ទិដ្ឋភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គណបក្សចំនួន៤ក្នុងចំណោមគណបក្សនយោបាយចំនួន៦ដែលមិនបានទទួលអាសនៈក្នុងសភាក្នុងការប្រកួតប្រជែងនៅក្នុងអាណត្តិទី៥នេះ
បានសម្តែងការមិនពេញជាខ្លាំងចំពោះ ដំណើរការបោះឆ្នោតនេះ។
គណបក្សនយោបាយទាំងនោះបានចាត់ទុកថា ការបោះឆ្នោតនេះមានភាពអយុត្តិធម៌
និងមានភាពមិនប្រក្រតីជាច្រើន ដែលបានកើតឡើងដោយមានការរៀបចំទុកជាមុន។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥កាលពីថ្ងៃទី២៨កក្កដាកន្លងទៅថ្មីៗនេះមានគណបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែង
ក៏ប៉ុន្តែលទ្ធផលក្រៅផ្លូវការបង្ហាញថា
មានគណបក្សចំនួនតែ២ប៉ុណ្ណោះដែលមានអាសនៈក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ។
លោកញ៉ឹក ប៊ុនឆៃ
អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា
បើតាមការបូកសរុបលទ្ធផលសំឡេងឆ្នោតពីសកម្មជនរបស់គណបក្ស បានឲ្យដឹងថា
គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានប្រហែលជា២៤១៨៦៦សំឡេងទូទាំងប្រទេសដែលចំនួននេះគឺជាចំនួនមួយដែលមិនអាចទទួលយកបាននោះទេ
ពីព្រោះភាពមិនប្រក្រតីជាច្រើនបានកើតមាននៅមុន ក្រោយ និងពេលបោះឆ្នោត
ដែលជាចេតនាមួយបង្កើតឡើងដោយមានផែនការច្បាស់លាស់។
លោកបានបញ្ជាក់ថា
បើសិនជាភាពមិនប្រក្រតីទាំងនោះត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវ
គណបក្សហ៊្វុនស៊ិនប៉ិច យ៉ាងហោចណាស់ ក៏ទទួលបានអាសនៈចំនួន៣ដែរ
ក្នុងរដ្ឋសភា។
ហើយបើសិនជាភាពមិនប្រក្រតីមិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវទេនោះគណបក្សហ៊្វុនស៊ិនប៉ិចមិនទទួលយកលទ្ធផលនៃការបោះឆ្នោតនេះដាច់ខាត។
លោកនិយាយថា៖ «ទៅបោះឆ្នោតស្រាប់តែឈ្មោះនោះគេបោះរួចហើយ។
មានមេភូមិនោះ មានទឹកខ្មៅយកទៅឲ្យសមាជិកខាងខ្ញុំជ្រលក់ដៃ បានសេចក្តីថា
គេទិញ ឲ្យលុយទៅ គេឲ្យជ្រលក់ដៃ។ ហើយអ្នកនោះអត់បានទៅបោះឆ្នោតទេ
ពីព្រោះជ្រលក់ដៃរួចហើយ ចាប់បានទឹកខ្មៅទាំងដបយកមកទៀត។
លទ្ធផលរាប់សន្លឹកឆ្នោត ពេលមកដល់ SECវាខុសគ្នាពី CEC
មកPEC។ ហើយ NEC វាមានខុសគ្នាថែមទៀត។
ហើយសរសេររលុបៗ កុំឲ្យសរសេច្បាស់។ តួលេខកាន់តែខុសទៅ»។
ជាមួយគ្នានោះដែរ
លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
បានឲ្យដឹងដែរថា
គណបក្សរបស់លោកទូទាំងប្រទេសបានទទួលសំឡេងឆ្នោតជិត៧ម៉ឺនសំឡេង
ក៏ប៉ុន្តែសំឡេងឆ្នោតនេះលោកមិនអាចទទួលយកបាននោះទេ
ពីព្រោះមានភាពអយុត្តិធម៌ជាច្រើនបានកើតឡើងនៅពេលបោះឆ្នោត។
