ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឲ្យផ្អាកសកម្មភាពកាប់ឈើបោសសម្អាតផ្ទៃអាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរនៅខេត្តស្ទឹងត្រែង បន្ទាប់ពីបទល្មើសព្រៃឈើអនាធិបតេយ្យកើតច្រើនតំបន់នោះ។
យ៉ាងនេះក្តី ប្រជាពលរដ្ឋសហគមន៍ និងមន្ត្រីមូលដ្ឋានទាមទារឲ្យប្រមុខរាជរដ្ឋាភិបាលអនុវត្តច្បាប់ព្រៃឈើទៅលើក្រុមហ៊ុន និងជនពាក់ព័ន្ធបង្កឲ្យមានបទល្មើសឧក្រិដ្ឋកម្មព្រៃឈើនោះ។
ប្រជាពលរដ្ឋសហគមន៍ការពារព្រៃឈើ និងមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង រិះគន់ថា ចំណាត់ការរបស់រាជរដ្ឋាភិបាលនេះយឺតពេល ពីព្រោះឈើរាប់ម៉ឺនម៉ែត្រគូបនៅក្នុងព្រៃការពារត្រូវគេលួចកាប់ ប៉ុន្តែបានស្វាគមន៍សេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលស្ដីពីការផ្អាកកាប់ឈើក្នុងតំបន់អាងស្តុកទឹក។
ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ បានធ្វើលិខិតជម្រាបជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យផ្អាកការប្រមូលផលអនុផលព្រៃឈើរបស់ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (Ang & Associate Lawyer) នៅក្នុងតំបន់អាងស្តុកទឹកនៃគម្រោងវារីអគ្គិសនីសេសានក្រោម ២ មួយរយៈពេលរហូតដល់ពេលមានការកំណត់ព្រំអាងស្តុកទឹកនៅលើទីតាំងជាក់ស្ដែងរួចជាមុនសិន និងរៀបចំគណៈកម្មការអន្តរក្រសួងរួមជាមួយក្រុមហ៊ុនធ្វើការសិក្សាកែតម្រូវនិយាមកាដែលមិនចំទីតាំងឲ្យបានរួចរាល់ និងត្រូវចុះកំណត់ព្រំប្រទល់ជាក់ស្ដែងជាមុន និងកាប់ប្រមូលផលនិងសម្អាតអាងបន្ត។
មេឃុំស្រែគរ លោក សៀក មេគង្គ មានប្រសាសន៍បញ្ជាក់ថា លោកបានទទួលដំណឹងនេះពីមន្ត្រីអាជ្ញាធរស្រុករួចហើយ ប៉ុន្តែលោកកត់សំគាល់ថា ការសម្រេចផ្អាកនេះមិនគ្រប់គ្រាន់ទេ។ លោកថា ក្រុមហ៊ុនម៉ៅការបោសសម្អាតអាងជាប់ពាក់ព័ន្ធកាប់ និងប្រមូលទិញឈើពីការកាប់អនាធិបតេយ្យក្រៅអាង។ ចំណែកអាជ្ញាធរជំនាញមិនបានយកចិត្តទុកដាក់បង្ក្រាប ហេតុនេះច្បាប់ព្រៃឈើមានចែងពីការពិន័យជាប្រាក់ និងផ្ដន្ទាទោសដាក់ពន្ធនាគារចំពោះជនពាក់ព័ន្ធបទល្មើសព្រៃឈើនោះ។
លោក សៀក មេគង្គ៖ «គួរតែគិតគូរ តែដឹងហើយ យើងមន្ត្រីអ្នកមុខអ្នកការសុទ្ធតែធ្វើការបម្រើជាតិទាំងអស់ យើងគួរតែយកច្បាប់ជាធំ។ មាត្រា ១០០ ១០១ ហ្នឹង អស់លោកគួរតែផ្ដន្ទាទោសដែរ អាហ្នឹងបានមានយុត្តិធម៌»។
