សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកអង្គរជ័យ ខេត្តកំពត អះអាងនៅថ្ងៃទី១៥ ខែសីហា ថា ជនប្លែកមុខបានលួចចូលផ្ទះគាត់នៅពេលយប់ចំនួន ៣ដងជាប់គ្នា នាំឲ្យគាត់សង្ស័យថា ជាការប៉ងធ្វើឃាតលើគ្រួសារគាត់។
សកម្មជនគណបក្សសង្គ្រោះជាតិ ស្រុកអង្គរជ័យ នៅឃុំភ្នំកុង លោក ចក់ កែន ថ្លែងថា នៅម៉ោងជាង ១១យប់ ថ្ងៃទី១៤ ខែសីហា មនុស្សមិនស្គាល់មុខចំនួន ៣នាក់ ចូលផ្ទះគាត់។ គាត់ឮឆ្កែព្រូស មើលតាមប្រហោងរនាបឃើញមនុស្ស ៣នាក់ ឈរជាមុំចង្ក្រាន ហាក់ដូចជារៀបចំធ្វើសកម្មភាពអ្វីម្យ៉ាងនៅក្រោមផ្ទះគាត់។ លោកបន្តថា ពេលលោកដឹងមុនពីសកម្មភាពនេះ គាត់គេចខ្លួនរួច។ លោកថា មនុស្សទាំង ៣នាក់ អាយុស្របាលគ្នា គឺក្រោម ៣៥ឆ្នាំ ជាជនចំណូលថ្មី ដែលអ្នកស្រុកមិនស្គាល់មុខឡើយ៖ «ចូលមកក្នុង១យប់ហ្នឹង មក ៣សា វារៀបមុខឆ្នៀងវា ៣ឯណោះ ពីខាងជើង ផ្ទះមួយ ពីខាងលិចផ្ទះមួយ ពីខាងត្បូងផ្ទះមួយ។ វាមកប៉ងធ្វើឃាតខ្ញុំតែម្តង ក៏ប៉ុន្តែធ្វើអត់បាន ដោយសារតែខ្ញុំដឹងខ្លួនជាមុន មិនអាចធ្វើឃាតខ្ញុំបានទេ ពេលវេលាពីល្ងាចម៉ោង ១១ និង ១៥នាទី»។
អតីតអាវុធហត្ថខេត្តកំពត និងជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ លោក ប៉ែន សុផាត ថ្លែងថា ជនមិនស្គាល់មុខបានប្រើល្បិចម្តងលបផ្ទះនេះ ម្តងលបផ្ទះនោះ គឺលបចូលតែផ្ទះសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ លោកថា សកម្មភាពនោះហាក់ដូចប៉ងធ្វើឃាត ឬគំរាមមកលើសកម្មជនគណបក្សសង្គ្រោះជាតិ ព្រោះនៅក្នុងស្រុកអង្គរជ័យ គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតគណបក្សប្រជាជនកម្ពុជា ជាង ១ពាន់សំឡេង។ លោកថា សកម្មភាពមនុស្សប្លែកៗមុខធ្វើសកម្មភាពមិនប្រក្រតីក្នុងភូមិឃុំនៃស្រុកអង្គរជ័យ បានកើតឡើងក្រោយបោះឆ្នោត៖ «ពេល លោក ចក់ កែន ចូលមកគណបក្សនេះ គឺប្រជាពលរដ្ឋគាត់គាំទ្រច្រើន។ ដូច្នេះហើយ ការព្យាបាទក្នុងនោះខ្ញុំកំពុងតែធ្វើការស៊ើបអង្កេតបន្តទៀត»។
មេប៉ុស្តិ៍រដ្ឋបាលឃុំភ្នំកុង ស្រុកអង្គរជ័យ លោក សង់ សឿន ថ្លែងថា កាលពីយប់ថ្ងៃទី១៤ ខែសីហា មានជនចម្លែក ៣នាក់ បានជិះម៉ូតូសង់កូរ៉េ ឡើងលើភ្នំ។ ប៉ូលិសបានសួរអ្នកភូមិ ក្រែងជាកូនចៅដែលចំណាកស្រុកមកលេងស្រុកកំណើត។ ប៉ុន្តែ ប្រជាពលរដ្ឋអះអាងថា មិនស្គាល់ និងគ្មានកូនចៅមកលេងផ្ទះទេ។ លោកថា បញ្ហាមនុស្សលបចូលផ្ទះ លោក ចក់ កែន អាចជនទាំង ៣នាក់នោះ។ ប៉ូលិសឃុំរូបនោះបន្តថា លោក ចក់ កែន មិនបានប្ដឹងភ្លាមៗទេ។ លុះព្រឹកឡើង មកប្ដឹងតាមទូរស័ព្ទ ប៉ូលិសអាចបាត់មុខសញ្ញាដែលត្រូវតាមដានជនសង្ស័យទាំង ៣នាក់នោះ៖ «ខ្ញុំអត់ស្គាល់ដែរ ខ្ញុំរកសន្និដ្ឋានអត់បាន ព្រោះយើងអត់ស្គាល់សោះ សូម្បីតែពលរដ្ឋនៅក្នុងឃុំនៅក្នុងភូមិ ក៏មិនស្គាល់វាផង»។
មេឃុំភ្នំកុង លោក អ៊ុន ធឿន ថ្លែងថា តាមសម្គាល់ មនុស្សប្លែកៗចេញចូលភូមិឃុំធម្មតា មិនថាយប់ ឬថ្ងៃ ព្រោះមានអ្នកខ្លះចូលមករកស៊ី ខ្លះមកលេងបងប្អូន។ លោកថា ការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺប៉ូលិសក្នុងឃុំភ្នំកុង យាមតាមគោលដៅ ហើយរង់ចាំជួយប្រជាពលរដ្ឋពេលមានអាសន្ន ឬមានបញ្ហា មិនថាអ្នកគាំទ្រគណបក្សណាទេ៕
