អ្នកនាំពាក្យនគរបាលជាតិបានលើកឡើងកាលពីម្សិលមិញថា លោក ឈូក បណ្ឌិតអតីតអភិបាលក្រុងបាវិត ដែលត្រូវបានតុលាការកាត់ឲ្យជាប់ទោសកាលពីខែមិថុនា ពីបទបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា និងធ្វើឲ្យកម្មការិនីកាត់ដេរបីនាក់រងរបួស កំពុងគេចខ្លួនដើម្បីគេចវេះទោសជាប់ពន្ធនាគាររយៈពេល១៨ខែ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានលើកឡើង ដោយមិនបានផ្ដល់ហេតុផលថា តើហេតុអ្វីបានជាកន្លែងលាក់ខ្លួនរបស់លោក ឈូក បណ្ឌិត លំបាកនឹងស្វែងរកថា “យើងបានចេញបទបញ្ជាឲ្យអាជ្ញាធររបស់យើងទាំងអស់តាមស្វែងរកនិងចាប់ខ្លួនគាត់ ហើយឥឡូវនេះអាជ្ញាធរថ្នាក់ខេត្ត និងរាជធានីរបស់យើងទាំងអស់កំពុងតែស្វែងរកចាប់ខ្លួនគាត់”។
អង្គការសិទ្ធិមនុស្សបានលើកឡើងថា ការមិនចាប់ខ្លួនលោក ឈូក បណ្ឌិត គឺសបញ្ជាក់ឲ្យឃើញពីនិទណ្ឌភាពដែលកើតមានច្រើន និងប្រព័ន្ធតុលាការពុករលួយ។ ការបាញ់ប្រហារនេះបានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១២ នៅឯតំបន់សេដ្ឋកិច្ចពិសេសមួយក្នុងក្រុងបាវិត ហើយនៅក្នុងខែមេសា ឆ្នាំ២០១២ លោក ឈូក បណ្ឌិត ត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារលើកម្មការិនីចំនួនបីនាក់ “ ដោយអចេតនា”។
តែទោះជាយ៉ាងណា សាលាដំបូងខេត្តស្វាយរៀង បានលើកលែងការចោទប្រកាន់លោក ឈូក បណ្ឌិត ទាំងអស់កាលពីខែធ្នូ ដោយគ្មានពន្យល់អ្វីឡើយ។ ប៉ុន្តែតុលាការបានចោទប្រកាន់លោក ស ចន្ថា មន្ត្រីនគរបាលក្រុងបាវិតជំនួសវិញ។ លោក ស ចន្ថា បានអះអាងម្ដងហើយម្ដងទៀតថា លោកគ្មានទោសឡើយ ដោយលើកឡើងថា លោកមិនបានកាន់អាវុធនោះឡើយនៅថ្ងៃកើតមានការតវ៉ានោះ។
នៅពេលមានការចាប់អារម្មណ៍ច្រើនពីសាធារណជនចំពោះសំណុំរឿងនេះ សាលាឧទ្ធរណ៍បានប្រកាសកាលពីខែមករាថា ខ្លួនបានធ្វើការស៊ើបអង្កេតសាជាថ្មីចំពោះសំណុំរឿងលោក ឈូក បណ្ឌិត នេះតាមសេចក្ដីបង្គាប់របស់លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
នៅពេលសាលាដំបូងខេត្តស្វាយរៀងបានបើកសវនាការជំនុំជម្រះក្ដីសាជាថ្មីជាលើកចុងក្រោយ លោក ឈូក បណ្ឌិត មិនបានបង្ហាញខ្លួននោះឡើយ តែលោកត្រូវតុលាការកាត់ឲ្យជាប់ទោសពីបទបាញ់ប្រហារកម្មការិនីទាំងបីនាក់នេះដោយអចេតនា។
លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានថ្លែងកាលពីម្សិលមិញថា លោកមិនបានដឹងថា លោក ឈូក បណ្ឌិត នៅទីណានោះទេ ប៉ុន្តែនគរបាលព្រំដែនត្រូវបានបញ្ជាឲ្យចាំឃ្លាំមើលនៅចំណុចឆែកឆេរច្រកព្រំដែនអន្តរជាតិនានាហើយ។
លោក ហ៊ីង ប៊ុនជា បានថ្លែងថា “ប្រសិនបើគាត់ចាកចេញតាមកុងត្រូលជជុះ អ៊ីចឹងយើងមិនអាចដឹងបាននោះឡើយ”។
លោក ជិន លីដា មេធាវីការពារក្ដីរបស់ជនរងគ្រោះទាំងបី ដែលកាលពីខែមុនបានដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បីទាមទារប្រាក់សំណងជំងឺចិត្តសរុបជាង៩.៥០០ដុល្លារ ដែលតុលាការសម្រេចផ្ដល់ឲ្យនោះបានលើកឡើងថា លោកបានស្នើឲ្យអាជ្ញាធរតាមចាប់ខ្លួនអតីតអភិបាលក្រុងរូបនេះមកដាក់ពន្ធនាគារ។
លោក ម៉ន កែវស៊ីវិន មេធាវីរបស់លោក ស ចន្ថា បានលើកឡើងថា កូនក្ដីរបស់លោកបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងប្ដឹងទាស់នឹងការចោទប្រកាន់ពីបទរក្សាទុកអាវុធដោយខុសច្បាប់ដែលគេទម្លាក់កំហុសលើរូបលោក។ លោក កែវស៊ីវិន បានមានប្រសាសន៍ថា “ខ្ញុំគិតថា រឿងនេះត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាល ពីព្រោះប្រសិនបើគេចង់ចាប់ខ្លួនលោក ឈូក បណ្ឌិត មែននោះ គេអាចចាប់ខ្លួនគាត់បាន”។
លោក ស៊ុន ប៊ុនណារិទ្ធ មេធាវីរបស់លោក ឈូក បណ្ឌិត បានមានប្រសាសន៍ថា កូនក្ដីរបស់លោកបានប្ដឹងទាស់ការផ្ដន្ទាទោសនេះ ប៉ុន្តែលោកមិនបានធ្វើអត្ថាធិប្បាយបន្ថែមឡើយ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សអាដហុកបានលើកឡើងថា ការមិនចាប់ខ្លួនលោក ឈូក បណ្ឌិត នេះមានន័យថា គាត់ទំនងជាបានចាកចេញពីប្រទេសកម្ពុជាហើយ។ លោកថ្លែងថា “ខ្ញុំជឿជាក់ថា ការធ្វើបែបនេះ គឺជាការផ្ដល់ឱកាសឲ្យគាត់គេចខ្លួន”។
លោក អំ សំអាត បានថ្លែងថា “[តុលាការ] មិនដែលមានបំណងចង់ចាប់ខ្លួនគាត់ឡើយ។ ខ្ញុំគិតថា អ្នកមានអំណាចនៅតែគ្មានទោសនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើគេមានបំណងចង់ចាប់ខ្លួនគាត់ គេប្រាកដជាអាចចាប់ខ្លួនគាត់បាន”៕
No comments:
Post a Comment
yes