
មហាសោតនាតកម្មនៅលើស្ពានកោះពេជ្រ

ស្តូបរំលឹកវិញ្ញាណក្ខន្ធនៅកោះពេជ្រ (រូបថត ញឹម សុខន)
បីឆ្នាំបានកន្លងផុតទៅ នៃមហាសោកនាដកម្មស្លាប់មនុស្សនៅលើស្ពានកោះពេជ្រ ដែលមិនធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជា រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ហាក់ថមថយការចាប់អារម្មណ៍ពីសាធារណជន បើទោះជាសោកនាដកម្មនោះបានធ្វើឱ្យមានការសោកស្ដាយ និងរន្ធត់ញាប់ញ័រក្រៃលែង លាយឡំដោយសេចក្ដីក្ដុកក្ដួលក៏ដោយ។
ព្រឹត្ដិការណ៍សប្បាយក្លាយជាមហាទុក្ខដ៏ធំធេង នាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០នោះ ព្រោះតែកើតមានឧបទ្ទវហេតុនៅបរិវេណស្ពានពេជ្រនៃតំបន់កោះពេជ្រ នាវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ដែលយ៉ាងហោចណាស់ មានមនុស្សប្រុសស្រី ក្មេងចាស់ប្រមាណ ៣៥៣នាក់ស្លាប់ និងជិត៤០០នាក់ទៀត បានរងរបួស និងពិការរហូតដល់សព្វថ្ងៃ។
ប៉ុន្តែពលរដ្ឋមួយចំនួន ដែលនៅតែបន្តធ្វើដំណើរឆ្លងកាត់ស្ពានថ្មី ដែលទើបសង់ជំនួសស្ពានពេជ្រចាស់ដើម្បីទៅលំហែកាយ នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃបុណ្យអំទូកនៅឆ្នាំ២០១៣ ហាក់បានភ្លេចបាត់ទៅហើយនៃព្រឹត្តិការណ៍នោះ ខណៈរដ្ឋាភិបាលប្រកាសផ្អាក ប្រារព្ធធ្វើពិធីបុណ្យជាតិដ៏ធំនេះ ជាលើកទី៣ ឆ្នាំ២០១៣នេះ ។
លោក កែវ សារ៉េត អាយុ២៥ឆ្នាំ ជាអ្នករត់ម៉ូតូកង់៣ ដែលយកទីតាំងនោះ ជាកន្លែងសំចតបណ្តោះអាសន្នរងចាំដឹកភ្ញៀវ អះអាងថា គាត់មានប្អូនស្រីម្នាក់ឈ្មោះម៉ារីបានស្លាប់ក្នុងហេតុការណ៍នោះដែរ។ ប៉ុន្តែលោកថា នៅឆ្នាំនេះ គ្រួសារជនរងគ្រោះបានមកកាន់ស្តូបរំលឹកវិញ្ញាណក្ខន្ធនេះ មានចំនួនតិចតួច បើប្រៀបធៀបនឹងឆ្នាំមុនៗ ៖ "កាលពីថ្មីៗ ថ្មីៗច្រើន ពេលដែលមកចូលអុជធូបនេះ ច្រើនប្រហែលជារយៗនាក់ មនុស្សច្រើនណាស់ ដល់ក្រោយមក កន្លងពីមួយឆ្នាំទៅ មួយឆ្នាំក្រោយទៀត អន់ថយទៅៗ មកដល់បច្ចុប្បន្ននេះតិចទៅមែនទែន មិនសូវមាននរណារំលឹកពីអ្វីដែលកើតឡើងពីមុនមកទេ មូលហេតុតាមខ្ញុំមើលទៅ ប្រហែលជាការសប្បាយជឿនលឿនពេកទៅ ភ្លេចទុក្ខវេទនាពីមុនៗមក ដូចភ្លេចអស់ចោលហ្មង"។
មជ្ឈមណ្ឌលកោះពេជ្រ ដែលមានទីធ្លាធំទូលាយជាប់មាត់ទន្លេ ស្ថិតក្នុងខណ្ឌចំកាមន រាជធានីភ្នំពេញ ពេលយប់មានភ្លើងចម្រុះព៌ណ មានអាគារច្រើនស្អេកស្កេះ អាចថាជាប្រភពទាក់ទាញមនុស្សមួយចំនួន ដែលចូលចិត្តស្វែងរកកន្លែងកំសាន្ត ពិសេសស្រទាប់យុវវ័យ។

