ហេតុការណ៍មនុស្សជាន់គ្នាស្លាប់ចំនួន ៣៥៣នាក់ និងរបួស៣៩ នាក់ នៅលើស្ពានពេជ្រ ឆ្លងចូលទៅកោះពេជ្រ កាលពីអំឡុងបុណ្យអុំទូក នាឆ្នាំ២០១០ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេច។ តាំងពីពេលនោះមក ក៏ល្បីថា មានព្រលឹងខ្មោចស្លាប់នៅស្ពានពេជ្រ ទៅចាប់ជាតិជាហូរហែ សូម្បីតែទារិកាភ្លោះពោះជាប់គ្នា កើតហើយ ស្លាប់ទៅវិញនេះ ក៏ល្បីថា ជាគូស្នេហ៍ស្រីស្រលាញ់ស្រីដូចគ្នា មកចាប់ជាតិដែរ…។
កាលពីថ្ងៃទី០៣ តុលា ២០១៣ មានកម្មការិនីរោងចក្រ កាត់ដេរម្នាក់ ឈ្មោះហុង ថាវី អាយុ២៧ឆ្នាំ ប្រសូតបានកូនស្រីភ្លោះ ជាប់គ្នាដៃ៤ជើង៤ ទងផ្ចិត១ ដោយមានជំនួយវះកាត់ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ ជាអកុសល ទារិកាភ្លោះនេះ កើតបាន តែ៧ថ្ងៃ ក៏លាទៅភពថ្មីវិញ។ កំណើតរបស់កូនភ្លោះចម្លែកនេះ ត្រូវបានអ្នកមានជំនឿអរូបី និយាយតៗគ្នាថា ជាគូស្នេហ៍ស្រីស្រលាញ់ ភេទដូចគ្នា ស្លាប់នៅលើស្ពានពេជ្រ ដោយឱបគ្នាជាប់ លុះមក ចាប់កំណើតក្នុងផ្ទៃម្តាយ ក៏ជាប់ពោះគ្នាយ៉ាងនេះទៅ។
ទាក់ទិនដល់ករណីនេះ នាងហុង ថាវី អាយុ២៧ឆ្នាំ ជាកម្ម- ការិនីរោងចក្រកាត់ដេរទួលពង្រ មាន អាសយដ្ឋានភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបរាប់ ទាំង ទឹកភ្នែកថា នាងមានប្តីឈ្មោះវ៉ាត ផល្លា អាយុស្របាលគ្នា និងជាបុគ្គលិកតូចតាចនៅ ស្ថានីយទូរទស្សន៍ CTN។ នាងធ្លាប់ មានកូនប្រុសទី១ កើតមិនគ្រប់ខែ និងអាយុបានតែ៦ខែ ក៏ខូចទៅ លុះក្រោយមក ក៏មានផ្ទៃពោះ កូនទី២ទៀត។ តាំងពីពពោះមក នាងឧស្សាហ៍យល់សប្តិឃើញទេពធីតា១អង្គ យកប្រអប់តូច មួយមកឱ្យនាង ដែលក្នុងប្រអប់នោះ មានក្រវិល១គូ មកឱ្យ នាងថែរក្សា។ នាងក៏ធ្លាប់យល់សប្តិឃើញសោកនាដកម្មមនុស្ស ជាន់គ្នាស្លាប់នៅកោះពេជ្រ ផងដែរ រហូតដល់មានផ្ទៃពោះកូនទី២ ក៏ចេះតែសង្ស័យថា តិចព្រលឹងអ្នកស្លាប់នៅកោះពេជ្រ មកចាប់ជាតិទៅ?
