ទីស្នាក់ការសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម នៅក្នុងវត្តសាមគ្គីរង្សី
លរដ្ឋខ្មែរកម្ពុជាក្រោម បាននាំគ្នាប្រារព្ធពិធីរំលឹកខួបលើកទី៣៧ឆ្នាំ នៃការតស៊ូទាមទារសិទ្ធិសេរីភាពពីការគាបសង្កត់របស់វៀតណាម។ ការជួបជុំប្រារព្ធពិធីនេះ គឺបានធ្វើឡើងនៅវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងបង្ហាញឲ្យប្រជាពលរដ្ឋខ្មែរបានដឹងពីព្រឹត្តិការណ៍តស៊ូរបស់ខ្មែរកម្ពុជាក្រោម ដែលកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧៦។
ព្រះសង្ឃ បណ្ដាញអង្គការ សមាគមចំនួន១២ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ប្រមាណ ១០០នាក់ បានជួបជុំគ្នាប្រារព្ធខួបទី៣៧ឆ្នាំនៃការតស៊ូទាមទារសិទ្ធិសេរីភាពពីប្រទេសវៀតណាម ដោយបញ្ជាក់ជំហរថា ខ្មែរកម្ពុជាក្រោមនៅតែត្រូវការសិទ្ធិសេរីភាពពេញលេញ ជំនឿ និងការរៀនសូត្រអក្សរសាស្ត្រ វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន មានប្រសាសន៍ថា ទិវានេះ គឺជាការបង្ហាញឲ្យអង្គការជាតិ អន្តរជាតិ កូនខ្មែរកម្ពុជាក្រោមជំនាន់ក្រោយ និងប្រជាពលរដ្ឋខ្មែរទាំងអស់ បានដឹងពីសេចក្ដីត្រូវការរបស់ខ្មែរកម្ពុជាក្រោមចង់បាន ដែលអាជ្ញាធរវៀតណាម បានបំបិទសិទ្ធិសេរីភាព។
អនុប្រធានសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងជាចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា មានថេរដីកាថា ក្រៅអំពីការរំលឹកខួបនោះ ពិធីនេះក៏នឹងរំលឹកដល់សមណៈវីរបុរសខ្មែរក្រោម ដែលក្រោកឡើងតស៊ូទាមទារសិទ្ធិសេរីភាពពីអាជ្ញាធរវៀតណាម ដែលរំលោភសិទ្ធិខ្មែរកម្ពុជាក្រោម នៅឆ្នាំ១៩៧៦។ ព្រះតេជព្រះគុណមានថេរដីកាទៀតថា នៅក្នុងការតស៊ូសម័យនោះ មានខ្មែរកម្ពុជាក្រោមជាច្រើននាក់បានស្លាប់។
ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ១៩៧៦ ចលនាតស៊ូដើម្បីសេរីភាព ដែលបង្កើតឡើងដោយឥស្សរជនខ្មែរកម្ពុជា បានក្រោកឡើងតស៊ូជាមួយរដ្ឋអំណាចវៀតណាម ទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពកិច្ចសន្យាដែលខ្លួនបានអំពាវនាវឲ្យខ្មែរកម្ពុជាក្រោម ចូលរួមប្រឆាំងជាមួយទាហានអាមេរិកាំង និងរំដោះឲ្យរួចផុតពីសង្គ្រាមជាមួយអាមេរិកាំង ហើយថានឹងផ្ដល់នូវសិទ្ធិសេរីភាពក្នុងការអនុវត្តទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងព្រះពុទ្ធសាសនា ជូនខ្មែរកម្ពុជាក្រោមនោះ។ គ្រានោះហើយ ដែលធ្វើឲ្យមានការប៉ះទង្គិចជាមួយប្រដាប់អាវុធវៀតណាម បណ្ដាលឲ្យស្លាប់ និងចាប់ខ្លួន និងចាប់ដាក់គុកអស់មួយជីវិតជិត ២០០នាក់៕
No comments:
Post a Comment
yes