អនុប្រធានគណបក្សសង្គ្រោះជាតិ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ដោយ ទីន ហ្សាការីយ៉ា
ខេត្តកំពង់ចាម៖ អនុប្រធានគណបក្សសង្គ្រោះជាតិ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ឈ្មោះ ពុធ ចេង ត្រូវបានសមត្ថកិច្ចស្រុកព្រៃឈរ ឃាត់ខ្លួនភ្លាមៗ ខណៈលោកបានដាក់ឧគ្ឃោសនស័ព្ទផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋថា នៅថ្ងៃសុក្រ ទី១៦ សីហា ស្អែកនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំមៀន។
ប្រធានគណបក្សសង្គ្រោះជាតិ ស្រុកព្រៃឈរ លោក សុខ ចំរើន មានប្រសាសន៍ថា នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី១៥ សីហា នេះ អធិការស្រុកព្រៃឈរ លោក កែវ សេងហ៊ន បានកោះហៅ លោក ពុធ ចេង ទៅសួរនាំ នៅពេលលោកកំពុងដាក់ឧគ្ឃោសនស័ព្ទប្រកាសប្រាប់ប្រជាពលរដ្ឋថា នៅថ្ងៃទី១៦ សីហា លោក កឹម សុខា នឹងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តស្វាយទង ឃុំមៀន ស្រាប់តែខាងសមត្ថកិច្ចបានមកហាមឃាត់ និងឃាត់ខ្លួន លោក ពុធ ចេង យកទៅអធិការស្រុក ដើម្បីសួរនាំ និងហាមមិនឲ្យអ្នកផ្សេងចូលទៅជួបនោះឡើយ។
អធិការស្រុកព្រៃឈរ លោក កែវ សេងហ៊ន មានប្រសាសន៍ថា លោកមិនបានឃាត់ខ្លួន លោក ពុធ ចេង ទេ គ្រាន់តែកោះហៅទេ ដើម្បីសួរនាំ។ ដោយហេតុថា លោក ពុធ ចេង បានដាក់មេក្រូប្រកាសអានាធិបតេយ្យ។ ប៉ុន្តែ លោកមិនបានបញ្ជាក់ថា លោកដោះលែង លោក ពុធ ចេង វិញ នៅពេលណានោះទេ។
ទោះបីជាយ៉ាងនេះក្ដី លោក សុខ ចំរើន អះអាងថា លោកបានជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានហើយថា នៅថ្ងៃទី១៦ សីហា លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ នឹងទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅឃុំមៀន។
មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក នាង សុវ៉ាត មានប្រសាសន៍ថា ប្រសិនបើក្នុងករណីគណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន រួចហើយគាត់បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋបន្ថែមទៀតនោះ ពុំខុសច្បាប់អ្វីទេ។ លោកបញ្ជាក់ថា អាជ្ញាធរស្រុកមិនត្រូវហៅ លោក ពុធ ចេង ទៅសួរនាំដូច្នេះឡើយ៕
ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅមណ្ឌលគិរី មួយផ្ទាំង ត្រូវជនមិនស្គាល់មុខបាញ់ទម្លុះ
ដោយ រដ្ឋា វិសាល
ខេត្តមណ្ឌលគិរី៖ មន្ត្រីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ នៅខេត្តមណ្ឌលគិរី មួយផ្ទាំងធំ មានរូបមេដឹកនាំគណបក្សនេះ គឺ លោក សម រង្ស៊ី និង លោក កឹម សុខា ត្រូវជនអនាមិកបាញ់ចំទ្រូងរូប លោក សម រង្ស៊ី។ មន្ត្រីគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋានអះអាងថា នេះគឺជាសកម្មភាពរើសអើងនយោបាយ និងចេតនាបំភិតបំភ័យដល់ប្រជាពលរដ្ឋក្រោយការបោះឆ្នោត។
No comments:
Post a Comment
yes