គណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំ
សង្កាត់កន្លងមក
ពោធិ៍សាត់ៈ តំណាងរាស្រ្តគណបក្សសិទ្ធិមនុស្ស កាលពីម្សិលមិញ បានចោទប្រកាន់មន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ពីគណបក្សកាន់អំណាច ពាក់ព័ន្ធនឹងការប្រើប្រាស់ធនធានរដ្ឋ បម្រើនយោបាយឲ្យគណបក្សប្រជាជនកម្ពុជា។
លោក អ៊ូ ចាន់រិទ្ធិ អ្នកនាំពាក្យ និងតំណាងរាស្រ្តគណបក្សសិទ្ធិមនុស្ស បានថ្លែងកាលពីម្សិលមិញថា លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងមន្រ្តីក្រោមឱវាទរបស់លោក បានប្រើប្រាស់រថយន្តរដ្ឋជិត ៣០ គ្រឿង ក្នុងការឃោសនាឲ្យគណបក្សប្រជាជន និងចុះពង្រឹងមូលដ្ឋាន នៅក្នុងខេត្តពោធិ៍សាត់ ក្នុងអំឡុងការប្រារព្ធទិវា ថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍។
លោក ចាន់រិទ្ធិ បានបានថ្លែងថា៖ « យើងចង់ប្រាប់សាធារណជនថា ការប្រើប្រាស់ធនធានរដ្ឋ ដោយគណបក្សនយោបាយគឺជាអំពើខុសច្បាប់»។ លោកបន្តថា៖ «ធនធានរដ្ឋ គឺជាធនធានរបស់ប្រជាជន។ ធនធានទំាងនោះ មិនមែនជារបស់គណបក្សនយោបាយណាមួយទេ»។ លោកបន្តទៀតថា យើងនឹងសរសេរលិខិតទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល សួរថា ហេតុអ្វីបានជាមន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលពាក់អាវគណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់រថយន្តរដ្ឋាភិបាលចំនួន២៧ គ្រឿង សម្រាប់គោលបំណងនយោបាយ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងថា ប្រសិនបើករណីចោទប្រកាន់នោះ មិនកើតឡើងក្នុងអំឡុងយុទ្ធនាការផ្លូវការ មុនការបោះឆ្នោត វាមិនស្ថិតនៅក្នុងយុត្តាធិការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ។ លោកបានថ្លែងបន្តថា៖ «ពីឥឡូវ រហូតដល់យុទ្ធការបោះឆ្នោត [ចាប់ផ្តើម] វាគឺជារឿងរបស់គណបក្សនយោបាយ វាមិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ»។
លោក ស៊ុយ សែម និងមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មួយចំនួនទៀត មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ប៉ុន្តែតំណាងរាស្រ្តចាស់វស្សារបស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានថ្លែងថា ការប្រើប្រាស់ធនធានរដ្ឋ នៅថ្ងៃជ័យជម្នះ៧ មករា គឺមិនខុសច្បាប់ទេ ពីព្រោះថ្ងៃនេះ ជាថ្ងៃបុណ្យជាតិ មិនមែនជាថ្ងៃឃោសនា ពីគណបក្សនយោបាយណាមួយទេ។
ទោះបីយ៉ាងណាក្តី លោក គល់ បញ្ហា នាយកប្រតិបត្តិអង្គការខុម ហ្វ្រែល ដែលជាអង្គការឃ្លាំមើលការបោះឆ្នោត បានហៅបញ្ហានេះថា ស្មុគស្មាញ ដោយនិយាយថា បើទោះបីជាថ្ងៃ ៧ មករា តាមបច្ចេកទេសជាថ្ងៃបុណ្យជាតិក៏ដោយ ប៉ុន្តែវាជាយូរមកហើយត្រូវបានប្រើប្រាស់ដោយគណបក្សប្រជាជន កម្ពុជា ដើម្បីលើកកម្ពស់នយោបាយរបស់ខ្លួន។
លោកបន្ថែមថា ខណៈដែលរដូវបោះឆ្នោតជិតមកដល់ គ.ជ.ប. មានកាតព្វកិច្ចតាមដាននូវអ្វីដែលអាចប៉ះពាល់ដល់លទ្ធផលនៃ ការបោះឆ្នោត៕
No comments:
Post a Comment
yes