
ផ្ទះអ្នកភូមិ នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
បន្ទាប់ពីរុះរើ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣
អ្នកភូមិមួយចំនួនជាតំណាងប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានមកប្រមូលផ្ដុំគ្នានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ពីលោក ពីបញ្ហាបាត់បង់ទីជម្រករស់នៅ។ ការធ្វើដំណើរមករាជធានីភ្នំពេញនេះ គឺបន្ទាប់ពីផ្ទះសម្បែងរបស់ពួកគេប្រមាណ ១០០ខ្នង ត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ដាក់កម្លាំងរុះរើប៉ុន្មានថ្ងៃជាប់គ្នាក្នុងសប្ដាហ៍នេះ។
ពលរដ្ឋប្រមាណ ៥០នាក់ តំណាងឲ្យពលរដ្ឋ ១៥០គ្រួសារ រស់នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅតែមិនទាន់អស់ចិត្ត បើទោះបីជាលិខិតសុំអន្តរាគមន៍ពីបញ្ហាផ្ទះសម្បែងរបស់ខ្លួនបានទៅដល់ដៃមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ មីនា ហើយក៏ដោយ។
អ្នកស្រី សំ សេរី ជាអ្នកភូមិម្នាក់ក្នុងចំណោម ៤៧នាក់ ដែលមកកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅថ្ងៃទី៩ មីនា ថា ពួកគាត់បាននាំគ្នាយកញត្តិមកដាក់សុំឲ្យលោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ពីបញ្ហាផ្ទះរបស់គាត់ ដែលមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើដាក់កម្លាំងរុះរើអស់ជាង ១០០ខ្នង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មីនា។ អ្នកស្រីបន្តថា ពួកគាត់បានមកដល់ក្រោមដើមពោធិ៍មុខផ្ទះលោកនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យ នៅម៉ោងប្រមាណ ៤ល្ងាចថ្ងៃទី៨ មីនា ហើយត្រូវបានមន្ត្រីម្នាក់ចេញមកទទួលញត្តិរបស់គាត់ សន្យាថានឹងដាក់ជូនលោក ហ៊ុន សែន ដើម្បីដោះស្រាយបញ្ហា។
មន្ត្រីខុទ្ទកាល័យដែលចេញមកទទួលញត្តិសុំអន្តរាគមន៍ពីពលរដ្ឋ បានឆ្លើយដោយខ្លីថា លោកបានទទួលលិខិតពីអ្នកភូមិហើយ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ខណ្ឌរដ្ឋបាលព្រៃឈើដងទុង ខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងមួយ ឲ្យពលរដ្ឋរុះរើលំនៅឋាន ហើយនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ មីនា ស្ថាប័នដដែលនេះបានដាក់កម្លាំងរុះរើផ្ទះរបស់អ្នកភូមិអស់ប្រមាណ ១០០ខ្នង។ អាជ្ញាធរអះអាងថា អ្នកភូមិមករស់នៅលើដីរបស់រដ្ឋដែលមានប្លង់ពីមន្ទីរកសិកម្ម ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើដងទុង គ្រប់គ្រង។ ប៉ុន្តែអ្នកភូមិថា ពួកគាត់បានកាប់ឆ្ការព្រៃមករស់នៅលើដីចំនួន ៣៦ហិកតារនោះ តាំងពីឆ្នាំ១៩៩៧ បន្តបន្ទាប់មកដល់បច្ចុប្បន្ន។
ពាក់ព័ន្ធបញ្ហានេះ អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានមតិថា អ្នកភូមិអាចទទួលបានការរស់នៅតាមលក្ខណៈស្របច្បាប់បាន តាមរយៈការស្នើសុំដីសម្បទានសង្គមកិច្ច។ លោកសង្ឃឹមថា អាជ្ញាធរខេត្តនឹងពិចារណាផ្ដល់ដីសង្គមកិច្ចដល់ពលរដ្ឋ។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តកោះកុង លោក អ៊ុន ឆាលី មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះសំណើពីប្រជាពលរដ្ឋដែលចង់បានដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល។ ប៉ុន្តែអាជ្ញាធរខេត្ត នឹងបើកការស៊ើបអង្កេតមុននឹងផ្ដល់ជូនពលរដ្ឋឲ្យមានប្រសិទ្ធភាព។
អ្នកភូមិដែលធ្វើដំណើរមកផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំគ្នាវិលត្រឡប់ទៅភូមិវិញ ដោយការអស់សង្ឃឹម ដោយសារតែពួកគាត់ពុំទាន់បានលទ្ធផលពីការតវ៉ា៕
No comments:
Post a Comment
yes