ម្តាយជាច្រើនបីកូនតម្រៀបជួរគ្នាខាងក្រៅមន្ទីរពេទ្យគន្ធបុប្ជា ក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃអង្គារ។ រូបថត ហុង មិនា
ខណៈជនរងគ្រោះ ដោយសារទឹកជំនន់ជាច្រើន បានមកភ្នំពេញដើម្បីទទួលការព្យាបាល គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាបានថ្លែងថា ពួកគេមិនដែលឃើញចំនួនមនុស្សច្រើនណែនខ្លាំងបែបនេះទេ។
ឪពុកម្តាយបីកូន ឬទារករបស់ខ្លួនតម្រង់ជួរនៅខាងក្រៅបរិវេណមន្ទីរពេទ្យ ដោយចំណាយពេលរហូតដល់ ៧ ម៉ោងដើម្បីរង់ចាំពីមុនពេលត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា បានថ្លែងថា៖«យើងមិនដែលឃើញទេ ក្នុងអំឡុងរយៈពេល ២១ ឆ្នាំចុងក្រោយនេះ នូវចំនួនអ្នកជំងឺដេកពេទ្យ និងអ្នកជំងឺមិនដេកពេទ្យដ៏ច្រើនខ្លាំងនៅក្នុងខែតុលានេះ»។ «កាលពីម្សិលមិញ មានកុមារឈឺធ្ងន់ដល់២២២៨ នាក់...ដែលតម្រូវឲ្យមានការព្យាបាល។ មួយថ្ងៃមុននោះ មានកុមារឈឺចំនួន៤២០០ នាក់»។
ម្តាយកុមារជាច្រើននៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផា បានស្តីបន្ទោសថា កូនរបស់ពួកគាត់ ឈឺដោយសារទឹកជំនន់កខ្វក់។
អ្នកស្រី ប្រាក់ ឃុន អាយុ ៣៩ ឆ្នាំ បានថ្លែងថា ផ្ទះរបស់អ្នកស្រី ត្រូវបានទឹកជន់លិចអស់រយៈពេល ២ ខែហើយ ហើយចៅស្រីរបស់អ្នកស្រី បានទទួលរងជំងឺរាករូសធ្ងន់ធ្ងរ និងគ្រុនបន្ទាប់ពីផឹកទឹកជំនន់ដែលដាំពុះ។ បន្ទាប់ពីធ្វើដំណើរមករាជធានីពីខេត្តកំពង់ចាម កាលពីព្រឹកម្សិលម្ង៉ៃអ្នកស្រី ឃុន បានចំណាយរយៈពេល៦ម៉ោងកន្លះជាមួយនឹងចៅស្រីអាយុមួយឆ្នាំ ដែលមានជំងឺគ្រុន រង់ចាំការអនុញ្ញាតឲ្យចូលទៅក្នុងមន្ទីរពេទ្យ។
អ្នកស្រីបន្តថា៖ «ព្រឹកនេះ មានមនុស្សច្រើនណាស់នៅទីនេះ ៥០០នាក់កំពុងរង់ចាំនៅខាងក្រៅ។ យើងមកទីនេះ ដោយសារយើងមិនចំណាយប្រាក់សម្រាប់ការជួបជាមួយពេទ្យ និងថ្លៃថ្នាំ»។
អង្គការក្រៅរដ្ឋាភិបាលដែលបានផ្តល់ជំនួយគ្រោះមហន្តរាយ បានថ្លែងថា នៅក្នុងខេត្តចំនួន២០ដែលរងគ្រោះដោយសារទឹកជំនន់ ការភ័យខ្លាចនៃការកើតមានជំងឺគឺជារឿងសំខាន់ណាស់។
លោក ឡេង វីរៈ អ្នកគ្រប់គ្រងជាន់ខ្ពស់ សម្រាប់ការឆ្លើយតបគ្រោះមហន្តរាយនៅអង្គការទស្សនៈពិភពលោក បានថ្លែងថា៖«បញ្ហាសំខាន់គឺថា កុមារជាច្រើនបានទទួលរងជំងឺផ្តាសាយគ្រុន ឈឺភ្នែក ជាពិសេសជំងឺរាករូស»។ «កុមារទទួលរងប៉ះពាល់ច្រើនជាងមនុស្សពេញវ័យ ពួកគេទំនងជាលេងទឹកច្រើន ប៉ុន្តែទឹកទាំងនោះកខ្វក់ហើយពួកគេទំនងជាផឹកទឹកទាំងនោះមួយចំនួនចូលមាត់នៅពេលពួកគេកំពុងលេងទឹក»។
លោក Beat Richner បានថ្លែងថា៖ «មានប្រភេទជំងឺធ្ងន់ធ្ងរជាច្រើនដូចជា Pneumpathias (Pneumonia, Bronchiolitis)»។ «ជាងនេះទៀត មានរោគរលាកស្រោមខួរជាច្រើន និងរោគរលាកខួរក្បាល។ ជំងឺទាំងនេះ អាចបណ្តាលមកពីភ្លៀង និងទឹកឡើងខ្ពស់ផងដែរ»។
បើទោះបីជាកន្លែងជម្លៀសប្រជាជនរងគ្រោះដោយសារទឹកជំនន់ត្រូវបានរំពឹងថា មានបំពាក់នូវការគាំពារសុខភាពមិនគិតថ្លៃលើជំងឺរាករូស ផ្តាសាយក៏ដោយ ក៏ក្រុមអ្នកផ្តល់ជំនួយសង្គ្រោះបន្ទាន់ឃើញថា ការពិត នៅកន្លែងមួយចំនួនមិនមានការរៀបចំបែបនោះទេ។
លោក វីរៈ បានថ្លែងបន្តថា៖ «ខ្ញុំសូមមិននិយាយទេថា កន្លែងជម្លៀសប្រជាជនទាំងអស់មានការផ្គត់ផ្គង់ថ្នាំពេទ្យ និងគ្រូពេទ្យគ្រប់គ្រាន់»។ «តំបន់ដាច់ស្រយាលជាច្រើនមានគ្រូពេទ្យតិចតួចពេក ហើយមន្ទីរពេទ្យមានតែនៅតំបន់ប្រជុំជនឬទីរួមខេត្ត»។ ទោះបីជា
កម្រិតទឹក បានស្រកចុះក៏ដោយ ក៏មន្រ្តីសុខាភិបាលជំរុញឲ្យមានការបន្តការប្រុងប្រយ័ត្ន រួមទាំងបញ្ហាអនាម័យនិងការមើលថែកូនកុំឲ្យលេងឬផឹកទឹកកខ្វក់។
កម្រិតទឹក បានស្រកចុះក៏ដោយ ក៏មន្រ្តីសុខាភិបាលជំរុញឲ្យមានការបន្តការប្រុងប្រយ័ត្ន រួមទាំងបញ្ហាអនាម័យនិងការមើលថែកូនកុំឲ្យលេងឬផឹកទឹកកខ្វក់។
អ្នកស្រីសេង សុឃីម អាយុ ២០ ឆ្នាំបានថ្លែង ខណៈកំពុងរង់ចាំជាមួយកូនស្រីនៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផាថា៖«ក្មេងជាច្រើន បានឈឺ និងជាច្រើនទៀតលង់ទឹក។ ប៉ុន្តែបើទោះបីជាឪពុកម្តាយប្រុងប្រយ័ត្នក៏ដោយ ក៏ក្មេងៗនៅតែអាចឈឺបាន»៕
No comments:
Post a Comment
yes