ប៉ុន្តែស្ពានពេជ្រដែលឆ្លងចូលទៅកាន់តំបន់នេះ បានសម្លាប់មនុស្សយុវវ័យប្រុសស្រីយ៉ាងតិច ៣៥៣នាក់ស្លាប់ និងជាង៤០០នាក់ទៀត រងរបួស នៅគ្រាពួកគេសម្រុកប្រជ្រៀតគ្នា ចង់ទៅទស្សនាមជ្ឈមណ្ឌលកោះពេជ្រនេះ។
ព្រឹត្តិការណ៍ដ៏រន្ធត់នេះ ត្រូវបានប្រជាពលរដ្ឋខែ្មរស្ទើរគ្រប់វ័យនៅទូទាំងប្រទេស បានចងចាំ ពិសេសប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន បានសម្រក់ទឹកភ្នែក ក្រោយកើតហេតុការណ៍ ដោយចាត់ទុកព្រឹត្តិការណ៍នោះថា ជាសោកនាដកម្ម ជាប្រវត្តិសាស្ត្រដែលកម្ពុជាមិនធ្លាប់ជួបប្រទះ ។
មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល បានបញ្ជាឲ្យសាលារាជធានី សង់ស្តូបមួយនៅជិតស្ពានពិឃាតមនុស្សនោះ ដើម្បីរំលឹកដល់ព្រលឹងអ្នកដែលបានស្លាប់ក្នុងហេតុការណ៍នោះ និងទុកជាទីសការៈសម្រាប់ក្រុមគ្រួសារជនរងគ្រោះ គោរពបូជា គ្រប់ពេល ដែលពួកគេចង់ធ្វើ។ ប៉ុន្តែរដ្ឋាភិបាលមិនបានដាក់ទោស ឬដាក់ឲ្យមន្ត្រីណាម្នាក់ទទួលខុសត្រូវ លើការស្លាប់មនុស្សជាប្រវត្តិសាស្ត្រនេះទេ។
បញ្ហានេះក៏ជាផ្នែកមួយដែលបង្ហាញថា ព្រឹត្តិការណ៍នោះ ហាក់ត្រូវបានបំភ្លិចចោល។ នៅពេលអ្នកយកព័ត៌មាន VOD ចុះទៅចាំជួបសម្ភាសន៍នៅស្តូបរំលឹកវិញ្ញាណក្ខន្ធនោះ ស្ត្រីម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះ ដែលមកអុកធូប យល់ថា ការដែលមនុស្សភាគច្រើន ធ្វើដំណើរឆ្លងកាត់ម្តុំនេះ មិនសូវចាប់ អារម្មណ៍នឹងព្រឹត្តិការណ៍ សោកនាដកម្មកទៀតនោះ ក៏ដោយសារតែភស្តុតាងមួយចំនួនរបស់ជនរងគ្រោះ ដូចជា ខោអាវ ស្បែកជើង និងវត្ថុតាងផ្សេងៗទៀត ពិសេសស្ពានពេជ្រនោះ ត្រូវបានគេវាយកម្ទេចចោល ៖ "គេវ៉ៃចោលចេញ កុំឲ្យឃើញរន្ធត់ពេកមិនដឹង គេបំបិទមិនឲ្យឃើញ ដូចខ្ញុំអីអញ្ចឹងមកឃើញស្លាកស្នាមអញ្ចឹង ចេះតែរន្ធត់អាណិត"។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម លោក ប៊ូ សំណាង យល់ថា កត្តាដែលនៅតែមានអ្នកសម្រុកទៅកាន់មណ្ឌលកំសាន្តកោះពេជ្រមួយនេះ ដោយចង់ភ្លេចព្រឹត្តិការណ៍នៃការស្លាប់មនុស្សនោះ ដោយសារសួនច្បារសាធារណៈមួយចំនួន ត្រូវបានរិបយកជាកម្មសិទ្ធិរបស់អ្នកមានអំណាចធ្វើឲ្យបាត់បង់កន្លែងកំសាន្ត។ លោកថា ការបំផ្លាញស្ពាន សម្លាប់មនុស្សនេះចោល ក៏ជាការបំបាត់ភស្តុតាង មិនចង់ឲ្យមានការចងចាំព្រឹត្តិការណ៍នោះ បើទោះជាមានការសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធ ដ៏តូច ដែលមិនសូវមានភាពទាក់ទាញក៏ដោយ ៖ "សូម្បីតែបងប្អូនយើងនៅក្រៅក្រុងទៀត ក៏មិនដឹងថាកន្លែងគោរពវិញ្ញាណក្ខន្ធនៅកន្លែងណាផង ដោយសារមូលហេតុអី ដោយសារតែគាត់ធ្វើហ្នឹង គាត់គម្រោងហ្នឹងដូចថាធ្វើផ្អាប់ទុកចោល ធ្វើទុកចោលអញ្ចឹង សូម្បីអំពូលភ្លើង ទីសក្ការៈដែលត្រូវគោរព សាច់សារលោហិតដែលគេត្រូវមក យើងឃើញហើយកន្លែងហ្នឹងក្តៅហែង ដើមឈើមួយដើមក៏មិនដាំសម្រាប់ឲ្យបងប្អូនដែលគាត់អញ្ជើញមកគោរពសក្ការៈហ្នឹងជ្រកផង បើថាថ្ងៃវិញខ្ញុំទៅ ខ្ញុំដើរសឹងតែរលាកជើង"។
