ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
លោក រ៉ុង ឈុន នៅក្នុងសន្និសីទកាសែតនាទីស្នាក់ការសមាគមរាជធានីភ្នំពេញ
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៣
លិខិតអំពាវនាវចុះថ្ងៃទី២៦ ខែមិថុនា បានចាត់ទុកសន្លឹកឆ្នោតរបស់ពលរដ្ឋមួយសន្លឹក ថាមានសារសំខាន់ស្មើអាយុជីវិត ហើយសន្លឹកឆ្នោតនេះ ត្រូវពូតផ្ដុំគ្នាទៅលើគណបក្សដែលគិតផលប្រយោជន៍ជាតិជាធំ និងមានការធានាចំពោះបូរណភាពទឹកដី និងកោះ ពិសេសធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានសមរម្យ។
សហភាពសហជីពកម្ពុជា និងសហព័ន្ធនិស្សិតបញ្ញវន្ត បានផ្ដល់ក្តីសង្ឃឹមទៅលើគណបក្សសង្គ្រោះជាតិ ដែលអាចធ្វើឲ្យសង្គមមានយុត្តិធម៌សង្គម និងកូនចៅទទួលបានការអប់រំល្អជាដើមនោះ។ បន្ថែមលើលិខិតអំពាវនាវ លោក រ៉ុង ឈុន ក្នុងនាមប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ បានចាប់អារម្មណ៍ទៅលើគោលនយោបាយបក្សសង្គ្រោះជាតិ ថានឹងដំឡើងប្រាក់បៀវត្សជូនកម្មករក្នុងមួយខែឲ្យបាន ៦០ម៉ឺនរៀលសំរាប់កម្មករម្នាក់។ ១លានរៀលសម្រាប់មន្ត្រីរាជការគ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ។ ៤០ម៉ឺនរៀលសំរាប់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និង ៤ម៉ឺនរៀលសំរាប់មនុស្សចាស់មានអាយុពី ៦៥ឆ្នាំឡើងទៅ។
លោក រ៉ុង ឈុន៖ «ចំណុចចម្បងមួយទៀត គឺយើងពិនិត្យមើលលើមេដឹកនាំដែលយើងមើលឃើញមេដឹកនាំគណបក្សប្រឆាំងដែលមានគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បូកគ្នាបានគណបក្សសង្គ្រោះជាតិហ្នឹង យើងឃើញថា ឆន្ទៈមេដឹកនាំគណបក្សសង្គ្រោះជាតិហ្នឹងមានឆន្ទៈមោះមុតក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃកម្ពុជា»។
លោក រ៉ុង ឈុន ឲ្យដឹងថា លិខិតអំពាវនាវនេះ គម្រោងជំហានដំបូង សហភាពបានបោះពុម្ពចំនួន ៣ម៉ឺនសន្លឹក ដោយភ្ជាប់របៀបបង្ហាញគូសន្លឹកឆ្នោត មានរូបស្លាកសញ្ញាគណបក្សសង្គ្រោះជាតិលេខរៀងទី៧ ហើយត្រូវចែកជូននៅទូទាំង ២៤រាជធានី ខេត្ត ក្នុងអំឡុងពេលដែលគណបក្សនយោបាយចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។
ចំណែកសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ក៏បានចេញសេចក្ដីអំពាវនាវមួយដល់ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជន សិស្ស និស្សិត និងបញ្ញវន្ត ឲ្យទៅចូលរួមបោះឆ្នោតអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឲ្យបានគ្រប់គ្នាកុំបីខាន។ សហព័ន្ធនិស្សិតបានចាត់ទុកសន្លឹកឆ្នោតមួយសន្លឹកថា ពិតជាមានសារសំខាន់ដើម្បីផ្លាស់ប្ដូរជីវភាពរស់នៅប្រជាពលរដ្ឋ បើការសម្រេចចិត្តនោះត្រូវ ហើយថា ការបោះឆ្នោតនេះ ត្រូវបោះឆ្នោតឲ្យស្របតាមសម្បជញ្ញៈពិតប្រាកដ ដោយសេរី និងកុំបោះឆ្នោតទៅតាមការញុះញង់ ឬការទិញសន្លឹកឆ្នោត ការទិញទឹកចិត្តឲ្យសោះ ជាពិសេសកុំព្រួយបារម្ភចំពោះការគាបសង្កត់ ការគំរាមកំហែងពីជន ឬគណបក្សណាមួយឲ្យសោះ ព្រោះការបោះឆ្នោតធ្វើឡើងជាសម្ងាត់។
