សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 10, 2013

ពលរដ្ឋ​១២​គ្រួសារ​នៅ​ខេត្ត​រតនគិរី​រត់​ចោល​ផ្ទះ​ដោយសារ​ខ្លាច​ការ​គំរាម​សម្លាប់

៨-មករា-២០១៣៖ លោក សឿង យ៉ារាត់ ពិការ​ជើង​ដោយ​សារ​ប៉ូលិស​ក្រុមហ៊ុន​ឌី.អឹម
 គ្រុប បាញ់​កាល​ពី​ឆ្នាំ​២០០៩ និង​អ្នក​ភូមិ​នៅ​លើ​ដី​ដែល​គេ​កាប់​ដើម​ឈើ​អ្នក​ភូមិ​អស់
 នៅ​ភូមិ​សាយ៉ោះលើ ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី

ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច ១២​គ្រួសារ នៅ​ខេត្ត​រតនគិរី បាន​រត់​ចោល​ផ្ទះ​សម្បែង​ដោយ​សារ​ភ័យ​ខ្លាច​កូន​ប្រុស​ម្ចាស់​កសិដ្ឋាន​ម្នាក់​ប្រើ​អាវុធ​គំរាម​សម្លាប់។ គេ​បាន​បង្ខំ​ឲ្យ​ពួក​គាត់​ចាក​ចេញ​ពី​ផ្ទះ ហើយ​ប្រគល់​ដី​ទៅ​ឲ្យ​ម្ចាស់​កសិដ្ឋាន​នោះ។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា​នេះ​គឺ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១២​គ្រួសារ​បាន​បោះ​បង់​ផ្ទះ​សម្បែង​មក​សុំ​ស្នាក់​អាស្រ័យ​នៅ​ការិយាល័យ​សមាគម​អាដហុក (Adhoc) ដើម្បី​ការពារ​អាយុ​ជីវិត​ពី​ការ​គំរាម​សម្លាប់។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​លោក​បាន​សម្រេច​ផ្តល់​កន្លែង​ស្នាក់​អាស្រ័យ​បណ្ដោះ​អាសន្ន​ជូន​អ្នក​ភូមិ​នោះ​ហើយ នៅ​ថ្ងៃ​ពុធ ទី៩ ខែ​មករា ឆ្នាំ​២០១៣។ លោក​បន្ត​ថា តាម​ការ​ស៊ើប​អង្កេត​របស់​លោក​រក​ឃើញ​ថា អ្នក​ភូមិ​ចំនួន ១២​គ្រួសារ នៅ​ភូមិ​សាយ៉ោះលើ កំពុង​រង​ការ​គំរាម​កំហែង​រំលោភ​សិទ្ធិ​រស់នៅ ហើយ​ពួក​គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ ដោយ​សារ​ភ័យ​ខ្លាច​ពី​សកម្មភាព​ប្រើប្រាស់​អាវុធ​គំរាម​សម្លាប់៖ «គាត់​ភ័យ​ខ្លាច​នឹង​ការ​គំរាម​កំហែង​ដោយ​ឈ្មួញ​មាន​អាវុធ យើង​បាន​ជួយ​គាត់​ក្នុង​នាម​គាត់​ភៀស​ខ្លួន​ពី​ភូមិ​គាត់​រស់នៅ​មក​បានលុង»