ទោះជាយ៉ាងណា នៅថ្ងៃទី២២ខែវិច្ឆិកា ចុងសប្តាហ៍នេះ សាលារាជធានី នឹងធ្វើពិធីបង្សុកូល តាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសល និងរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលស្លាប់ក្នុងព្រឹត្តិការណ៍ នៅស្ពានពិឃាតមនុស្ស ដែលបានវាយចោលរួចហើយនោះ។

សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ វណ្ណារ៉ា យល់ថា សោកនាដកម្មសម្រាប់មនុស្សនៅលើស្ពានពេជ្រ ជាឧបទ្រព្យចង្រៃ ដែលកើតចេញពីការឆកល្វែងរបស់ស្ថាប័នពាក់ព័ន្ធដែលទទួលខុសត្រូវ រៀបចំពិធីបុណ្យជាតិ។ ប៉ុន្តែលោកពន្យល់ថា មូលហេតុដែលពលរដ្ឋខ្មែរ មិនសូវចាប់អារម្មណ៍ខ្លាំង ពីព្រឹត្តិការណ៍នេះតទៅទៀត ដោយសារពិធីបុណ្យអុំទូកត្រូវបានផ្អាកធ្វើឡើងច្រើនឆ្នាំជាប់ៗគ្នា។ ម្យ៉ាងវិញទៀត ពលរដ្ឋខ្មែរមានទម្លាប់មួយ ពេលក្រុមគ្រួសារស្លាប់ គេនាំគ្នាយុំសោកបោកខ្លួន លុះដល់បានធ្វើបុណ្យឧទ្ទិសកុសលសព្វគ្រប់ ដល់ព្រលឹងអ្នកចែកឋានរួចហើយ ពលរដ្ឋខ្មែរបែរជាមិនសូវនឹកនារឿងអតីតកាលទេ ៖ "ចំណុចទី៣ គឺការរំលឹក ដោយសារតែរឿងនេះ វាមិនមែនជារឿងដែលទាក់ទងជាមួយនឹងការធ្វើពហិកម្មដើម្បីជាតិ ឬក៏អីនោះ វាគ្រាន់តែជារឿងឧបទ្ទវហេតុកើតឡើងអញ្ចឹងទៅ ការរំលឹកវាអត់មានទេ អញ្ចឹងមិនសូវជាមានអាធឹកអាធម មានដែររាជរដ្ឋាភិបាល ឬក៏អាជ្ញាធរក្រុង លោកធ្វើពិធីបង្សុកូលអីអញ្ចឹងដែរ យើងឃើញមានអញ្ចឹងមែន ក៏ប៉ុន្តែមិនបានធ្វើឲ្យមានការនឹកដល់មនុស្សច្រើនដទៃទៀតមកចូលរួមទេ"។
ប្រធានមជ្ឈមណ្ឌប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង យល់ថា ការដែលពលរដ្ឋហាក់បំភ្លេចព្រឹត្តិការណ៍សោកនាដកម្មលើស្ពានពេជ្រនេះ ដោយសារពលរដ្ឋខ្លះ មិនចង់រំលឹកការឈឺចាប់បន្ថែមទៀត នៅពេលមានមនុស្សស្លាប់និងរងរបួស សរុបប្រមាណ១០០០នាក់ បែរជាគ្មានមន្ត្រីណាម្នាក់ទទួលខុសត្រូវ។ ម្យ៉ាងទៀត លោកថា ដោយសារ រដ្ឋាភិបាល និងសង្គមស៊ីវិល ហាក់មិនបានបង្កើតយន្តការអ្វីអប់រំដល់ពលរដ្ឋ ដើម្បីបង្កាបញ្ហានេះ កុំឲ្យកើតមានជាលើកទីពីរ។
ទោះជាយ៉ាងណា នៅលើជញ្ជាំងស្តូបជានិមិត្តរូបអ្នកស្លាប់ រដ្ឋាភិបាលបានសរសេរថា ដើម្បីចងចាំចំពោះអ្នករងគ្រោះលើស្ពានពេជ្រថ្ងៃ២២ខែវិច្ឆិកាឆ្នាំ២០១០៕
No comments:
Post a Comment
yes