សមាជិកគណបក្សសង្គ្រោះជាតិចូលរួមធ្វើមហាបាតុកម្មអហិង្សាដើម្បីកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៣
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សនេះបានប្រមូលផ្តុំសមាជិកធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃពុធ ទី២៤ ខែមេសា។ ប៉ុន្តែមេដឹកនាំគណបក្សដដែលនេះបានព្រមានដឹកនាំមហាបាតុកម្មទ្រង់ទ្រាយធំបន្តទៀត បើសិនស្ថាប័ន គ.ជ.ប មិនបានឆ្លើយតបសំណើរបស់ខ្លួននោះ។
មហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ រៀបចំនៅទីលានប្រជាធិបតេយ្យក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានមនុស្សចូលរួមប្រមាណ បីពាន់នាក់ បានរំសាយទៅវិញភ្លាមៗក្រោយតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មកទទួលញត្តិដល់ទីកន្លែងប្រារព្ធពិធី នាវេលាម៉ោងជាង ១០ព្រឹក។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានឲ្យដឹងក្នុងពិធីជួបជុំថា គោលបំណងប្រមូលផ្តុំសមាជិកគាំទ្រ ដើម្បីទាមទារឲ្យស្ថាប័ន គ.ជ.ប ទទួលយកអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឆ្នាំ២០១២ ជុំវិញការកែទម្រង់បោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ ទាមទារឲ្យសើរើឡើងវិញបញ្ជីឈ្មោះអ្នកបោះឆ្នោតដែល គ.ជ.ប បានធ្វើ ហើយត្រូវអង្គការអិនឌីអាយ (NDI) និងខុមហ្វ្រែល (Comfrel) រកឃើញថាមានកំហុសបំប៉ោងឈ្មោះ និងបាត់ឈ្មោះអ្នកបោះឆ្នោត។
លោក កឹម សុខា បានព្រមានក្នុងពិធីប្រមូលផ្តុំថានឹងដឹកនាំមហាបាតុកម្មទ្រង់ទ្រាយធំបន្តទៀតនាថ្ងៃខាងមុខ បើស្ថាប័ន គ.ជ.ប មិនឆ្លើយតប ឬមិនអនុវត្តតាមការទាមទាររបស់ខ្លួននោះ៖ «បើ គ.ជ.ប និងរាជរដ្ឋាភិបាលនៅតែយកបញ្ជីឈ្មោះបោះឆ្នោតខុសនេះទៅប្រើប្រាស់ដោយគ្មានការកែលំអទេនោះ គឺមានន័យថា ជាការប៉ុនប៉ងមួយយ៉ាងច្បាស់ដល់ការរំលោភដល់សិទ្ធិអ្នកបោះឆ្នោតផង និងជាការងាកចេញពីដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ដែលនាំប្រទេសកម្ពុជា វិលទៅរកអស្ថិរភាពនយោបាយសេដ្ឋកិច្ច និងសង្គមកិច្ចវិញជាមិនខាន»។
ក្រៅពីនេះ គណបក្សសង្គ្រោះជាតិ ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ឲ្យដាក់គំនាបរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យការបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងត្រូវអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលស្រុកនៅមុនការបោះឆ្នោតខែកក្កដា ដោយគ្មានលក្ខខណ្ឌ។
មន្ត្រីសន្តិសុខបោះឆ្នោតនៃនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម គ.ជ.ប លោក សាន តាំងស៊ីឌឿន ដែលបានមកទទួលយកញត្តិដល់ទីលានប្រជាធិបតេយ្យ បានសន្យាថានឹងនាំយកញត្តិរបស់គណបក្សសង្គ្រោះជាតិ ដាក់ជូនថ្នាក់ដឹកនាំ គ.ជ.ប ពិនិត្យ។ ប៉ុន្តែត្រង់ថាមានការផ្លាស់ប្ដូរត្រឹមកម្រិតណា លោកមិនទាន់ដឹងទេ៖ «ក្នុងគោលដៅទទួលយកអនុសាសន៍ ឬញត្តិរបស់បងប្អូន ដើម្បីដាក់ជូនទៅថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ខ្ញុំសន្យាថានឹងពាំនាំញត្តិដាក់ជូនឲ្យបានឆាប់ជូនថ្នាក់ដឹកនាំ គ.ជ.ប»។
យ៉ាងណាក៏ដោយ លោក កឹម សុខា បានសង្កត់ធ្ងន់ថា បើស្ថាប័ន គ.ជ.ប មិនកែទម្រង់បោះឆ្នោត ឬរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ខែកក្កដា ឲ្យមានយុត្តិធម៌ទេ បក្សសង្គ្រោះជាតិ នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ៖ «ធ្វើបាតុកម្មអហិង្សាថ្ងៃនេះ គឺមានគោលបំណងចង់ឃើញព្រះរាជាណាចក្រកម្ពុជា បង្កើតនូវរាជរដ្ឋាភិបាលមួយស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនីតិកាលទី៥ ឆ្នាំ២០១៣ នេះ ទោះបីគណបក្សនយោបាយណាឈ្នះក៏ដោយ»។
ពិធីជួបជុំរបស់គណបក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ត្រូវឡោមព័ទ្ធដោយកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ ពិសេសក្រុមបង្ក្រាបបាតុករប្រដាប់ដោយដំបងឆក់ និងខែល បានដាក់ពង្រាយគ្រប់ច្រកល្ហក ព្រមទាំងបានបិទរបាំងដែក និងយកឡានទឹកមកចតបិទផ្លូវចេញចូលជាច្រើនគ្រឿងថែមទៀត។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
សហគមន៍ខ្មែរអាមេរិកាំងធ្វើបាតុកម្មនៅមុខសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកសុំឲ្យកែទម្រង់ការបោះឆ្នោតនៅកម្ពុជា
សហគមន៍ខ្មែរអាមេរិកាំង នៅតំបន់វ៉ាស៊ីនតោន ឌីស៊ី (Washington DC) និងតំណាងខ្មែរអាមេរិកាំង មកពីតាមបណ្ដារដ្ឋផ្សេងៗទៀត បាននាំគ្នាធ្វើបាតុកម្មនៅមុខសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្នើសុំប្រធានាធិបតីសហរដ្ឋអាមេរិក អន្តរាគមន៍ទៅរដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យធ្វើកំណែទម្រង់ការបោះឆ្នោត។
No comments:
Post a Comment
yes