អ្នក​ភូមិ​ដែល​បាន​ភៀស​ខ្លួន​មក​ស្នាក់​នៅ​ការិយាល័យ​សមាគម​អាដហុក ខេត្ត​រតនគិរី គឺ​លោក សឿង យ៉ារាត់ រស់នៅ​ភូមិ​សាយ៉ោះលើ ឃុំ​កាឡែង ស្រុក​លំផាត់។ លោក​បាន​បញ្ជាក់​ថា អ្នក​ភូមិ​ទាំង ១២​គ្រួសារ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ស្នាក់​នៅ​ផ្ទះ​សាច់ញាតិ​បង​ប្អូន​នៅ​ភូមិ​ផ្សេង ដោយ​សារ​ភ័យ​ព្រួយ​ពី​សុវត្ថិភាព។ លោក​បន្ត​ថា ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១២ កូន​ប្រុស​ម្ចាស់​កសិដ្ឋាន គឺ​លោក គុជជូ ច័ន្ទបូណាក់ និង​លោក គុជជូ ច័ន្ទគ្រឹស្នា អម​ជាមួយ​កម្មករ​មាន​អាវុធ បាន​មក​កាប់​រំលំ​ដើម​ឈើ​អ្នក​ភូមិ និង​គំរាម​បាញ់​សម្លាប់ បើ​សិន​អ្នក​ភូមិ​មិន​រុះរើ​លំនៅឋាន​ចេញ។
លោក​បន្ត​ថា ម្ចាស់​កសិដ្ឋាន​ប៉ុនប៉ង​រំលោភ​យក​ដី ដោយ​សំអាង​ថា​ដី​នោះ​អ្នក​ភូមិ​ផ្សេង​ទៀត​បាន​លក់​ទៅ​ឲ្យ​ម្ចាស់​កសិដ្ឋាន​នោះ៖«គេ​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​ទៀត គេ​ថា ម៉េង ឯង​ថ្ងៃ​នេះ​ចង់​ងាប់​ឬ​ចង់​រស់។ ខ្ញុំ​ភ័យ​ខ្ញុំ។ ១២​គ្រួសារ​ហ្នឹង​រត់​រប៉ាត់រប៉ាយ​អស់​ហើយ គេ​រត់​ទៅ​ស្រុក​រក​បង​ប្អូន​គេ​អ៊ីចឹង។ ចេញ​អស់​ហើយ​អត់​មាន​នរណា​នៅ​ទេ អត់​ហ៊ាន​នៅ​ទេ​បាទ! ខ្ញុំ​គេច​ខ្លួន​ដែរ​ហ្នឹង បើ​សិន​នៅ​ហ្នឹង អាច​ប្រហារ​ជីវិត​ខ្ញុំ​ហើយ​មើល​ទៅ»
ទាក់​ទិន​ការ​ចោទ​ប្រកាន់​នេះ កូន​ម្ចាស់​កសិដ្ឋាន លោក គុជជូ ច័ន្ទបូណាក់ ចាត់​ទុក​ថា​ជា​ការ​មិន​ពិត។ លោក​បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ ១២​គ្រួសារ​កំពុង​រស់នៅ គឺ​ជា​ដី​របស់​គ្រួសារ​លោក​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​នៅ​តំបន់​នោះ។ ចំណែក​ប្រជាពលរដ្ឋ ១២​គ្រួសារ បាន​សុំ​ដី​នោះ​ដាំដុះ​បណ្ដោះ​អាសន្ន៖«យក​របស់​កាន់​កាំភ្លើង​យក​ទៅ​គំរាម​សម្លាប់ អា​ហ្នឹង​អត់​ការ​ពិត​ទេ បើ​មាន​ការ​ពិត​ខ្ញុំ សុខ​ចិត្ត​ទទួល​ខុស​ត្រូវ​ទាំង​អស់​រឿង​ហ្នឹង»
មេ​ឃុំ​កាឡែង លោក ស៊ុត សុំ មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​បាន​ចុះ​អង្កេត​ករណី​នេះ ហើយ​រក​ឃើញ​ថា ពិត​ជា​មាន​ការ​គំរាម និង​កាប់​ផល​ដំណាំ​ប្រជាពលរដ្ឋ​មែន។ លោក​បន្ត​ថា សូម្បី​លោក​ជា​មន្ត្រី​អាជ្ញាធរ​ក៏​រង​ការ​គំរាម​កំហែង​ពី​គ្រួសារ​ម្ចាស់​កសិដ្ឋាន​នេះ​ដូច​គ្នា៖ «ប្រជាពលរដ្ឋ​អត់​សុខ​ចិត្ត​ចេញ​ទេ។ ខ្ញុំ​ថា​មិន​បាច់​ចេញ​ទេ ទោះ​បី​កាប់​សម្លាប់​ក៏​នៅ​ហ្នឹង​ហើយ។ ខ្ញុំ​ឲ្យ​ប៉ុស្តិ៍​ទៅ​ត្រួត​ពិនិត្យ​ឃើញ​កាប់​ដើម​ខ្នុរ ស្វាយ​ចន្ទី ដើម​គរ​កាប់​អស់ គឺ​គាត់​ឲ្យ​កូន​ចៅ​គាត់ តា​ជូ ហ្នឹង​ណា។ លើក​ទី១ កម្មករ​គាត់ លើក​ទី២ កូន​គាត់​ថា​បើ​មិន​ចេញ​ទេ គាត់​នឹង​រុះរើ​ផ្ទះ​សម្បែង មិន​ត្រឹម​តែ​ខ្ញុំ​ទេ ទាំង​លោក​អភិបាល​ក៏​គាត់​ថា​ញាត់​ក្នុង​គុក​ដែរ»
របាយការណ៍​អង្កេត​របស់​មន្ត្រី​សមាគម​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា តំណាង​ឲ្យ​អ្នក​ភូមិ ១២​គ្រួសារ គឺ​លោក សឿង យ៉ារ៉ាត់ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យកា​តុលាការ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី៩ ខែ​មករា ចោទ​ប្រកាន់​កូន​ប្រុស​ម្ចាស់​កសិដ្ឋាន​ទាំង​ពីរ​នាក់​ពី​បទ​បំផ្លាញ​ផល​ដំណាំ និង​ប្រើប្រាស់​អាវុធ​គំរាម​បាញ់​សម្លាប់​អ្នក​ភូមិ៕

No comments:

Post a Comment

yes