
ពលរដ្ឋនាំគ្នាដុតបំផ្លាញគ្រឿងចក្រឈូសឆាយដី ឬអេស្កាវ៉ាទ័រ
មួយគ្រឿង និងបំពង់ទីបជ័របូមខ្សាច់ជាច្រើនដើម ខាងមុខ
ប៉ាឆានៃវត្តខ្ទរ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣
ប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ មកពីបីភូមិ ដែលតវ៉ាបិទផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប ប្រឆាំងនឹងការលក់ដីវត្តខ្ទរ និងឈាបនដ្ឋាន ឬទីប៉ាឆា បានយល់ព្រមបើកផ្លូវជាតិឲ្យធ្វើចរាចរណ៍ឡើងវិញហើយ នៅវេលាម៉ោងប្រមាណ ១០ព្រឹក បន្ទាប់ពីបានបិទអស់រយៈពេលប្រមាណ ៤ម៉ោង។
ការយល់ព្រមបើកផ្លូវឡើងវិញនេះ ដោយសារពលរដ្ឋចង់បញ្ចៀសកុំឲ្យស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើរទៅមក និងមានការធានាដោះស្រាយមិនឲ្យមានការបាត់បង់ដីវត្ត និងប៉ាឆាបូជាសពនៅខាងមុខវត្តនោះ។
«សំឡេងអ្នកតវ៉ាទាមទារឲ្យព្រះចៅអធិការវត្ត និងចៅសង្កាត់ចេញមកដោះស្រាយ»
ក្រុមអ្នកភូមិតវ៉ាប្រឆាំងនឹងការលក់ដីរបស់វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ និងការលួចវាយបំផ្លាញប៉ាឆាស្ថិតនៅបណ្តោយផ្លូវជាតិ៦អា នៅចំពីមុខវត្ត កាលពីម៉ោង ១២អាធ្រាត្រយប់ថ្ងៃទី២២ ខែវិច្ឆិកា បានឈានទៅដល់ការតវ៉ាបិទផ្លូវជាតិលេខ៦អា អស់ជាច្រើនម៉ោង គឺចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោងជាង១០ ថ្ងៃទី២៣ វិច្ឆិកា។
អ្នកភូមិបានឲ្យដឹងថា ការបិទផ្លូវនេះជាការប្រឆាំងនឹងក្រុមហ៊ុន អេង កាំង ដែលបានឃុបឃិតគ្នាជាមួយអាជ្ញាធរ ចៅអធិការវត្ត គណៈកម្មការអាចារ្យទិញលក់ដីវត្ត និងបំផ្លាញប៉ាឆាដែលជាទីកន្លែងបូជាសពរបស់ប្រជាពលរដ្ឋចំណុះជើងវត្ត មានភូមិខ្ទរ បាក់ខែង និងព្រែកលៀប ជាដើម។
នៅក្នុងការធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុននោះ ក្រុមប្រជាពលរដ្ឋបានដុតត្រាក់ទ័ររបស់ក្រុមហ៊ុនមួយគ្រឿង និងគំនរទុយយោធំៗសម្រាប់បូមខ្សាច់ជាច្រើនរយដើមទៀត។
ការលក់ដីទីប៉ាឆាវត្តខ្ទរ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានកើតជារឿងចោទប្រកាន់គ្នាទៅវិញទៅមករវាងអាជ្ញាធរ គណៈកម្មការអាចារ្យ ចៅអធិការវត្ត និងក្រសួងធម្មការ និងសាសនា។
ប៉ុន្តែ ជាដំបូងប្រជាពលរដ្ឋបានដាក់បន្ទុកទៅលើព្រះចៅអធិការវត្ត និងចៅសង្កាត់ លោក ព្រាប មុនី ដោយក្រុមអ្នកតវ៉ាទាមទារឲ្យអ្នកទាំងពីរចេញមុខមកដោះស្រាយ និងទទួលខុសត្រូវចំពោះរឿងនេះ។
វិទ្យុអាស៊ីសេរី ពុំទាន់អាចទាក់ទងចៅសង្កាត់ព្រែកលៀប លោក ព្រាប មុនី ដើម្បីបញ្ជាក់ពីបញ្ហានេះបានទេ នៅថ្ងៃទី២៣ វិច្ឆិកា ប៉ុន្តែ ព្រះចៅអធិការវត្ត ព្រះតេជព្រះគុណ ទិន សារ៉ុម មានថេរដីកាពន្យល់ជុំវិញបញ្ហាលក់ដីវត្តនោះថា ព្រះអង្គ និងអាជ្ញាធរសង្កាត់មិនបានយល់ព្រមលក់ដូរដីវត្តនោះទេ រឿងរ៉ាវទាំងអស់ គឺពាក់ព័ន្ធនឹងក្រសួងធម្មការ និងសាសនា ជាមួយក្រុមហ៊ុន អេង កាំង ផ្ទាល់។
ព្រះតេជព្រះគុណ មានថេរដីកាបន្តថា កាលពីឆ្នាំ២០១១ ក្រុមមន្ត្រីក្រសួងធម្មការ បានមកបញ្ចុះបញ្ចូលព្រះតេជព្រះគុណ និងអាចារ្យឲ្យយល់ព្រមប្ដូរទីប៉ាឆានោះជារបៀបដោះដូរ ដោយសារតំបន់នោះស្ថិតក្នុងប្លង់មេនៃគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល។ រឿងនេះ ព្រះអង្គក៏មិនហ៊ានប្រកែក តែក៏ពុំទាន់មានការយល់ព្រមទទួលយករូបមន្តដោះដូរអ្វីមួយដែរ គឺអ្វីៗរហូតដល់ពេលនេះ ជាការចាត់ចែងរបស់ក្រុមហ៊ុន និងក្រសួងធម្មការ។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំសេចក្តីពន្យល់ពីរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន បានទេ នៅថ្ងៃទី២៣ វិច្ឆិកា ដោយលោកមានប្រសាសន៍ថាជាប់រវល់ប្រជុំ។
អភិបាលខណ្ឌឫស្សីកែវ លោក ឃ្លាំង ហួត ដែលបានចុះដោះស្រាយវិវាទបិទផ្លូវនេះ ក៏អះអាងថា លោកមិនបានដឹងអំពីការលក់ដូរដីវត្តនេះដែរ ប៉ុន្តែលោកសន្យាជាមួយប្រជាពលរដ្ឋថានឹងស៊ើបអង្កេតរកការពិត និងធានាមិនឲ្យមានការរំលោភយកដីវត្ត និងទីប៉ាឆានោះឡើយ។
លោកសន្យាទៀតថា នឹងនាំដំណឹងស្ដីពីលទ្ធផលនៃដំណោះស្រាយមកជម្រាបអ្នកភូមិនៅថ្ងៃទី២៥ វិច្ឆិកា ខាងមុខ ហើយប្រជាពលរដ្ឋក៏យល់ព្រមរង់ចាំនូវដំណោះស្រាយនោះ និងបានព្រមានថា បើពុំមានលទ្ធផលជាវិជ្ជមានទេ ពួកគាត់នឹងធ្វើបាតុកម្មប្រឆាំងដោយបិទផ្លូវជាតិជាថ្មីទៀត៕
No comments:
Post a Comment
yes