លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
នាយករដ្ឋមន្ត្រី ប្រកាសនៅថ្ងៃនេះថា អភិបាលខេត្ត-រាជធានី ចំនួន១០រូប នឹងត្រូវរុះរើតំណែង នៅមុនការបោះឆ្នោតជាតិថ្ងៃទី២៨ ខែកក្កដាខាងមុខ ដោយយោងតាមស្ថានភាពជាក់ស្តែង។
នៅក្នុងពិធីសម្ពោធអាគារសាលាខេត្តកំពត នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ចៅហ្វាយខេត្ត ដែលដល់អាយុចូលនិវត្តមាន ៨រូប គឺអភិបាលខេត្តសៀមរាប កំពង់ធំ កំពង់ចាម ស្ទឹងត្រែង កណ្តាល កំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងអភិបាលរាជធានីភ្នំពេញ។ ចំណែកអភិបាលខេត្តឧត្តរមានជ័យ លោក ពេជ្រ សុឃិន ក៏ត្រូវផ្លាស់ប្តូរ ដោយសារមានបញ្ហាសុខភាព។
ដោយឡែក អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ក៏ត្រូវប្តូរចេញដែរ ដោយសារលោកត្រូវទៅឈរឈ្មោះជាតំណាងរាស្ត្រ ខណៈអភិបាលរាជធានីភ្នំពេញលោក កែប ជុតិមា ក៏ឈរឈ្មោះជាតំណាងរាស្ត្រដែរនោះ។
គួរកត់សំគាល់ថា នេះជាការរុះរើដំណែងអភិបាលខេត្តច្រើនមិនធ្លាប់មាន ក្នុងពេលតែមួយ នៅមុនការបោះឆ្នោតជាតិជិតមកដល់។ កាលពីឆ្នាំ២០១២ មានការរុះរើដំណែងអភិបាលខេត្តព្រៃវែង និងមន្ត្រីថ្នាក់ស្រុកជាច្រើនទៀត ក្រោយពីតំណែងជាមេឃុំជាច្រើនរបស់ខេត្តនេះ បានទៅលើគណបក្សប្រឆាំង៕
No comments:
Post a Comment
yes