នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស
អន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) លោក ប្រែត អាដាម (Brad Adams)
ក្នុងបន្ទប់ផ្សាយរបស់វិទ្យុអាស៊ីសេរី នាទីក្រុងវ៉ាស៊ីនតោន (Washington DC) សហរដ្ឋអាមេរិក
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch) នៅតែប្រកាន់ជំហររបស់ខ្លួនថា ការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក ជាការបោះឆ្នោតដែលពោរពេញទៅដោយភាពមិនប្រក្រតីធ្ងន់ធ្ងរ ហើយជំរុញឲ្យមានបោះឆ្នោតសាជាថ្មី។
នាយកប្រតិបត្តិរបស់អង្គការ យូមែន រ៉ៃត៍ វច្ឆ៍ ទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ប្រែត អាដាម (Brad Adams) ថ្លែងថា ការបោះឆ្នោតនៅកម្ពុជា ដែលទើបកន្លងទៅថ្មីៗនេះ ជាការបោះឆ្នោតដែលលម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា ហើយត្រូវតែមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ។
លោក ប្រែត អាដាម៖ «ជំហររបស់យើង គឺទាមទារឲ្យមានការស៊ើបអង្កេតការបោះឆ្នោតឡើងវិញ ហើយការទាមទារនេះមិនបានធ្វើឡើងក្នុងន័យគាំទ្រគណបក្សប្រឆាំងទេ ប៉ុន្តែយើងបានរកឃើញថា ភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតនៅកម្ពុជា កន្លងមកនោះ រួមមានការលួចបន្លំសន្លឹកឆ្នោត មានឈ្មោះខ្មោច បដិសេធមិនឲ្យពលរដ្ឋបោះឆ្នោតដោយសម្អាងថា គ្មានក្នុងបញ្ជី ប្រព័ន្ធផ្សព្វផ្សាយមានការលម្អៀងយ៉ាងខ្លាំង ហើយរាល់ស្ថាប័នរដ្ឋ រួមមានយោធា នគរបាល ឬមន្ត្រីរាជការ ដែលជាស្ថាប័នតម្រូវឲ្យឯករាជ្យនោះ បាននាំគ្នាធ្វើយុទ្ធនាការរកសំឡេងឆ្នោតគាំទ្របក្សកាន់អំណាចទៅវិញ។ និយាយសរុបទៅ ដំណើរការបោះឆ្នោតទាំងមូលនៅកម្ពុជា ធ្វើឡើងយ៉ាងលម្អៀង និងមិនត្រឹមត្រូវ ហើយមានតែវិធីម្យ៉ាងទេ ដើម្បីដោះស្រាយបញ្ហានេះបាន គឺទាមទារឲ្យមានការបោះឆ្នោតឡើងវិញប៉ុណ្ណោះ»។
ការប្រកាសជំហររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដ៏មានឥទ្ធិពលមួយនេះ ធ្វើឡើងនៅបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្ន កាលពីថ្ងៃច័ន្ទ ថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដាច់លើគណបក្សសង្គ្រោះជាតិ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ប្រតិកម្មរបស់មជ្ឈដ្ឋានជាតិ និងអន្តជាតិទាំងឡាយទៅលើការបោះឆ្នោត មិនអាចមានអំណាចលើច្បាប់របស់កម្ពុជា នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ប្រែត អាដាម ថ្លែងថា ការប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្នដោយ គ.ជ.ប ធ្វើឡើងក្នុងខណៈប្រទេសស្ថិតនៅក្រោមការឡោមព័ទ្ធដោយរថពាសដែក រថក្រោះ និងកម្លាំងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបំភ័យដល់មហាជនទាំងឡាយណាដែលហ៊ានចេញមុខតវ៉ាបែបនេះ គឺជាទង្វើមិនត្រឹមត្រូវ។
