
រតនគិរីៈ ប្រជាសហគមន៍ជនជាតិភាគតិចចារ៉ាយ បានឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ និងរឹបអូសគ្រឿងចក្ររបស់ក្រុមហ៊ុននេះ ក្នុងខណៈដែលពួកគេកំពុងឈូសឆាយដីផ្នូរដូនតាជនជាតិចារ៉ាយ ជាងមួយហិកតា ក្នុងខេត្តរតនគិរី ពីចុងសប្តាហ៍មុន។
លោក សេវ ហ្លីន មេភូមិឡំបានអះអាងពីថ្ងៃអាទិត្យថា ដីផ្នូរដូនតាជនជាតិចារ៉ាយជាងមួយហិកតានៅក្នុងភូមិឡំ(ជាប់ ព្រំដែនវៀតណាម)នៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវក្រុមហ៊ុនដាយដុងយឿងរបស់វៀតណាមប្រើគ្រឿងចក្រ៤គ្រឿងឈូស ឆាយកាលពីសប្តាហ៍មុន។
លោក សេវ ហ្លីន បញ្ជាក់ថា៖ «ដីព្រៃផ្នូរខ្មោចដូនតាយើងត្រូវក្រុមហ៊ុនវៀតណាមឈូសឆាយចោលអស់ហើយ គ្មានសល់ទេ។ ក្រៅពីនេះក៏ប៉ះដីចម្ការជាង២ហិកតាផង។ យើងកំពុងបារម្ភខ្លាចព្រលឹងដូនតា ខឹងមកធ្វើទុក្ខបុកម្នេញកូនចៅនៅមិនសុខ»។
លោក សេវ ហ្លីន ថា អ្នកភូមិខឹងយ៉ាងខ្លាំងក៏រាយការណ៍មកលោកភ្លាមៗ បន្ទាប់មកពួកគាត់ប្រមាណ៣០នាក់ ប្រថុយគ្រោះថ្នាក់ចូលទៅឃាត់គ្រឿងចក្រ។
លោកហ្លីន និយាយថា៖«យើងឃាត់បានតែ១គ្រឿងទេ។ ជនជាតិយើងមិនចេះបើក។ គេបើករត់ចូលព្រៃអស់។ ពួកអ្នកបើកជាជនជាតិវៀតណាមមិនទាំងចេះខ្មែរផង»។ លោកថា លោកបានរាយការណ៍ជូនទៅថ្នាក់លើហើយ ប៉ុន្តែ មិនទាន់មានការសម្រេចយ៉ាងណានោះទេ។ តាមអ្នកភូមិចង់ទារជំងឺចិត្ត៥ពាន់ដុល្លារ យកទៅទិញក្របី ជ្រូក គ្រឿងសក្ការមករៀបចំធ្វើពិធីសែនព្រេន កុំឲ្យព្រលឹងដូនតាខឹងសម្បា។
ករណីនេះសមាគមការពារសិទិ្ធមនុស្សអាដហុកនិងប្រជាសហគមន៍ប្រមាណជា១០នាក់ បានចុះទៅអង្កេតជាក់ស្តែងនៅនឹងកន្លែង កាលពីថ្ងៃអាទិត្យ។
លោក ឆាយ ធី អ្នកសម្របសម្រួលនៃសមាគមអាដហុកបានឲ្យដឹងថា ដីផ្នូរដូនតារបស់ជនជាតិដើមចារ៉ាយ ពិតជាត្រូវគេឈូសឆាយមែន ក្នុងនោះផ្នូរចំនួន១៥០០ ត្រូវខូចខ្ទេចខ្ទីអស់។
លោកអះអាងថា៖ «ផ្នូរដូនតាស្ទើរតែបំផ្លាញទាំងស្រុង ហើយឆ្អឹងនិងវត្ថុបុរាណដូចជាកងដៃ កងជើង ឆ្នាំង ចាន ពាងដែលគេដាក់នៅក្នុងផ្នូរខ្មោចត្រូវបានឈូសចេញមកក្រៅ»។
