សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 24, 2012

ក្រុម​សហគមន៍​ប្រទះ​ឃើញ​ឈើ​ហ៊ុប​អារ​រំលំ​រួច​២៩០​ដើម​នៅ​រតនគិរី

បន្ទាប់​ពី​សមត្ថកិច្ច​ខេត្ត​រតនគិរី ចាប់​បាន​ពលរដ្ឋ​វៀតណាម ៧​នាក់ ដែល​សង្ស័យ​លួច​ឆ្លង​ដែន​មក​កាប់​ឈើ​លើ​ដី​ខ្មែរ​មក ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​រាយការណ៍​ថា មាន​គំនរ​ឈើ​មូល ៤​កន្លែង​ទៀត ត្រូវ​គេ​កាប់​ថ្មីៗ​នៅ​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខេត្ត​រតនគិរី។
ឈើ​មូល ឬ​ឈើហ៊ុប​ចំនួន ២៩០​ដើម​ថ្មី​ទៀត ត្រូវ​បាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ រក​ឃើញ​នៅ​ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ពី​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរថ្មដា។
តំណាង​សហគមន៍​លោក រម៉ាស់ ស្វាត់ នៅ​ថ្ងៃ​ច័ន្ទ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១២ មាន​ប្រសាសន៍​បញ្ជាក់​ថា សមាជិក​សហគមន៍​មាន​គ្នា ៨​នាក់​បាន​ដើរ​ល្បាត​ក្នុង​ព្រៃ​ចំងាយ ៣​គីឡូម៉ែត្រ​ពី​ទីតាំង​កាប់​ឈើ​ដែល​ក្រុម​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ពលរដ្ឋ​វៀតណាម ៧​នាក់ កាល​ពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​ទៅ ហើយ​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ថ្មី​នេះ។
លោក​បន្ត​ថា គំនរ​ឈើ​នេះ​ត្រូវ​គេ​កាប់​ហើយ​យក​មក​គរ​ទុក​នៅ​ទី​នោះ​ប្រមាណ ២​ថ្ងៃ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​សហគមន៍​មិន​ឃើញ​មាន​មុខ​សញ្ញា ឬ​អ្នក​ទទួល​ខុស​ត្រូវ​ជា​ម្ចាស់​ឈើ​នោះ​ឡើយ៖ «ថ្ងៃ​ម្សិល​ខ្ញុំ​ទៅ​អត់​ឃើញ​មាន​មនុស្ស​ទេ ខ្ញុំ​អត់​ឃើញ​រោង​គេ​ទេ ឃើញ​តែ​ឈើ​មូល​ទេ។ គេ​កាប់​ថ្មី​កន្លែង​ហ្នឹង​គេ​មិន​ទាន់​ដឹក​ទេ គេ​ប្រមូល​គរៗ​ទុក អត់​ឃើញ​វាយ​ត្រា ប្រហែល​គេ​ខុស​ច្បាប់​មិន​ដឹង។ អត់​កាប់​យប់​ទេ​កាប់​ថ្ងៃ គេ​ធ្វើ​ដូច​អាជីវកម្ម​ធំ ឲ្យ​តែ​ឈើ​ល្អ ឈើ​ប្រភេទ​ណា​ក៏​គេ​កាប់​ទាំង​អស់ ចាប់​ពី​មុខ​ម្ភៃ​ឡើង​ទៅ»
កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី រួម​ទាំង​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ឡំ បាន​ស្ទាក់​ចាប់​បាន​ពលរដ្ឋ​វៀតណាម ៧​នាក់ ម៉ាស៊ីន​កាត់​ឈើ ៤​គ្រឿង និង​ត្រាក់ទ័រ ២​គ្រឿង​នៅ​ចំណុច​ព្រំប្រទល់​ព្រៃ​សហគមន៍ និង​ក្រុមហ៊ុន​សម្បទាន​វៀតណាម​៧២ ហើយ​បន្ទាប់​នេះ​មួយ​ថ្ងៃ ក្រុម​សហគមន៍​បាន​ប្រទះ​ឃើញ​ក្រុម​ជនជាតិ​វៀតណាម មួយ​ក្រុម​ទៀត​មាន​គ្នា ១២​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ ៤​គ្រឿង និង​ត្រាក់ទ័រ ៣​គ្រឿង​នៅ​បន្ត​អារ​រំលំ​ឈើ​នៅ​ចំណុច​ព្រៃ​ក្បែរ​ក្រុមហ៊ុន​សម្បទាន​វៀតណាម ឈ្មោះ ដាយដុងយឿង ចំងាយ ៣​គីឡូម៉ែត្រ​ពី​ក្រុមហ៊ុន​៧២។
នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ខេត្ត​រតនគិរី លោក ផាន់ ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ទើប​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ករណី​នេះ​ដូច​គ្នា ហេតុ​នេះ​លោក​នឹង​ចាត់​សមត្ថកិច្ច​ចុះ​ទៅ​កាន់​ទៅ​ទីតាំង​នោះ៖ «ចាំ​មើល​ខ្ញុំ​ចុះ​ទៅ​ស៊ើប​អង្កេត​ប្រហែល​ជា​ល្ងាច​ហ្នឹង ស្អែក»
អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សំគាល់​ថា តាម​វត្ថុតាង​ដែល​លោក និង​ក្រុម​សហគមន៍​បាន​ទៅ​ដល់​កន្លែង​កាប់​ឈើ​នាំ​ឆ្លង​ដែន​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​ជា​តំបន់​ជាប់​នឹង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ពីរ គឺ​ក្រុមហ៊ុន​ដាយដុងយឿង និង​ក្រុមហ៊ុន​៧២។
លោក​បន្ត​ថា ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​នេះ មិន​អាច​ធ្វើ​ទៅ​បាន​ងាយ​ស្រួល​ទេ ពីព្រោះ​តំបន់​នេះ​មាន​ក្រុមហ៊ុន​សម្បទាន និង​មាន​តម្រួត​ព្រំដែន​ដាក់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ។
លោក​អំពាវនាវ​ឲ្យ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ជាក់​លាក់៖ «ខ្ញុំ​ក៏​បាន​អន្តរាគមន៍​ព្រឹកមិញ​ភ្លាមៗ ដើម្បី​ឲ្យ​ចាត់​វិធានការ​តាម​នីតិវិធី​បន្ត​ទៀត»
ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ខេត្ត​រតនគិរី លោក ឯក ប៉ូលីហ្វៀល មាន​ប្រសាសន៍​បញ្ជាក់​ថា ពលរដ្ឋ​វៀតណាម​ទាំង ៧​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​តាម​ផ្លូវ​តុលាការ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត។ លោក​បន្ត​ថា បាន​ជូន​ដំណឹង​ទៅ​ក្រសួង​ការបរទេស​វៀតណាម រួច​ហើយ ស្តី​ពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​វៀតណាម​នេះ៕

No comments:

Post a Comment

yes