបស់អង្គភាពនេះក្នុងនោះក៏មានប្រកាសភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកគណកម្មការនីមួយៗ ដោយព្រះតេជគុណ កៀង សនប្រសិទ្ធ តំណាងសម្ព័ន្ធសមណនិស្សិត និស្សិតខ្មែរកម្ពុជាក្រោម ។ សមាសភាពគណកម្មការនេះរួមមាន៖ ១. លោក សឺន យឿង ដែលជានាយកប្រតិបត្តិ នៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ត្រូវទទួលតំណែងជាប្រធានលេខាធិការដ្ឋានថ្មី ២. លោក ថាច់ ង៉ុកសួង ជាប្រធានការិយាល័យកិច្ចការធម៌វិន័យ នៃសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ត្រូវទទួលតួនាទីជាអនុប្រធាន លេខាធិការដ្ឋាន ៣. លោក គឹម ស៊ីសំណា ជាអនុប្រធានបណ្តាញយុជនខ្មែរកម្ពុជាក្រោម ត្រូវទទួលតួនាទីជាលេខាធិការទទួលខុសត្រូវផ្នែកកិច្ចការរដ្ឋបាល និងបេឡា ៤. លោក សឺន សុធន ជាមន្ត្រីស៊ើបអង្កេតនៃសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ត្រូវទទួលតួនាទីជាមន្ត្រីស៊ើបអង្កេត ៥. លោក ស៊ុន សុផា ជាអគ្គលេខាធិការ អង្គការស្ត្រីខ្មែរកម្ពុជាក្រោម ត្រូវទទួលតូនាទីជាជំនួយការកិច្ចការដ្ឋបាល ៦. លោក ថាច់ ភឿន ជាអនុប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ត្រូវទទួលតួនាទីជាជំនួយការកិច្ចការរដ្ឋបាល និង៧. លោក ថាច់ យាំងសេរី ជាសមាជិកសកម្មសហគមន៍ខ្មែរកម្ពុជាក្រោម ត្រូវទទួលតួនាទីជំនួយការកិច្ចការដ្ឋបាល ។
រីឯកម្មវិធីអង្គប្រជុំពេលល្ងាច គឺប្រកាសបើកកម្មវិធីដោយលោក សឺន យឿង ប្រធានលេខាធិការដ្ឋានថ្មី និងដឹកនាំសម្របសម្រួលដោយលោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និងជាប្រធានកម្មវិធីបណ្តាញយុវជន។ ដើម្បីសមាជិកអង្គប្រជុំចូលរួមពិភាក្សា លោក សឺន ជុំជួន បានលើកយកចំណុចពីរសំខាន់ៗគឺ ១. ការកំណត់បញ្ហាស្នូល បញ្ហាដែលបណ្តាល និងបញ្ហាដែលជាផលប៉ះពាល់ ដល់ក្រុមគោលដៅជាពិសេសខ្មែរក្រោមកំពុងប្រឈម និងរិះរកផែនការយុទ្ធសាស្ត្រសំរាប់ឆ្នាំ ២០១៣ និងឆ្នាំបន្តបន្ទាប់។
ក្រោយពីបានពិភាក្សារួមដោយសមាជិកអង្គប្រជុំបានរកឃើញនូវបញ្ហាសំខាន់ដូចខាងក្រោម៖
បញ្ហាស្នូលៈ
• គឺ សិទ្ធិ និងសេរីភាពរបស់ខ្មែរកម្ពុជាក្រោមកំពុងត្រូវបានរឹតបន្តឹង ។
បញ្ហាបណ្តាលដែលពាក់ព័ន្ធទៅនឹងចំណេះដឹងរបស់ខ្មែរក្រោមគឺៈ
• ខ្វះចំណេះដឹងផ្នែកសិទ្ធិមនុស្ស និងច្បាប់ ។ ពួកគាត់មិនអាចទទួលពត៌មានបានគ្រប់ជ្រុងជ្រោយ ដោយសារបណ្តាញពត៌មានចង្អៀត ។ ពួកគាត់រស់នៅប្រឈមនិងភាពក្រីក្រ ។ កំរិតការសិក្សារៀនសូត្រនូវមានកំរិតទាប ។ រស់នៅដោយពុំមានឯកសារគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាពួកគាត់ជាខ្មែរ ។
ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់៖
• សមត្ថកិច្ចមិនបានអនុវត្តច្បាប់ និងមានការរំលោភផ្លូវច្បាប់ ។ មានការធ្វេសប្រហែសក្នុងការអនុវត្តន៍របស់មន្ត្រីអនុវត្តច្បាប់ ។
ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចៈ
• មានអំពើពុករលួយ ។ គ្មានគុណធម៌ ខ្វះការសមគ្គីគ្នា ។ មានភាពលំអៀង និងនិន្នាការនយោបាយ។ មានការអាងអំណាច និងមានការគម្រាមគំហែង ។
ផលប៉ះពាល់ គឺប្រជាពលរដ្ឋខ្មែរក្រោមអាចនិងប្រឈមទៅនឹង៖
• បាត់បង់សិទ្ធិពលរដ្ឋ មានការរើសអើង ការបែងចែកបក្សពួកនិយម ពួកគាត់រស់ដោយឯកោ ពុំមានការងារបំរើអាជីពប្រចាំថ្ងៃ គ្មានមុខរបរ និងគ្មានលំនៅដ្ឋានពិតប្រាកដ។
ឆ្លើយតបទៅនិងការរកឃើញបញ្ហាទាំងនេះ អង្គប្រជុំបានឯកភាពបង្កើតនូវផែនការមួយចំនួនដែលមានដូចខាងក្រោមនេះ៖
១. ផ្សព្វផ្សាយ និងអប់រំសន្តិភាពសហគមន៍ ដោយរួមបញ្ចូលនូវគន្លឹះសំខាន់ៗនៃការ កសាងសន្តិភាពសហគមន៍ ។ ដែលមានការផ្សព្វផ្សាយ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស សេចក្តីប្រកាសជាសកលស្តីសិទ្ធិជនជាតិដើមភាគតិច និងរួមមានឯកសារប្រវត្តិសាស្ត្រ ភូមិសាស្ត្រខ្មែរ ។
២. បង្កើតបញ្តាញពត៌មាន ដើម្បីផ្សព្វផ្សាយតាមរយៈព្រឹត្តិបត្រ សារពត៌មានព្រៃនគរ គេហទំព័រនានារបស់ខ្មែរក្រោម និងប្រព័ន្ធផ្សាយសម្លេងជាតិ និងអន្តរជាតិ។
៣.សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ និងអង្គការជាតិ និងអន្តរជាតិនានា និងតស៊ូមតិតាមរយៈ សេចក្តីថ្លែងការណ៍ ញតិ្ត របាយការណ៍អន្តរាគមន៍ និងក្បួនដង្ហែនានា ។
៤. ផ្តល់សេវាកម្មសង្គ្រោះបន្ទាន់ ដល់សកម្មជនរង្គ្រោះដោយសារការតវារឿងដីធ្លី វប្បធម៌ ប្រពៃណី ជំនឿសាសនា ។ល។
៥. បង្កើតបណ្តាញមូលនិធិគាំទ្រតាមរយៈ ហិបមូលនិធិ សិល្បៈតន្ត្រីកំសាន្ត និងពីធីបុណ្យប្រពៃណីផ្សេងៗ
រីពេលវេលានៃការអនុវត្តន៍ផែនការទាំង ៥ ដែលបាដាក់ចេញ គឺអង្គប្រជុំបានសម្រេចថា នឹងអនុវត្តន៍ជាបណ្ដើរ ៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន។
ជាចុងបញ្ចប់នៃអង្គប្រជុំនៅក្នុងសុន្ទរកថា សរុបលទ្ធផលនិងបិទកម្មវិធី លោក តាំង សារៈ ប្រធានសាខាសហព័ន្ធខ្មែរក្រោមប្រចាំព្រះរាជរាណាចក្រកម្ពុជា បានពាំនាំនូវពាក្យផ្ដាំផ្ញើ និងសាទ័រចំពោះអង្គប្រជុំ របស់លោក តោ គឹម ថុង ឧត្តមទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម។ ហើយលោកតាំង សារៈក៏បានឈ្លៀតពេលផ្ដាំផ្ញើឲ្យថ្នាក់ដឹកនាំ និងសកម្មជន នៃអង្គការសមាគមទាំងអស់ខិតខំបំពេញតួនាទីរៀងៗ ខ្លួន រៀង ៗ អង្គភាព កុំបីធ្វេសប្រហែស បន្ថែមពីលើនេះទៀតលោកតាំង សារៈ បានស្ងើចសរសើរ និងជូនពរជាអនេគកប្បការ ដល់ថ្នាក់ដឹកនាំលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ និងសកម្មជន នៃអង្គការសមាគមខ្មែរក្រោមទាំងអស់ ក្នុងការខិតខំបំពេញការងារដើម្បីប្រយោជន៍ជាតិ ។
លទ្ធផលអង្គប្រជុំបានឯកភាព និងមានសុឆន្ទៈ ប្តេជ្ញាចូលរួមធ្វើសកម្មភាពទៅតាមផែនការតាមសមត្ថភាពរៀង ៗ ខ្លួន រៀង ៗ អង្គភាព៕
No comments:
Post a Comment
yes