លោកមានប្រសាសន៍ថា៖
«ភាពមិនប្រក្រតីនោះមិនបាច់និយាយនោះទេ។
វាមានរាប់មិនអស់ទៅហើយ។
ក៏ប៉ុន្តែនៅក្រោយភាពមិនប្រក្រតីនោះសន្លឹកឆ្នោតរបស់យើងក៏មិនគួរធ្លាក់ដល់តិចជាងគណបក្សតូចៗ។
ក៏ប៉ុន្តែឲ្យយើងដឹង ថាតើវាមានបញ្ហាអី
បានជាធ្លាក់ទៅជាអញ្ចឹង? យើអត់ដឹងទេ។
យើងរកមិនឃើញទេ។ រឿងតវ៉ា យើងអត់តវ៉ាទេ។ ក៏ប៉ុន្តែតែឲ្យទទួល
យើងមិនទទួលទេ ពីព្រោះការតវ៉ាយើងយល់ថា សម្ពាធរបស់យើងទៅលើគណបក្សកាន់អំណាចនោះវាសម្ពាធតូច»។
ដំណើរការបោះឆ្នោត
និងលទ្ធផលសន្លឹកឆ្នោតក្នុងអាណត្តិនេះធ្វើឲ្យគណបក្សនយោបាយភាគច្រើន
ដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះ កំពុងមានការមន្ទិលសង្ស័យ
និងរិះគន់យ៉ាងធ្ងន់ៗទៅលើគណបក្សកាន់អំណាច
និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោកក្រវ៉ាញ ដារ៉ន
ប្រធានគណបក្សខ្មែរឈប់ក្រ បានឲ្យដឹងថា
គណបក្សរបស់លោកទូទាំងប្រទេសទទួលសំឡេងឆ្នោតប្រហែលជា៤ម៉ឺនសំឡេងគឺជាសំឡេងឆ្នោតដែលលោកចាត់ទុកថា
មិនមែនជាតួលេខពិតប្រាកដ
ដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សរបស់លោកនោះទេ។
លោកបានបញ្ជាក់ថា
នៅថ្ងៃអាទិត្យសប្តាហ៍នេះ
លោកនឹងធ្វើកូដកម្ម១នៅទីលានប្រជាធិបតេយ្យដើម្បីបង្ហាញប្រាប់សាធារណៈជនជាតិ
និងអន្តរជាតិទាំងអស់អំពីភស្តុតាងជាច្រើនដែលកើតមានក្នុងដំណើរការបោះឆ្នោតនេះ។
លោកថ្លែងថា៖ «តាមខ្ញុំសង្កេតមើល
លទ្ធផលដែលគេផ្សាយមកគឺការរៀបចំរបស់គេហើយមកស្រេចតែម្តង។
សន្លឹកឆ្នោតគឺគេឲ្យចំនួននេះ ចំនួននោះតែម្តង។
ហើយខ្ញុំមានភស្តុតាងទាំងអស់ គឺជារឿងអយុត្តិធម៌ណាស់ ដែលមិនអាចទទួលយក
ថាមានការបោះឆ្នោតដោយសេរី យុត្តិធម៌បាននោះទេ។
ខ្ញុំគាំទ្រនូវគំនិតរបស់លោកសមរង្ស៊ីរកអង្គការសហប្រជាជាតិនោះមកត្រួតពិនិត្យ
ស្រាវជ្រាវរក
សន្លឹកឆ្នោតដើម្បីរកយុត្តិធម៌និងរកភាពត្រឹមត្រូវឲ្យគណបក្សទាំង៨
មិនមែនតែគណបក្សតែ២របស់លោកទេ»។
លោកចាន់ យ៉េត
អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យក៏បានឲ្យដឹងស្រដៀងទៅនឹងគណបក្សខាងលើដែរ។
លោកថ្លែងថា
សំឡេងឆ្នោតគណបក្សរបស់លោកទទួលបានជាង៣ម៉ឺនសំឡេងទូទាំងប្រទេស
ហើយសំឡេងឆ្នោតនេះលោកមិនអាចទទួលយកបាននោះទេ។
ក៏ប៉ុន្តែលោកក៏មិនមានការជំទាស់នឹងគណៈកម្មាធិការជាតិរៀចចំការបោះឆ្នោតដែរ។
លោកនិយាយថា៖ «តាមការណ៍ពិត
យើងពិបាកនឹងទទួលយកដែរ។ យើងមិនអាចប្រកែកបានទេ
ទោះបីជាយើងដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតី។ ទោះបីជាយើងដាក់យ៉ាងណា
ក៏គេមិនព្រមទទួលស្គាល់យើងដែរ
