មន្ត្រីជាន់ខ្ពស់ម្នាក់នៃសាលារាជធានីភ្នំពេញ បានបង្ហើបឲ្យ CEN បានដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកានេះថា កាលពីពេលថ្មីៗនេះ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់សាលារាជធានីភ្នំពេញ បានពិភាក្សាគ្នា លើគម្រោងការនៃការបំបែកខណ្ឌថ្មី ឬ ការបង្កើតខណ្ឌថ្មីចំនួន៥ បន្ថែមទៀត នៅរាជធានីភ្នំពេញ លើខណ្ឌដែលមានស្រាប់ចំនួន៩ (មាន៩៦សង្កាត់ និងមានប្រជាពលរដ្ឋ រស់នៅប្រមាណជា ២លាននាក់នោះ) ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញម្នាក់ បានឱ្យដឹងថា ក្រោយពីសាលារាជធានីភ្នំពេញ បានអនុវត្តតាមការចាត់ចែង និងឯកភាពពីក្រសួងមហាផ្ទៃ និងការណែនាំពីរាជរដ្ឋាភិបាលមក អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានប្រជុំគ្នា ដើម្បីសិក្សាលម្អិតពីលក្ខណៈភូមិសាស្ត្ររបស់ខណ្ឌនីមួយៗ និងប្រជាជនក្នុងខណ្ឌ ក៏ដូចជា សង្កាត់ដែលត្រូវបែងចែក ទៅឱ្យខណ្ឌថ្មីចំនួន៥ ដែលគ្រោងនឹងបង្កើតថ្មីបន្ថែមនោះរួចហើយ។
ប្រភពដដែល បានឲ្យដឹងថា ខណ្ឌដែលត្រូវបំបែកនោះ មាន៦គឺ៖ ខណ្ឌមានជ័យ ខណ្ឌចំកាមន ខណ្ឌទួលគោក ខណ្ឌប្ញស្សីកែវ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ ខណ្ឌដែលមិនបំបែក មាន៣គឺ ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌដង្កោ។
ខណ្ឌដែលបំបែក បង្កើតជាខណ្ឌថ្មី គឺខណ្ឌទួលគោក បំបែកជាពីរ គឺខណ្ឌទួលគោកទី១ និងទួលគោកទី២ ឬខណ្ឌបឹងសាឡាង។ ខណ្ឌចំកាមន បំបែកជាខណ្ឌចំកាមនទី១ និងចំកាមនទី២ ឬខណ្ឌទន្លេបាសាក់។ ខណ្ឌមានជ័យ បំបែកជាខណ្ឌមានជ័យទី១ និងខណ្ឌមានជ័យទី២ ឬខណ្ឌច្បារអំពៅ។ ខណ្ឌប្ញស្សីកែវ បំបែកជាខណ្ឌប្ញស្សីកែវទី១ និងខណ្ឌប្ញស្សីកែវទី២ ឬខណ្ឌជ្រោយចង្វារ។
ប្រភពដដែល បានបន្តថា ចំណែកខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ បំបែកចូលគ្នា ដោយយកសង្កាត់មួយចំនួន ក្នុងខណ្ឌទាំងពីរ បង្កើតជាខណ្ឌថ្មី១ ហៅ ខណ្ឌសែនសុខទី២ ឬខណ្ឌពោធិ៍ចិនតុង ឬក៏ ខណ្ឌចោមចៅ តែត្រូវគិតពីចំណុចបឹង ឬ ប្រឡាយ ត្រូវនៅក្នុងខណ្ឌណា ឲ្យបានច្បាស់សិន។
ការបំបែកខណ្ឌថ្មីនេះ សាលារាជធានីភ្នំពេញ នឹងត្រូវធ្វើឱ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ៕
No comments:
Post a Comment
yes