រូបថតដោយ ញឹម សុខន
ប្រជាពលរដ្ឋប្រមាណជា៦០នាក់ មកពីសហគមន៍អតីតអ្នកបុរីកីឡា និងមានការចូលរួមពីសហគមន៍បឹងកក់ និង៣៤៧ មួយចំនួន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំនៅខាងមុខសាលារាជធានីភ្នំពេញ ដោយគ្រោងបិទផ្លូវព្រះមុនីវង្ស ដើម្បីទាមទាររកដំណោះស្រាយដីធ្លី ។
ពលរដ្ឋ បានលើកបដា និងស្រែកទាមទារពីមន្ត្រីសាលារាជធានីភ្នំពេញ។ ពួកគាត់ គ្រោងដាក់ញត្តិទៅមន្រ្តីសាលារាជធានី ដើម្បីសុំដំណោះស្រាយ។ កម្លាំងសមត្ថកិច្ចជាង៥០នាក់ កំពុងតែតាមដានការតវ៉ារបស់ពលរដ្ឋទាំងនោះ។ពលរដ្ឋ ព្រមានបិទផ្លូវព្រះមុនីវង្ស ដើម្បីជំរុញឲ្យមានដំណោះស្រាយសម្រាប់ពួកគេ។
កន្លងទៅ ប្រជាសហគមន៍បឹងកក់ និងបុរីកីឡា ដែលមានជម្លោះដីធ្លីដ៏រាំរ៉ៃ តែងតែបរាជ័យជួបអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងការទាមទាររកដំណោះស្រាយ។
អតីតអ្នកបុរីកីឡា អះអាងថា ពួកគេ៤៥គ្រួសារក្នុងចំណោម ១០៧គ្រួសារ មិនទាន់បានទទួលសំណងពីក្រុមហ៊ុនផានអ៊ីម៉ិច ហើយកំពុងរស់នៅកន្លែងចាស់ ដែលពួកគាត់ធ្លាប់រស់នៅមុនពេលក្រុមហ៊ុន បានបណ្ដេញចេញកាលពីដើមឆ្នាំ២០១២។
ចំណែកការអូសបន្លាយទំនាស់ដីធ្លីរបស់ ប្រជាសហគមន៍បឹងកក់ តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដោយសារមានប្រជាពលរដ្ឋ ជាង៦០គ្រួសារទៀត មិនទាន់ទទួលបានសំណង ឬដំណោះស្រាយសមរម្យ ពីក្រុមស៊ូកាគូអ៊ីន ដែលទទួលបានសិទ្ធិអភិវឌ្ឍតំបន់ ហើយពលរដ្ឋនៅតែបន្តតវ៉ា៕
No comments:
Post a Comment
yes