តារាសម្តែង លោក សោភ័ណ្ឌ ឡារី
តារាសម្ដែង ដែលត្រូវបានគេស្គាល់តាមរយៈការសម្ដែងបទចម្រៀង របស់ផលិតកម្មហង្សមាស«សង្សារ លេងៗ» លោក សោភ័ណ្ឌ ឡារី នៅថ្ងៃពុធនេះ បានបង្ហាញមុខជាថ្មីក្នុងមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិ។
លោក សោភ័ណ្ឌ ឡារី ប្រាប់VOD នៅថ្ងៃពុធ ទី២៣ ខែតុលានេះថា ការចូលរួមរបស់លោកសារជាថ្មីនេះ គឺចង់ឲ្យមានការផ្លាស់ប្តូរ ដោយសារលោកឃើញថា ភាពអយុត្តិធម៌ បានកើតឡើងជាច្រើនក្នុងសង្គមខ្មែរ។លោក ឡារី បញ្ជាក់ថា៖«…. ខ្ញុំ ឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងសង្គម ដូចជា ច្បាប់តុលាការ ការបំផ្លាញធនធានធម្មជាតិ ដីធ្លី និងបញ្ហាផ្សេងៗទៀត ហើយម្យ៉ាងទៀត ខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរអ្នកដឹកនាំ។
លោក សោភ័ណ្ឌ ឡារី បន្តថា លោក ក៏មានការព្រួយបារម្មបញ្ហាសន្តិសុខសុវត្តិភាព និងអាជីពជាអ្នកសិល្បៈផងដែរ តែលោកបញ្ជាក់ថានេះជា«ឆន្ទៈរបស់ខ្ញុំ»ក្នុងនាមជាកូនខ្មែរមួយរូប។ លោកបន្ថែមថា កាលពីថ្មីនេះៗ លោកបានចូលរួមរៃអង្គាសថវិកា និងមូលនិធិជាមួយកញ្ញា ពេជ្រ សោភា ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ តែនេះមិនមែនជាសកម្មភាពចូលរួមជាមួយ គណបក្សសង្គ្រោះជាតិទេ។
កាលពីបាតុកម្មលើកទីពីររបស់គណបក្សសង្គ្រោះជាតិក្នុងខែកញ្ញា លោក ឡារី និងតារាសម្តែងមួយរូបទៀត គឺកញ្ញា បូនីត ដាដេណា បានចេញជាសាធារណៈ ដែលធ្វើឲ្យអ្នកតាមដានសិល្បៈ ដាក់ការងឿងឆ្ងល់ ហេតុអ្វីបានតារាទាំងពីរដួងនេះ ហ៊ានបង្ហាញមុខក្នុងមហាបាតុកម្មរបស់គណបក្សប្រឆាំងដូច្នេះ។
លោក សោភ័ណ្ឌ ឡារី បានចូលសិល្បៈនៅក្នុងឆ្នាំ២០០៦ ហើយការសម្តែងដំបូងរបស់លោក គឺ ថតវីដេអូអប់រំស្ពីពី«សុវត្តិភាពក្នុងពេលបើកបរដោយពាក់មួយសុវត្ថិភាព»៕
No comments:
Post a Comment
yes