លោក ប្រែត អាដាម ព្រមានប្រមុខរដ្ឋាភិបាលកម្ពុជា ជាមុនថា ប្រសិនបើមានមហាបាតុកម្មណាមួយកើតឡើង ដូចកាលពីឆ្នាំ១៩៩៨ មែននោះ លោក ហ៊ុន សែន ត្រូវតែធានាសុវត្ថិភាពរបស់ជនស្លូតត្រង់ដែលចេញតវ៉ាលទ្ធផលបោះឆ្នោតទាំងនោះ៖ «មនុស្សទាំងឡាយមានសិទ្ធិក្នុងការធ្វើបាតុកម្មអហិង្សា ហើយរដ្ឋាភិបាលមិនត្រូវប្រើជាដាច់ខាតនូវកម្លាំងយោធាសម្រាប់ហេតុផលនយោបាយ។ ដំបូង រដ្ឋាភិបាលកម្ពុជា បានបដិសេធថា ការចល័តកងទ័ពនោះ មិនមែនដើម្បីបង្ក្រាបក្រុមបាតុករទេ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំបានឮអ្នកនាំពាក្យកងរាជអាវុធហត្ថសារភាពថា ពួកគេធ្វើនេះ គឺដើម្បីព្យាយាមទប់ស្កាត់មិនអោយមានបាតុកម្មកើតឡើង»។
កាលពីថ្ងៃសុក្រ ទី៩ កន្លងទៅ ក្រុមសង្គមស៊ីវិលក្នុងស្រុកមួយចំនួន បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីស្វែងរកការចរចាណាមួយដ៏សមរម្យ ក្នុងការពន្លត់កម្ដៅរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោត។ ជាការឆ្លើយតប លោក ស ខេង បានអះអាងថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាដែលគណបក្សទាំងពីរមិនចុះសម្រុងគ្នាប្រកបដោយតម្លាភាព ឲ្យបានឆាប់រហ័សមុន គ.ជ.ប ប្រកាសលទ្ធផលបណ្ដោះអាសន្ននៅថ្ងៃទី១៦ ខែសីហា។
ប៉ុន្តែ នៅថ្ងៃទី១២ ខែសីហា គ.ជ.ប បានប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្នដែល លោក ទេព នីថា បានធ្វើការបកស្រាយថា ការប្រកាសនេះ គឺដោយសារគណបក្សសង្គ្រោះជាតិ ចង់បង្កើតគណៈកម្មការចម្រុះ ដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតដោយគ្មានវត្តមាន គ.ជ.ប។
ទោះបីជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា គណបក្សសង្គ្រោះជាតិ មិនត្រូវការ គ.ជ.ប ចូលរួមដោះស្រាយពីភាពមិនប្រក្រតីនៃការបោះឆ្នោតទេ ដោយសារ គ.ជ.ប ខ្លួនឯងជាអ្នកដែលមានបញ្ហា ខណៈមហាជនមិនជឿទុកចិត្ត។
ក្រុមអ្នកវិភាគនិយាយថា ការប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្នយ៉ាងតក់ក្រហល់របស់ គ.ជ.ប កាន់តែបង្កើនកម្ដៅទៅវិញទេ រវាងបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ នៅអំឡុងគណបក្សទាំងពីរកំពុងរកច្រកចេញតាមការបង្កើតគណៈកម្មការចម្រុះ ដែលមានការចូលរួមរបស់សង្គមស៊ីវិល និងអង្គការសហប្រជាជាតិ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មានប្រសាសន៍ថា ការប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្នរបស់ គ.ជ.ប គឺជាការរាំងស្ទះដល់ការចរចារវាងគណបក្សទាំងពីរ ឬអាចមកពីចង់បង្កើតរដ្ឋាភិបាលលឿនពេក។
លើសពីនេះទៅទៀត អ្នកស្រី ខាតស៊្រីន អាសថុន (Catherine Ashton) អនុប្រធានគណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១៣ ខែសីហា បានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា។ អ្នកស្រី ខាតស៊្រីន ថ្លែងថា បញ្ហានេះត្រូវមានយន្តការគ្រប់គ្រាន់ក្នុងការដោះស្រាយវិបត្តិមួយប្រកបដោយឆន្ទៈ ប្រជាធិបតេយ្យ និងសន្តិវិធី។
ចំណែកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត (William Todd) ថ្លែងថា សហរដ្ឋអាមេរិក មានជំនឿថា ប្រសិនបើគណៈកម្មការមួយត្រូវបានបង្កើតឡើងនោះ រដ្ឋាភិបាលថ្មីនឹងអាចកើតមានឡើងដែរ។ លោកបន្តថា អាមេរិក ពិតជាចង់ឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដោយគណៈកម្មការមួយដែលអាចជឿជាក់បាន ដែលជាការចង់បានរបស់ពលរដ្ឋកម្ពុជា៕
No comments:
Post a Comment
yes