នាងហុង ថាវី បន្តទៀតថា នៅពេលមានផ្ទៃពោះ ដោយសារប្តីរវល់ការងារ ក៏បានឪពុកនាងជួយ ឌុបម៉ូតូ ទៅពិនិត្យពោះនៅមន្ទីរពេទ្យឯកជនមួយឈ្មោះសុខ សួស្តី អតីតមន្ទីរពេទ្យចន្ទ្រាវុធ។ ពេលគ្រូពេទ្យឆ្លុះអេកូលើកទី១ ក៏ឃើញទារកតែ១ទេ លុះពិនិត្យក្រោយៗមកទៀត ក៏ឃើញ ដល់ទៅ២ ប៉ុន្តែ សុខភាពនាងល្អណាស់ មិនដែលជួបបញ្ហាអ្វី ដែលបណ្តាលមក ពីកូនភ្លោះទាំង២នោះទេ។ លុះដល់ថ្ងៃឈឺពោះសម្រាល នាងក៏ទៅគ្លីនិកនេះទៀត ប៉ុន្តែ គ្រូពេទ្យមិនហ៊ានបង្កើត ក៏បញ្ជូននាងទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការវះកាត់។
លោកអ៊ុន សុភី អាយុ៥៧ឆ្នាំ ជាកសិករ និងជាឪពុកនាងហុង ថាវី បានឱ្យដឹងថា គាត់បានទៅមើលសុខទុក្ខកូនស្រីនៅមន្ទីរពេទ្យ កាល់ម៉ែត ដោយសង្វេគខ្លាំងណាស់ នៅពេលបានឃើញចៅស្រី ភ្លោះ ពោះជាប់គ្នានោះ។ ចៅស្រីគាត់កើតនៅថ្ងៃទី០៣ រហូតដល់ ថ្ងៃទី០៧ តុលា ក៏លាទៅភពថ្មី នៅវេលាម៉ោង១១ និងម៉ោង១២ អធ្រាត្រ គឺចៅទី១ ស្លាប់មុន១ម៉ោង ទើបចៅទី២ ស្លាប់ទៅតាម។
អ្នកស្រីណុប យ៉ាត អាយុ៥៥ឆ្នាំ ជាម្តាយ ក៏បានឱ្យដឹងដែរ ថា ចៅគាត់ដែលកើតហើយស្លាប់ទៅវិញនេះ ប្រហែលជាមកពី តំណពូជតែម្តង ព្រោះកាលរូបគាត់បង្កើតបានកូនទី១ និងកូនទី២ ក៏ស្លាប់យ៉ាងនេះដែរ នៅពេលកូននោះអាយុបានប៉ុន្មានខែ។ លុះកូន ស្រីហុង ថាវី មានលក្ខណៈដូចគាត់ ទើបគាត់យល់ថា មកពីពូជ ចិញ្ចឹម កូនដំបូងមិនកប តែក៏នៅមានកូនក្រោយៗនឹងចិញ្ចឹមកប។
អ្នកស្រីពៅ យ៉ាត អាយុ៦០ឆ្នាំ ជាអ៊ំស្រីរបស់នាងហុង ថាវី បានឱ្យ ដឹងថា គាត់ក៏ជឿថា មកពីពូជដែរ ប៉ុន្តែអ្នកភូមិមួយចំនួនជឿថា មកពីព្រលឹង អ្នកស្លាប់ដោយការជាន់គ្នានៅកោះពេជ្រ មកចាប់កំណើត ទើបទារិកាភ្លោះមាន ពោះជាប់គ្នា និងអាយុខ្លីយ៉ាងនេះ ព្រោះពួកគេមកកើតបង្គ្រប់ជាតិ។
ដោយឡែក លោកវ៉ាត ផល្លា អាយុ២៧ឆ្នាំ ជាប្តី និងជាឪពុកទារិកាភ្លោះជាប់គ្នា បាន និយាយទាំងទឹកមុខស្រងូតស្រងាត់ថា លោកសង្វេគខ្លាំងណាស់ ព្រោះប្រពន្ធឆ្លងទន្លេ២ដងទៅហើយ តែកូននោះស្លាប់ទៅវិញអស់។ លោកក៏ជឿខ្លះៗដែរ ពីរឿងព្រលឹងខ្មោចស្លាប់នៅកោះពេជ្រ មកចាប់ជាតិនោះ តែលោកមិនចេះបកស្រាយទេ ទុកឱ្យអ្នកភូមិដែលមានជំនឿខ្លាំងរៀបរាប់ជំនួសចុះ។
រីឯអ្នកភូមិមួយចំនួន បានឱ្យដឹងស្របគ្នាថា កាលសោកនាដកម្មនៅលើស្ពានកោះពេជ្រ អំឡុងព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០ ដែល បណ្តាលឱ្យមនុស្សស្លាប់ ៣៥៣នាក់ និងរបួស៣៩៣នាក់នោះ ភាគច្រើនជាយុវវ័យដែលនាំគ្នាដើរកម្សាន្ត។ ពួកគាត់យល់ថា ទារិកាភ្លោះពោះជាប់គ្នានោះ គឺជាយុវតី ស្រលាញ់ភេទដូចគ្នាតែម្តង ពោលគឺ នៅពេលប្រជ្រៀតគ្នាដល់នូវភាពអាសន្ននោះ នារីទាំង២ បានឱបគ្នាស្លាប់ក្រោមទម្ងន់ជើងមនុស្ស។ ក្រោយមក ព្រលឹងពួកនាង ក៏វិលវល់ ព្រោះមិនអាចចាប់បដិសន្ធិបាន ដោយសារស្ត្រីជាភរិយាសម័យនេះ សុទ្ធតែប្រើថ្នាំពន្យារកំណើត។ លុះព្រលឹងពួកនាងបានមកឃើញនាងហុង ថាវី ដែលមិន ប្រើថ្នាំពន្យារក៏ចូលចាប់បដិសន្ធិជាមួយគ្នា ដោយឱបគ្នាខ្លាចព្រាត់ ទើបពេលកើតមកក៏មានពោះជាប់គ្នា យ៉ាងនេះ។ ករណីពួកនាងអាយុបានតែ១សប្តាហ៍នេះ គឺកើត បង្គ្រប់ជាតិតែម្តង បន្ទាប់មកនឹងទៅកើតនៅឋានសួគ៍ ព្រោះថា នាងហុង ថាវី ធ្លាប់យល់សប្តិឃើញទេពធីតា យកក្រវិល១គូមកឱ្យនាង៕
No comments:
Post a Comment
yes