ក្រសួងកសិកម្មកាលពីខែមីនា ឆ្នាំ២០១៣ បានអនុញ្ញាតឲ្យក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ របស់លោក គិត ម៉េង ដែលជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រូប (Royal Group) ដែរនោះ ធ្វើការកាប់ប្រមូលផលអនុផលព្រៃឈើក្នុងតំបន់អាងស្តុកទឹកទំហំ ៣.៦ម៉ឺនហិកតារ ក៏ប៉ុន្តែក្រុមហ៊ុននេះបានផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុនម៉ៅការរបស់លោក លឹម ប៊ុណ្ណា ជាអ្នកអនុវត្តជាក់ស្ដែង។
ប្រជាសហគមន៍ភូមិស្រែគរ បានរាយការណ៍ជាបន្តបន្ទាប់ពីសកម្មភាពកាប់ឈើ និងទិញឈើក្រៅបរិវេណអាងស្តុកទឹករបស់ក្រុមម៉ៅការនេះ ដែលជាមូលហេតុនាំឲ្យមានការកាប់ឈើអនាធិបតេយ្យរាប់ពាន់រាប់ម៉ឺនម៉ែត្រគូបពីព្រៃការពារក្រៅបរិវេណគម្រោងបោសសំអាតអាងទឹក។
តំណាងក្រុមហ៊ុនម៉ៅការ គឺលោក សាន ចយ ធ្លាប់បានបដិសេធថា ក្រុមហ៊ុនមិនបានកាប់ឈើក្រៅបរិវេណអាងទេ ក៏ប៉ុន្តែបានទទួលស្គាល់ថា ក្រុមហ៊ុននេះបានទិញឈើកាប់អនាធិបតេយ្យពីព្រៃក្រៅគម្រោងបោសសំអាតមែន។
កាលពីសប្ដាហ៍មុននេះ លោក សាន ចយ ធ្លាប់បានបញ្ជាក់ថា ចាប់តាំងពីខែមេសា ឆ្នាំ២០១៣ រហូតបច្ចុប្បន្ន ឈើដែលក្រុមហ៊ុនបាននាំចេញ និងបានបង់ពន្ធជូនរដ្ឋបានជាង ៤ពាន់ម៉ែត្រគូប។ ចំណែកផែនការកាប់ឈើសំអាតអាងទឹកសម្រេចបានប្រមាណ ៥ភាគរយ៖ «ប្រជាពលរដ្ឋនៅតំបន់ស្រែគរ ស្រែសាមី នេះទំនៀមទំលាប់គាត់ គាត់អត់មានធ្វើស្រែធ្វើចម្ការទេ គាត់ដើរតែកាប់ឈើអ៊ីចឹង។ដល់អ៊ីចឹងក្រុមហ៊ុនជាជាងអនាធិបតេយ្យ ក្រុមហ៊ុនក៏ប្រមូលទិញដើម្បីបានបង់ពន្ធទៅចូលរដ្ឋ»។
ទាក់ទិនករណីនេះដែរ មន្ត្រីសម្របសម្រួលអង្គការទន្លេបី លោក មៀច មាន បានគាំទ្រការអំពាវនាវរបស់សហគមន៍និងមន្ត្រីមូលដ្ឋាន។ លោកបន្តថា ក្រៅពីចាត់វិធានការដាក់ទោសទណ្ឌអ្នកពាក់ព័ន្ធកាប់ឈើនេះ លោកក៏អំពាវនាវឲ្យមន្ត្រីជំនាញពាក់ព័ន្ធសិក្សាឡើងវិញពីទីតាំងត្រូវជម្លៀសប្រជាពលរដ្ឋចេញពីតំបន់អាងស្តុកទឹកឲ្យបានសមស្របតាមគោលនយោបាយផ្ដល់សំណងចំពោះប្រជាពលរដ្ឋអ្នករងផលប៉ះពាល់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីនេះដែរ។
លោក មៀច មាន៖ «ត្រូវចូលរួមនិងកំណត់ឲ្យបានច្បាស់លាស់ព្រំប្រទល់ ឬចំណុចអ្វីដែលពាក់ព័ន្ធក្នុងហ្នឹង ជាពិសេសទីតាំងដែលគ្រោងជម្លៀសប្រជាពលរដ្ឋចេញមិនអាចយកគោលការណ៍ចាស់បានទេ»។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែតុលា មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែ លោក អ៊ី ឯកសាវត្តី សុំអធិប្បាយបញ្ហានេះបានទេ៕
No comments:
Post a Comment
yes