សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 18, 2013

មន្ត្រី​​ជំនាញនិង​​អាកាស​យានិកបារម្ភ​​ពី​​ការ​បាត់​បង់​​ចំនួន​​អ្នក​បើក​យន្តហោះ​នៅ​កម្ពុជា​​

មន្ត្រី​ជំនាញ និង​អ្នក​បើក​យន្ត​ហោះ ដាក់​​ការ​ព្រួយ​បារម្ភ​​ពី​​ការ​បាត់​បង់​​ចំនួន​​អាកាស​យានិក​​នៅ​កម្ពុជា ​ដោយសារ​ឧបទ្ទវហេតុ​​ធ្លាក់​​យន្ត​ហោះ និង​ការ​បង្ហាត់​បង្រៀន​​អប់រំ​​ឲ្យ​មាន​​អ្នក​បើក​​យន្ត​ហោះ​​ជំនាន់​​ថ្មី មិនទាន់​មាន​នៅឡើយ​។​
​ការព្រួយបារម្ភ​នេះ កើតឡើង​បន្ទាប់ពី​អ្នកបើក​យន្តហោះ​(Capitaine)​ជនជាតិ​​ខ្មែរ​ម្នាក់ លោក យុង សំ បាន​ស្លាប់ នៅក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​​នៅ​ក្នុង​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ពុធ​ទី​១៦​ខែតុលា​។​
អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក សយ សុខា​ន់ មានប្រសាសន៍ថា ចំនួន​អ្នក​បើក​យន្តហោះ បាន​បាត់បង់​ទៅៗ ដែល​​ជា​ការ​ព្រួយបារម្ភ​មួយ​។ នៅ​ឆ្នាំ​២០១៣​នេះ  រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ត្រៀម​ជ្រើសរើស​អាកាសយានិក ឲ្យបាន​យ៉ាងតិច​២​នាក់​​​ក្នុង​មួយឆ្នាំ​។ លោក​បញ្ជាក់ថា ប្រសិនបើ​មាន​ជំនួយ​ឥតសំណង ស្ថាប័ន​​មួយ​នេះ នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​ចង់​ក្លាយជា​អាកាសយានិក ដោយ​ជ្រើសរើស​ធន​ធាន​មនុស្ស​ឲ្យបាន​ច្រើន​តាម​ទិដ្ឋភាព​ជាក់ស្តែង ​៖​ "បើជំនួយ​អត់​សំណង់វាអត់មាន មានដែរតែវាតិច​តួច​ អាហ្នឹង​យើងហ្នឹង​រៀបចំផែនការ​​គម្រោង​ប្រចាំ​ឆ្នាំ​ ដើម្បីស្នើសុំគោលការណ៍សម្រេច​ពី​រដ្ឋាភិបាល​​ដែរ។ ឆ្នាំដំបូងនេះយើង​ ប្រហែល​ជាត្រៀម​ពីរទៅ​បី​នាក់ ផ្នែក​អាកាសយានិក យើងប្រហែល​ជាអាចបណ្ដុះបណ្ដាលឆ្នាំទីមួយ ហើយ​ឆ្នាំ​ទីពីរ​យើង​​អាច​ថែម​ពីរឫបីនាក់​ទៀតទៅ។ ប៉ុន្ដែបើយើងស្វែងរក​អាហារូប​ករណ៍​បាន​​ច្រើន​ អាហ្នឹង​យើងនឹងបណ្ដុះបណ្ដាល​ច្រើន។
តែបើសិនបើគោលការណ៍​ យើងស្វែងរក​អាហារូបករណ៍មិនបាន​យើង​បណ្ដុះ​បណ្ដាល​ដោយថវិកា​ជាតិ​ អាហ្នឹង​​យើង​ពិនិត្យ​ទៅលើថវិកា​ជាតិ​។ ប៉ុន្ដែយ៉ាងតិចណាស់​ក៏មួយឆ្នាំបាន២នាក់ផងដែរ​" ។
​អាកាសយានិក​មួយរូប បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​VOD ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អាកាសយានិក​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ នៅសល់​ប្រមាណ​ជាង​​១០​នាក់​ប៉ុណ្ណោះ​។​ អ្នក​ទាំងនោះ​ភាគច្រើន បាន​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី កាល​ពី​ទសវត្សរ៍​ឆ្នាំ​៩០​។ អាកាសយានិក​មួយ​រូប​នេះ បញ្ជាក់ថា ការ​សិក្សា​ផ្នែក​បើក​យន្តហោះ​នេះ ត្រូវ​ចំណាយពេល​យ៉ាង​តិច​៤​ទៅ​១០​ឆ្នាំ និង​ចំណាយ​ថវិកា​​យ៉ាង​តិច​ពី​​១៥-២០​ម៉ឺន​ដុល្លារ ក្នុង​១​នាក់​។ លោក​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល ដាក់​វិធានការ​ជាក់​ក្នុង​ការជ្រើសរើស​កូន​ខ្មែរ​ជំនាន់​ក្រោយ ឲ្យទទួល​បានវ​គ្គ​បណ្តុះបណ្តាល ដើម្បី​ក្លាយជា​អ្នកបើក​យន្តហោះ​នៅពេល​អនាគត​ ៖ "ខ្ញុំសូមសំណូមពរទៅដល់​រាជរដ្ឋាភិបាល ឲ្យមានផែនការច្បាស់លាស់ត្រឹមត្រូវ​។ ផែនការ​លោកប្រា​កដជាមានហើយ ប៉ុន្ដែ​សុំថា ឲ្យមាន​ ផែនការទៅថ្ងៃអនាគត ព្រោះថា Pilot ចាស់ៗ​ហ្នឹង​​គាត់នឹងចូលនិវត្ដន៍នៅរយៈពេល១០ឆ្នាំទៀត។ ដូច្នេះ​យើង​ត្រូវ​ត្រៀម​​លក្ខណៈ​​បណ្ដុះ​​បណ្ដាល ពីឥឡូវទៅៗ យើងនៅមានឱកាស​ Pilot ចាស់ៗហ្នឹងគាត់អាចផ្ទេរចំណេះដឹង​ និង​បច្ចេក​វិទ្យា សម្រាប់ទៅក្មេងជំនាន់ក្រោយ ដើម្បីឲ្យលោក មក take over ការងារ​ហ្នឹង​"។
កន្លងទៅ នៅ​កម្ពុជា ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ បាន​កើតឡើង​ជា​បន្តបន្ទាប់ ដូច​ជា​ការ​ធ្លាក់​យន្តហោះ នៅ​បូកគោ និង​ការធ្លាក់​ឧទ្ធម្ភាគចក្រ​របស់ អតីត​អគ្គស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់ឌី នៅ​ខេត្ត​ស្វាយរៀង កាលពី​ឆ្នាំ​២០០៨ បណ្តាល​ឲ្យ​អ្នកបើក​យន្តហោះ​ខ្មែរ​ចំនួន​ពីររូប បាន​បាត់បង់​ជីវិត​៕

No comments:

Post a Comment

yes