ពីព្រោះយើងបានចុះហត្ថលេខានិងប្រថាប់ត្រារួចហើយ
នៅលើលិខិតដែលយើងបានដាក់ទៅក្រសួងមហាផ្ទៃ មុនពេលដែលយើងបោះឆ្នោត»។
ទោះបីជាគណបក្សនយោបាយចំនួន៤ខាងលើបានបដិសេធមិនព្រមទទួលយកលទ្ធផលសំឡេងឆ្នោតរបស់ខ្លួនយ៉ាងណាក៏ដោយ
ក៏គណបក្សសញ្ជាតិកម្ពុជាដែលទទួលបានសំឡេងសរុបទូទាំងប្រទេសប្រហែលជាង៣ម៉ឺនសំឡេងមិនមានការតវ៉ាលទ្ធផលសំឡេងឆ្នោតនោះទេ។
លោកសេង សុខេង
ប្រធានគណបក្សសញ្ជាតិកម្ពុជា បានឲ្យដឹងថា
ទោះបីជាសំឡេងឆ្នោតរបស់គណបក្សរបស់លោកទទួលបានតិចជាងការរំពឹងទុកឆ្ងាយក៏ដោយ
ក៏លោកមិនមានតវ៉ាអ្វីដែរ ពោលគឺគោរពទៅតាមឆន្ទៈរាស្ត្រ។
លោកឲ្យដឹងថា៖ «បើតាមសកម្មភាពខ្ញុំសង្ឈឹមច្រើន។
ប៉ុន្តែគ្រាន់តែថា យើងបានប៉ុណ្ណេះក៏ដោយ
គណបក្សសញ្ជាតិកម្ពុជាគោរពទៅតាមឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋ
ហើយយើងគោរពទៅតាមច្បាប់បោះឆ្នោតនិតិវិធីនៃការបោះឆ្នោតដែលមានស្ថាប័នគ.ជ.ប.ជាអ្នកអនុវត្ត»។
VOA សំឡេងសហរដ្ឋអាមេរិកបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីតំណាងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
តែមិនអាចទាក់ទងបាននោះទេ។
លោក ទេព នីថា
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា
លោកមិនធ្វើអត្ថាធិប្បាយទៅលើការយល់ឃើញរបស់គណបក្សនយោបាយនោះទេ។
លោកបានមានប្រសាសន៍បញ្ជាក់ថា
គណបក្សនយោបាយនីមួយៗមានសិទ្ធិប្តឹងទៅតាមនិតិវិធីច្បាប់
បើសិនជាមានបញ្ហាមែននោះ។
លោកបកស្រាយថា៖ «ការតវ៉ាផ្សេងៗទាក់ទងនឹងការបោះឆ្នោតនោះគឺយើងប្តឹងនៅការិយាល័យបោះឆ្នោតរាប់សន្លឹកឆ្នោត
មកគណៈកម្មាធិការឃុំ សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មាធិការខេត្ត
មកដល់គ.ជ.ប.។ អញ្ជឹងទេ ការប្រកាសជាទូទៅរបៀបដូចជាសេចក្តីថ្លែងការណ៍ពុំមានទម្ងន់តាមច្បាប់ដើម្បីឲ្យយើងដោះស្រាយបញ្ហាទាំងអស់នោះទេ។
ការប្តឹង យើងកំណត់ពេលវេលាប្តឹង កំណត់ពេលវេលាដោះស្រាយច្បាស់លាស់ណាស់។
តាមច្បាប់រយៈពេលប្តឹងតាមផ្លូវការវាអស់ហើយ។
ខ្ញុំអត់ធ្វើការអត្ថាធិប្បាយលើការយល់ឃើញរបស់គាត់ទេ។
ខ្ញុំគ្រាន់តែនិយាយអ្វីទៅតាមផ្លូវច្បាប់ដែលគាត់អាចធ្វើបាន»។
គណបក្ស
ដែលមិនបានទទួលអាសនៈទាំងនេះ
បានធ្វើការប្រកាសច្រានចោលលទ្ធផលបោះឆ្នោតនេះ
ស្របពេលដែលគណបក្សជាប់ឆ្នោតគឺគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិកំពុងព្យាយាមសម្រុះសម្រួលគ្នាបង្កើតគណៈកម្មការចម្រុះមួយសម្រាប់ដោះស្រាយភាពមិនប្រក្រតីដែលកំពុងទទួលរងការរិះគន់និងការចោទប្រកាន់៕
No comments:
Post a Comment
yes