ទាក់ទិនបញ្ហានេះ លោក អៀ ចាន់ណា អតីតអគ្គលេខាធិការរងចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ ក៏បានគាំទ្រគោលនយោបាយបក្សសង្គ្រោះជាតិ ដែលបានតម្កល់ផលប្រយោជន៍ជាតិជាធំ ពិសេសធានាចំពោះបូរណភាពទឹកដី និងកោះពីការឈ្លានពានណាមួយ៖ «សម្រាប់គណបក្សសង្គ្រោះជាតិដែលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជន ផ្តល់នូវការអប់រំ ផ្តល់នូវការលើកទឹកចិត្ត ជួយជ្រោមជ្រែងដល់យុវជននេះ សូមអំពាវនាវដល់យុវជនមេត្តាគិតគូរ និងគាំទ្រឲ្យបានយ៉ាងផុលផុស»។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសាទរ និងចាត់ទុកសកម្មភាពរបស់សហជីពកម្មករ និងយុវជន ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត បានដឹកនាំប្រទេស ប្រាក់បៀវត្សមន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងកម្មករនឹងត្រូវដំឡើង៖ «គណបក្សសង្គ្រោះជាតិបានយកចិត្តទុកដាក់ចំពោះកម្មករ មន្ត្រីរាជការ ជាពិសេសយើងដំឡើងប្រាក់ខែជូនកម្មករឲ្យបានដល់ ១៥០ដុល្លារក្នុង១ខែដែលគណបក្សកាន់អំណាចមិនហ៊ាន មិនអាចផ្ដល់ជូនបងប្អូនឲ្យបានរស់នៅសមរម្យ។ ទី២ យើងដំឡើងប្រាក់ខែជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យបានយ៉ាងតិច ១លានរៀល ហើយដែលគណបក្សកាន់អំណាចជាង ២០ ទៅ ៣០ឆ្នាំហើយ មិនបានជួយគិតគូរពីជីវភាពរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឲ្យបានរស់នៅសមរម្យ។ ដូច្នេះការអំពាវនាវរបស់លោក រ៉ុង ឈុន គឺដើម្បីផលប្រយោជន៍របស់កម្មករ មន្ត្រីរាជការ និងគ្រូបង្រៀន គឺជាការសមស្រប»។
យ៉ាងណាក៏ដោយ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាមន្ត្រីនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី មិនចាប់អារម្មណ៍ចំពោះការអំពាវនាវរបស់លោក រ៉ុង ឈុន ជុំវិញការបោះឆ្នោតនេះទេ។
លោកយល់ថា ប្រជាពលរដ្ឋម្ចាស់ឆ្នោតបានដឹងច្បាស់ថា គួរបោះឆ្នោតជូនគណបក្សណាដែលជួយជំរុញឲ្យប្រទេសមានការរីកចម្រើនរួចហើយ៖«ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការទាំងអស់ និងកម្មករ គេមិនជឿតាមការអំពាវនាវរបស់លោក រ៉ុង ឈុន នោះទេ ហើយលោក រ៉ុង ឈុន មិនមែនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទេ ទៅកៀរគរប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យទៅបោះឆ្នោតឲ្យគណបក្សប្រឆាំង។ ខ្ញុំយល់ថា ការអំពាវនាវនេះ មិនអាចទាក់ទាញសន្ដានចិត្តរបស់ប្រជាពលរដ្ឋបាននោះទេ ពីព្រោះប្រជាពលរដ្ឋខ្មែរទូទៅគាត់បានទទួលស្គាល់នូវសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលសម្រេចបាននេះ គឺច្រើនណាស់»។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ មានគណបក្សនយោបាយចំនួន ៨បានចុះឈ្មោះចូលរួមប្រកួតប្រជែង ហើយយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ៣០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣៕
No comments:
Post a Comment
yes