លោក ឆាយ ធី បានចាត់ទុកថា ការឈូសឆាយនេះ គឺជាការរំលោភដោយចេតនានិងយ៉ាងធ្ងន់ធ្ងរមួយលើទំនៀម ទម្លាប់ក៏ដូចជាទីសក្ការបូជា របស់ជនជាតិដើមភាគតិច។ ក្រុមហ៊ុនមិនមែនមិនដឹងថា ដីនោះជាដីផ្នូរដូនតាពួកគេទេព្រោះកាលពីឆ្នាំ២០១២ អាជ្ញាធរ ក្រុមហ៊ុននិងអ្នកភូមិបានចុះទៅបាញ់ថ្នាំចំណាំដីផ្នូរខ្មោចនោះ ជាមួយគ្នា។ លោកបញ្ជាក់ដែរថា ជនជាតិវៀតណាមនោះ ត្រូវប្រជាពលរដ្ឋ៣៧នាក់ ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ប៉ុន្តែត្រូវគេដោះលែងវិញភ្លាមៗដែរ។
លោក ពូយ ជ្រូច នាយប៉ុស្តិ៍ប៉ក់ញ៉ៃ ឲ្យដឹងថា គ្មានការឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់នោះទេគឺគ្រាន់តែហៅមក សួរប៉ុណ្ណោះហើយក៏ឲ្យវិលទៅវិញ។
លោកថ្លែងថា៖ «ពួកគេសារភាពថា គេស៊ីឈ្នួលបើកឲ្យគេទេ ហើយក៏មិនដឹងថា ទីនោះមានផ្នូរខ្មោចអីដែរ។ កន្លែងឈូសប៉ះនោះវាតិចតួចទេ មិនច្រើនដល់ជាងមួយហិកតាអីនោះទេ»។
អភិបាលស្រុកអូរយ៉ាដាវលោក ដក ស ឲ្យដឹងថា លោកទទួលរបាយការណ៍រឿងនេះហើយ និងបានបញ្ជូនទៅថ្នាក់លើដើម្បីធ្វើការដោះស្រាយរួចហើយដែរ។
លោក ណាប់ ប៊ុនហេង អភិបាលរងខេត្តរតនគិរីប្រាប់ឲ្យដឹងថា អាជ្ញាធរខេត្តមិនទាន់បានទទួលរបាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានដែល ថា មានការឈូសឆាយផ្នូរបុរាណនោះទេ។
លោកបញ្ជាក់ថា៖«រឿងឈូស ប៉ះឬយ៉ាងណានោះយើងមិនបានដឹងទេ ព្រោះខេត្តមិនទាន់ទទួលបានការរាយការណ៏ពីមូលដ្ឋាននៅឡើយ។ យើងគ្រាន់តែបានឮព័ត៌មានប្រយោល។ ខ្ញុំបានចុះទៅមើលក្រុមហ៊ុននេះ តែមិនឃើញមានបញ្ហាអីនោះទេ»។
ភ្នំពេញ ប៉ុស្តិ៍មិនអាចទាក់ទងសុំការបំភ្លឺពីក្រុមហ៊ុនដាយដុងយឿង ទេ តែទោះយ៉ាងណា លោក ពូយ ជ្រូច មេប៉ុស្តិ៍ប៉ក់ញ៉ៃ បានអះអាងថា ខាងភាគីក្រុមហ៊ុននឹងមកដោះស្រាយជាមួយនឹងប្រជាពលរដ្ឋនៅក្នុងសប្តាហ៍នេះ។
ក្រុមហ៊ុនដាយដុងយឿងបានទទួលដីសម្បទានសេដ្ឋកិច្ចប្រមាណជា៤ពាន់ ហិកតា ពីរដ្ឋាភិបាលកម្ពុជានិងកំពុងឈូសដីដាំកៅស៊ូបានជាង៧០០ហិកតាហើយ។ សមាគមអាដហុកនិងប្រជាសហគមន៍ជនជាតិដើមភាគតិចចារ៉ាយ បានរកឃើញភាពមិនប្រក្រតីមួយចំនួនរបស់ក្រុមហ៊ុនមួយនេះ។ កាលពីសប្តាហ៍មុនឈើប្រណីតរាប់ពាន់ដើមត្រូវបានរកឃើញនៅក្នុងទីតាំងរបស់ក្រុមហ៊ុន ហើយក្រុមចម្រុះរដ្ឋបាលព្រៃឈើ រួមមានទាំងថ្នាក់ជាតិផង បានចុះទៅពិនិត្យក្រុមហ៊ុនវៀតណាម ដាយដុងយឿងនេះ៕
No comments:
Post a Comment
yes