កម្មករតវ៉ាបិទផ្លូវកន្លងមក។ រូបថត ម៉ៃ វីរៈ
កម្មករជាង ១ ០០០ នាក់របស់រោងចក្រ ជីងខូ ខេមបូឌា បាននាំគ្នាតវ៉ាដោយធ្វើការបិទផ្លូវជាតិលេខ១ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះដើម្បីទាមទារឲ្យមានការដោះស្រាយនូវលក្ខខណ្ឌមួយចំណុចតែប៉ុណ្ណោះ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ខណៈពេលដែលលោកកំពុងធ្វើដំណើរទៅដោះស្រាយជូនកម្មករថា កម្មករបានធ្វើការតវ៉ាជាង១០ថ្ងៃមកហើយ ដោយគ្មានអ្នកណាយកចិត្តទុកដាក់ចំពោះពួកគេ ទើបពួកគេសម្រេចឈានដល់ការបិទផ្លូវនេះ។
លោកបានថ្លែងថា៖ «អ្វីដែលពួកគេទាមទារមិនមានអីធ្ងន់ធ្ងរដែលមិនមែនមិនអាចដោះស្រាយបាននោះទេ តែមិនមានមន្រ្តីណាអើពើចំពោះពួកគេ»។
លោកបាននិយាយថា កម្មករទាមទារចំនួន ៣ ចំណុច តែត្រូវបានដោះស្រាយពីរចំណុចរួចហើយ នៅតែមួយចំណុចពាក់ព័ន្ធនឹងការទាមទារមិនឲ្យមានការកាត់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ទៀងទាត់ក្នុងថ្ងៃដែលពួកគេធ្វើការតវ៉ា។
លោក ទួន សារ៉ែន មន្រ្តីដោះស្រាយវិវាទការងារនៃសម្ព័ន្ធសហជីពចលនាកម្មករប្រចាំខេត្ត ស្វាយរៀង បាននិយាយថា កម្មករបានបិទផ្លូវជាតិលេខ១ នេះតាំងពីម៉ោងជិត ៨ ព្រឹក រហូតមកដល់ម៉ោង ១០ ទើបពួកគេយល់ព្រមបើកផ្លូវដោយមានការអន្តរាគមន៌ពីលោកអភិបាលខេត្ត។
លោកបានថ្លែងថា៖ «កម្មករបានព្រមបើកផ្លូវវិញហើយ ដោយលោកអភិបាលខេត្តសន្យាថានឹងដោះស្រាយជូនពួកគេ»។
លោកបាននិយាយថា ការបិទផ្លូវនេះធ្វើឲ្យចរាចរណ៌មានការកកស្ទះប្រមាណជា ៦ គីឡូម៉ែត្រ។
No comments:
Post a Comment
yes